ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ​រួម​នឹង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន ចៀស​ផុតពី​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​បាននិង​កំពុង​យាយី​ដល់​សុខុមាលភាព​របស់​ប្រជាជន​។ នេះ​ជា​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សារលិខិត​ផ្ញើជូន​ជនរួមជាតិ នាឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ដែល​នឹង​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ​។

ក្នុង​នាម​រាជរដ្ឋាភិបាល​លោក​បាន​ប្តេជ្ញាចិត្ត​រក្សាភាព​ជា​ម្ចាស់​លើ​ការងារ​ជា​អាទិភាព​ចម្បង​ ២ គឺ​ទី​១៖ «​ការរក្សា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​» និង​ទី​២៖ «​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​បាន​ល្អប្រសើរ និង​បន្ត​ជំរុញ​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់​រាល់​ភារកិច្ច​ដែល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍ​ជាតិ​ និង​ភាពសុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​ចៀស​ផុតពី​ជំងឺ​ឆ្លង​កាច​សាហាវ​កូវីដ​ ១៩ ដែល​បាននិង​កំពុង​យាយី​ដល់​សុខុមាលភាព​របស់​ប្រជាជន​»​។

តាមរយៈ​លិខិត លោក​ ហ៊ុន សែន ថ្លែង​ថា ក្នុង​ឆ្នាំ​ ២០២០ រហូតមកដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ​នេះ កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាននិង​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូវីដ​១៩​មកលើ​បញ្ហា​សុខភាព សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ហើយ​ថែមទាំង​អាច​បន្ទច់បង្អាក់​ដល់​កិច្ចដំណើរការ​អភិវឌ្ឍន៍​ឈានឡើង​របស់​កម្ពុជា​ផងដែរ​។

លោក​សរសេរ​ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាននិង​កំពុង​ទទួលរង​ផលប៉ះពាល់​ជា​សកល​ពី​ជំងឺ​កូវីដ​១៩ ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​កំពុងមាន​សភាព ធ្ងន់ធ្ងរ កាច​សាហាវ និង​មិនទាន់​មាន​សញ្ញា​ថមថយ​នៅឡើយ​»​។

លោក​បន្តថា​៖ «​ក្នុង​រយៈពេល​នេះដែរ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ និង​គ្រប់គ្រង​បាន​នូវ​សភាពការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ ឆ្នាំ​ ២០២០ និង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ឆ្នាំ​ ២០២១ ហើយក៏​កំពុង​បន្ត​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​ជាក់ស្តែង​បន្តទៀត​ដើម្បី​គ្រប់គ្រង​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​បន្ថែមទៀត​»​។

ប្រមុខ​រដ្ឋាភិបាល​លើកឡើង​ថា ទោះបី​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដូច​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក ប៉ុន្តែ​កម្ពុជា​ទទួលបាន​ការកោតសរសើរ​ពី​អង្គការ​សុខភាព​ពិភពលោក​ និង​ប្រទេស​ដទៃ​ជាច្រើន​ថា​បាន​ទប់ស្កាត់​ និង​ឆ្លើយតប​បាន​យ៉ាងល្អ ទាន់ពេលវេលា ចំពោះ​ការរីករាលដាល​នៃ​ជំងឺ​នេះ​។

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ចាត់​វិធានការ ដោយ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ឱ្យបាន​ទាន់ពេលវេលា ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩ ជូន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាជន​ដែល​ងាយ​រង​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​នេះ ដោយ​ស្ម័គ្រចិត្ត និង​មិន​គិតថ្លៃ​។

ជាពិសេស វិធានការ ៣ ​ការពារ និង​ ៣ ​កុំ ព្រមទាំង​វិធានការ​នានា​ស្របតាម​ច្បាប់​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​រំលេច​ពី​ការបរិច្ចាគ​ថវិកា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដោយមាន​ការរួម​គ្នា​ពី​សប្បុរសជន ដែលមាន​តាំងពី​ព្រះមហាក្សត្រ​សម្តេចព្រះមហាក្សត្រី ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​សប្បុរសជន​ជាច្រើន​ទៀត​បាន​ចូលរួម​វិភាគទាន​ជា​ប្រាក់ ឬ​ប្រាក់បៀវត្សរ៍​ដោយ​ស្ម័គ្រចិត្ត​ជូន​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩​។

ថវិកា​សប្បុរសជន សរុប​ប្រមាណ​ជាង​ ៥៧ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។ ការបរិច្ចាគ​ជួយ​រាជរដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ បាន​ក្លាយជា​ចលនា​ជាតិ “​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​” និង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ​យ៉ាងរឹងមាំ​របស់​ប្រជាជន​កម្ពុជា​។

លោក​ ហ៊ុន សែន សង្កត់ធ្ងន់​ថា​៖ «​រាជរដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នឹង​ឆ្លង​ផុត​ដំណាក់កាល​ដ៏លំបាក​នេះ នាពេល​ឆាប់ៗ​ខាងមុខ​»​។

