ភ្នំពេញៈ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។
លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលនេះកាលពីម្សិលមិញថា ការកសាងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតីនេះឡើង មិនមែនជាកត្តាចៃដន្យនោះទេ។ ប៉ុន្តែជាពេលវេលាសមស្របបំផុតមួយជាមួយនឹងការរីកចម្រើននូវសេដ្ឋកិច្ច និងសង្គម។
លោកបានថ្លែងថា៖ «មជ្ឈមណ្ឌលនេះបង្កើតឡើងសម្រាប់ទទួលជនមានវិបល្លាសស្មារតីទូទាំងប្រទេស។ មណ្ឌលនេះមានមន្ទីរពេទ្យសម្រាប់ឲ្យមានមណ្ឌលកុមារកំព្រា, មណ្ឌលក្មេងជាអនីតិជនមានទោស និង មជ្ឈមណ្ឌលជនមានវិបល្លាសស្មារតីនៅទីនេះប្រើប្រាស់ព្យាបាល។ ប៉ុន្ដែមន្ទីរពេទ្យនៅក្នុងមណ្ឌលនេះក៏អាចបើកឲ្យពលរដ្ឋមកពិគ្រោះជំងឺផងដែរ»។
លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងពិធីសម្ពោធនេះដែរថាមជ្ឈមណ្ឌលនេះធ្វើឡើងលើផ្ទៃដីទំហំប្រមាណ ៣ ហិកតាចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧ ក្នុងគោលដៅបង្វែរជនមានវិបល្លាសស្មារតីដែលស្នាក់នៅលាយឡំគ្នាជាមួយជនរងគ្រោះដទៃទៀតក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ និងបណ្ដាខេត្ដឱ្យមកទទួលសេវាព្យាបាល ថែទាំ និងស្តារនីតិសម្បទាស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោកថ្លែងថា ការកសាងមណ្ឌលនេះមាន ២ ដំណាក់កាលប្រើប្រាស់ថវិការដ្ឋចំនួនប្រមាណ ៧ ពាន់លានរៀល។ ក្នុងនោះមានការជួសជុលអគារចាស់ចំនួន ២ ដោយបែងចែកចេញជាអគារផ្នែកស្ដ្រី និងសម្រាប់បុរស និងសាងសង់អគារថ្មីចំនួន ២ ខ្នងមានចំនួន ២៣ បន្ទប់សម្រាប់ជនរងគ្រោះប្រភេទធ្ងន់ធ្ងរ ប្រភេទមធ្យម និងប្រភេទស្រាលរួមនឹងបន្ទប់ស្តារនីតិសម្បទា និងបន្ទប់សម្រាប់បុគ្គលិកផងដែរ។
លោកបញ្ជាក់ថា៖ «ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រងឱ្យបានល្អស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងដែលមានមន្ត្រីបម្រើការងារសរុបចំនួន ៦៨ នាក់ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានចំនួន ៣១ រូប ក្រសួងសុខាភិបាល ២៨ រូប និងក្រសួង មហាផ្ទៃមានចំនួន ៩ រូប»។
លោកបន្ថែមថា៖ «មន្ត្រីទាំងអស់នេះត្រូវបានបែងចែកពេលវេលាក្នុងការបំពេញការងារជា ៤ វេន ដើម្បីធានាដល់ការផ្តល់សេវាវេជ្ជសាស្ត្រសុខាភិបាល ការថែទាំ ស្តារនីតិសម្បទា ការការពារសន្តិសុខ និងកិច្ចអន្តរាគមន៍ផ្សេងៗទៀតជាប្រចាំពោលគឺ ២៤ ម៉ោងលើ ២៤ ម៉ោង»។
លោក វង សូត ឲ្យដឹងថាផ្អែកតាមតម្រូវការចាំបាច់ មជ្ឈមណ្ឌលបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅដោយធ្វើការបង្វែរជនរងគ្រោះមានវិបល្លាសស្មារតីពីមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញចំនួន ៤៨ នាក់ (ស្រី ២៨ នាក់)។ លោកថាមជ្ឈមណ្ឌលនេះមានបេសកកម្មចម្បងក្នុងការផ្តល់សេវាព្យាបាលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីដែលទីទ័លក្រីក្រគ្មានទីពឹងដែលបាននិងកំពុងរស់នៅតាមទីសាធារណៈ វត្តអារាម និងជនរងគ្រោះមួយចំនួនទៀតដែលត្រូវបានបោះបង់ចោល និងពុំទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រួសារ សាច់ញាតិ និងសហគមន៍។
