ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​បែងចែក​ថវិកា​ប្រមាណ​ជិត​ ៩០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​ ២០២០ កើនឡើង​ ២៧៦ ​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ប្រមាណ​ ៦២៤ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការប្រកាស​របស់លោក​ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ​នៅក្នុង​ពិធី​បើក​សិក្ខា​សិលាជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២០ ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) កាលពី​ថ្ងៃទី​ ៥ ខែ ធ្នូ ឆ្នាំ​ ២០១៩ ដែលមាន​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ​ ៥០០ ​នាក់​ មកពី​តំណាង​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​។

លោក ប៊ុនធិន បាន​អះអាង​ថា​៖ «​សេចក្តីព្រាង​បឋម​នៃ​ផែនការ​សកម្មភាព​ និង​ថវិកា ឆ្នាំ​ ២០២០ ​នេះ​បានរៀបចំ​ឡើង ដោយ​ផ្អែក​ទៅ​លើ​គម្រោង​ថវិកា​សរុប​ប្រមាណ​ជាង​ ៣,៥ ​ពាន់ពាន់​លាន​រៀល ឬ​មាន​ចំនួន​ប្រមាណ​ជិត​ ៩០០ ​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុងនោះ​ថវិការដ្ឋ​ប្រមាណ​ជិត ៩៥% និង​ថវិកា​ចូលរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជាង ៥%»​។

លោក​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ​មាន​ចំនួន​កើនឡើង​ប្រមាណ​ជិត ១,១ ​ពាន់​ពាន់​លាន​រៀល ឬ​មាន​ចំនួន​ប្រមាណ​ជាង ២៧៦ ​លាន​ដុល្លារ​អាមេរិក​។ ការបង្កើន​អត្រា​ចូលរួម​ពី​ថវិការដ្ឋ​ទៅក្នុង​មូលនិធិ​ឃុំ សង្កាត់ មូលនិធិ​ក្រុង ស្រុក គឺ​ដើម្បី​ធានា​សម្រេច​ឲ្យ​បាន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ​របស់​រាជរដ្ឋាភិបាល កម្មវិធី​កំណែទម្រង់​ដ៏សំខាន់​ដែល​ក្នុងនោះ​រួមមាន កំណែទម្រង់ វិមជ្ឈការ និង​​វិសហមជ្ឈការ កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែ​ទម្រង់រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធយុត្តិធម៌ និង​​កំណែទម្រង់​តាម​វិស័យ វា​ទាមទារ​ឲ្យ​មាន​ការបង្កើន​ល្បឿន​ឲ្យ​បាន ខ្លាំងក្លា ស្រប​គ្នា គាំទ្រ​ និង​សហការ​គ្នា​មាន​សង្គតិភាព​ជាមួយ​គ្នា និង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។

លោកស្រី ស៊ិន ពុទ្ធារី នាយិកា​ប្រតិបត្តិ​ស្តីទី​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) និង​ជា​តំណាង​អង្គការ សង្គម​ស៊ីវិល បាន​ថ្លែង​សុន្ទរកថា ដោយ​បាន​សម្តែង​នូវ​ការស្វាគមន៍​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​លេខាធិការដ្ឋាន គជអប ក្នុងការ​ធ្វើកំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ ជាពិសេស​ការខិតខំ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​ និង​និរន្តរភាព​។

លោកស្រី ពុទ្ធារី ថ្លែង​ថា​៖ «​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ ២០២០ ​កាន់តែ​ប្រសិទ្ធភាព ខ្ញុំ​ស្នើសុំ​ឲ្យ «​ធានា​នូវ​ភាព​ឯករាជ្យ​របស់​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ ដោយ​ធានា​នូវ​ភាព​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ការវាយតម្លៃ ការបំពេញ​ការងារ ប្រព័ន្ធ​វាយតម្លៃ​គុណផល​ដោយមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ការដំឡើង​កាំ​ប្រាក់ខែ និង​តួនាទី ដោយ​ផ្អែក​លើ​ស្នាដៃ​ការងារ​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ល្អ និង​ពង្រីក​ការបើក​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​ដើម្បី​ឲ្យ​ការអភិវឌ្ឍ​នោះ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​បង្កើត​នូវ​យន្តការ​ និង​បរិយាកាស​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់​ដើម្បី​លើក​កម្ពស់​នូវ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ដោយសារតែ​សព្វថ្ងៃ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិនទាន់​បាន​ខិតជិត​គ្នា​នៅ​ឡើយ​ទេ​»​។

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ ជ.អ.ប​) បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​កន្លង​មក​នេះ​ថា នៅ​ឆ្នាំ​ ២០២០ ​ខាងមុខ​នេះ ឃុំ-សង្កាត់​នីមួយៗ​នឹង​ទទួលបាន​ថវិកា​ជាង​ ១២ ​ម៉ឺន​ដុល្លារ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែ​មាន​លទ្ធភាព​អាច​ចូលរួម​ដោះស្រាយ​តម្រូវការ​ជា​អាទិភាព​នានា​តាម​មូលដ្ឋាន​។ ​ថវិកា​នេះ​នឹង​កើនឡើង​ជា​បន្តបន្ទាប់​រៀងរាល់​ឆ្នាំ​ដែល​រហូត​ដល់​ឆ្នាំ​ ២០២៣ រដ្ឋបាល​ឃុំ-សង្កាត់​នីមួយៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម​ប្រមាណ ១៩៣ ០០០ ដុល្លារ​៕