លោក​ ហ៊ុន សែន បានបញ្ជាក់​ទៀតថា រហូត​មកដល់​បច្ចុប្បន្ន ទោះបី​កម្ពុជា​បាននិង​កំពុង​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺឆ្លង​កូវីដ ​១៩​ ក្តី ក៏​វិស័យ​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​រីកលូតលាស់​ជា​បន្តបន្ទាប់​។ រោងចក្រ​សរុប​មាន​ចំនួន​ជាង​ ១ ៨៦៤ ​រោងចក្រ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​មាន​ឧស្សាហកម្ម​ធុន​តូច មធ្យម និង​សិប្បកម្ម​ជាង ៤៣ ០៨២ ​មូលដ្ឋាន ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង ​១,៥ ​លាន​នាក់​។

ក្នុងឱកាស​នេះដែរ លោក​ ហ៊ុន សែន បាន​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​គាំពារ និង​ប្រសិទ្ធពរ​ជ័យ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ឱ្យមាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហាគ្រួសារ ខ្មែរ​តែ​ ១ ​នៅលើ​ទឹកដី​មាតុភូមិ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​តរៀង​ទៅ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែង​ថា អ្វីដែល​នាយករដ្ឋមន្ត្រី​លើកឡើង​សុទ្ធតែជា​ចំណុច​គន្លឹះ​អាទិភាព​ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ឱ្យបាន ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿង​សន្តិភាព ស្ថិរភាព​នយោបាយ ការរក្សា​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​បញ្ហា​ជំងឺ​កូវីដ​ ១៩​ ជាដើម​ដែល​ជា​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ​។

លោក​មានប្រសាសន៍​ថា​៖ «​បើ​យើង​និយាយ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ ខ្ញុំ​គិតថា វា​ជា​ចំណុច​គន្លឹះ​មួយ ខណៈ​ដែល​យើង​ពិនិត្យ​មើល​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​កំពុង​ប្រឈម​នឹង​ស្ថានភាព​មិន​នឹងនរ​ជាមួយ​នឹង​នយោបាយ​ផ្ទៃក្នុង​របស់ខ្លួន​ដូចជា​នៅ​ប្រទេស ថៃ និង​ភូមា​ជាដើម​។ ខ្ញុំ​យល់ថា​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​គឺជា​ជំហរ​មួយ​ដែល​ច្បាស់លាស់ ដែល​កម្ពុជា​ត្រូវ​ដើរ​លើ​មាគ៌ា​នេះ និង​ត្រូវតែ​សម្រេច​ឱ្យបាន​នូវ​ការប្តេជ្ញាចិត្ត​នេះ​»​។

លោក​បន្តថា ទាក់ទង​នឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩​ ក៏​ជា​រឿង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ប្រកាន់​នូវ​គោលជំហរ​ដាច់ខាត​ដែល​លោក​ត្រូវ​ចេញ​នូវ​វិធានការ​ចាំបាច់​នានា​សម្រាប់​ធានា​រក្សា​នូវ​សុខភាព​ប្រជាពលរដ្ឋ​ផង និង​លំនឹង​សេដ្ឋកិច្ចជាតិ​ដែល​រងផលប៉ះពាល់​ដោយ​កូវីដ​ផង​។

ប៉ុន្តែ​លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​មិនទាន់​មាន​ជំនឿ​ទាំងស្រុង​ទៅលើ​ការប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល ដោយសារ​ថ្នាក់ដឹកនាំ​ហាមឃាត់​ការឆ្លងកាត់​ខេត្ត-ក្រុង​ក្នុងឱកាស​បុណ្យចូលឆ្នាំ ការទទួល​បាន​ការចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាជន​នៅ​មាន​កម្រិត ហើយ​ការទទួល​ព្យាបាល និង​ចត្តាឡីស័ក​ក៏​នៅមាន​កម្រិត​ផងដែរ និង​មាន​កត្តា​ជាច្រើន​ទៀត​។

លោក​ថ្លែងថា​៖ «​ការប្តេជ្ញាចិត្ត​ និង​សារ​ជូនពរ គ្រាន់តែ​ជា​សារ​មួយ​ដើម្បី​ធានា​ផ្លូវចិត្ត​របស់​ពលរដ្ឋ តែ​ឱ្យ​មាន​ការស្ងប់ចិត្ត គឺ​ដូចជា​ពុំទាន់​ទទួល​បាន​នូវ​ភាពស្ងប់ស្ងាត់​ទាំងស្រុង​នោះទេ​»​។

លោក ​ឯម សុវណ្ណារ៉ា បាន​បញ្ជាក់ថា ចំពោះ​សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺមាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​ក៏​វា​អាស្រ័យ​លើ​បរិយាកាស​អន្តរជាតិ ដែល​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​បរិយាកាស ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ក៏​មាន​ការដាក់​សម្ពាធ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ងាក​មករក​ជំហរ​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ទៅ​។

លោក​បាន​ថ្លែងថា​៖ «​ការប្តេជ្ញា​ចិត្ត​មិនទាន់​គ្រប់គ្រាន់​ទេ សម្រាប់​ស្ថិរភាព សន្តិភាព​នយោបាយ​នេះ ប្រសិន​បើ​កម្ពុជា​មិនទាន់​មាន​ការឆ្លើយតប​ណាមួយ​ទៅ​ថ្នាក់​អន្តរជាតិ​»៕