លោក វង សូត បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ពីមន្ត្រីជំនាញពាក់ព័ន្ធបង្ហាញថា ចំនួនជនល្មើសដែលជាអនីតិជននៅតាមពន្ធនាគារមានចំនួនច្រើនដែលបាន និងកំពុងរស់នៅលាយឡំជាមួយមនុស្សពេញវ័យ និងមានលក្ខណៈមិនទាន់ស្របនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជននៅឡើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះហើយដោយទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងមានគម្រោងសាងសង់មជ្ឈមណ្ឌលស្តារយុវនីតិសម្បទាដែលមានទីតាំងដាច់ដោយឡែកពីមជ្ឈមណ្ឌលនេះនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីផ្តល់នូវការអប់រំបណ្តុះបណ្តាល និងស្តារនីតិសម្បទា មុននឹងធ្វើសមាហរណកម្មទៅសហគមន៍ និងគ្រួសារវិញ»។
លោក ស ខេង បានបញ្ជាក់ថា៖ «យើងពិនិត្យមើលឃើញថា យើងមានលទ្ធភាពអាចនឹងរៀបចំកន្លែងឃុំគ្រងអនីតិជននេះដាច់ដោយឡែកបាន។ កន្លងទៅអង្គការសិទ្ធិមនុស្ស ពិសេសអង្គការអន្តរជាតិមានការរិះគន់លើការចាត់ចែងបញ្ហាទាំងឡាយនេះទាក់ទងនឹងរឿងសិទ្ធិមនុស្ស និងរឿងផ្សេងៗទៀត។ ពួកគាត់មិនយល់អំពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាទេ ឲ្យធ្វើដូចចិត្ដមិនកើតទេ។ យើងកំពុងតែសិក្សារកវិធីណាដែលល្អដើម្បីនឹងចាត់ចែង គ្រប់គ្រងអ្នកជាប់ឃុំនេះ»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានអ្នកជាប់ឃុំក្នុងពន្ធនាគារជាង ៣ ម៉ឺននាក់ដែលចំនួននេះ កំពុងបង្កការកកស្ទះខ្លាំង ហើយការចំណាយគ្រប់បែបយ៉ាងរាជរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទាំងស្រុងត្រូវចំណាយថវិកាច្រើន។
លោកថ្លែងថា៖ «នៅមណ្ឌលវិបល្លាសនេះ បើយើងដាក់គ្រប់បន្ទប់ទាំងអស់យើងអាចដាក់ជនវិបល្លាសបានជាង ៣០០ នាក់។ ប៉ុន្ដែបច្ចុប្បន្នក្នុងជំហានដំបូងនេះយើងទើបតែទទួលដាក់ជាង ៤០ នាក់សិនទេ ព្រោះមន្ដ្រីជំនាញយើងមិនទាន់គ្រប់គ្រាន់នៅឡើយ។ ចំណែកគម្រោងមណ្ឌលស្ដារនីតិសម្បទាអនីតិជនជាប់ពន្ធនាគារយើងនឹងចាប់ផ្ដើមសាងសង់ក្នុងពេលឆាប់ៗនេះ ព្រោះទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាលរួចហើយ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក សាទរចំពោះការបើកដំណើរការមណ្ឌលនេះ ព្រោះកន្លងមកលោកសង្កេតឃើញជនមានវិបល្លាស មិនទទួលបានការយកចិត្ដទុកដាក់ដោយសង្ឃឹមថា មណ្ឌលនេះនឹងអាចជួយពួកគាត់បានប្រសើរឡើងវិញ។
លោកថ្លែងថា៖ «យើងមានមណ្ឌលនេះហើយគួរតែមានក្រុមអ្នកជំនាញបន្ថែមទៀត ដើម្បីជួយព្យាបាលដល់ជនវិបល្លាសនេះ។ ក្នុងនោះក្រសួងគួរប្រមូលជនមានវិបល្លាសនៅតាមទីសាធារណៈដែលបង្កអសន្ដិសុខយកទៅព្យាបាលនៅមណ្ឌលនេះផងដែរព្រោះកន្លងមកពួកគាត់បានបង្កអសន្ដិសុខធ្វើឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋផ្សេងៗ»៕