
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេស UN ពេលជួបលោក កែវ រ៉េមី ប្រធាន CHRC កាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលចេញវិធានការមួយចំនួនទៅឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី- ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ត្រូវសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក្នុងការងារការពារ លើកស្ទួយសិទ្ធិមនុស្ស និងផ្តល់ការឆ្លើយតបដោយប្រសិទ្ធភាព និងទាន់ពេលវេលាទៅនឹងរបាយការណ៍ទាំងឡាយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សារាចរស្តីពីការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិដែលចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែកុម្ភៈក៏បានបញ្ជាក់ផងដែរអំពីការផ្តល់ជាកញ្ចប់ថវិកាពិសេសមួយសម្រាប់ប្រតិភូកម្ពុជាដែលនឹងត្រូវចាត់បញ្ជូនទៅការពាររបាយការណ៍សិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ថា ក្រោយពីទទួលបានសារាចរនេះត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ហ៊ុន សែន លើកឡើងក្នុងសារាចរថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយន្តការរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលដាក់ចេញវិធានការប្រាប់ទៅគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងនោះថាដោយការងារសិទ្ធិមនុស្សជាការងារអន្តរវិស័យ គ្រប់ស្ថាប័នទាំងនោះត្រូវសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រាល់ការងារការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាមានជាអាទិ៍ ការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការងារទទួល និងដោះស្រាយពាក្យបណ្តឹង និងការងារស៊ើបអង្កេត និងត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងកន្លែងឃាត់ខ្លួន និងឃុំខ្លួនផ្សេងៗទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ត្រូវសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាទៅនឹងរបាយការណ៍ទាំងឡាយពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ របាយការណ៍របស់អ្នករាយការណ៍ពិសេសនានារបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាដទៃទៀតដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន»។
លោកនាយករដ្ឋមន្ត្រីប្រាប់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពជំនាញគ្រប់ ជាន់ថ្នាក់ ត្រូវធ្វើការសហការឲ្យបានពេញលេញ និងដោយការទទួលខុសត្រូវជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងដំណើរការរៀបចំរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់អង្គការសហប្រជាជាតិមានជាអាទិ៍ ការផ្តល់ព័ត៌មាន និងទិន្នន័យ ការចូលរួមកិច្ចប្រជុំ និងការផ្តល់របាយការណ៍ឆ្លើយតបឲ្យបានទៀងទាត់តាមកាលកំណត់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា កន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ពាក់ព័ន្ធនឹងយន្តការការផ្សព្វផ្សាយ និងអប់រំ ដោះស្រាយពាក្យបណ្តឹង ស៊ើបអង្កេតស្ថានភាពសិទ្ធិមនុស្ស ការជាប់ពន្ធនាគារ និងកន្លែងឃុំខ្លួនផ្សេងៗ និងការធ្វើរបាយការណ៍ផងដែរ។
លោកបញ្ជាក់ថា៖ «យើងបានសរសេរបាយការណ៍ទៅតាមអនុសញ្ញា និងសន្ធិសញ្ញានីមួយៗបញ្ជូនទៅអង្គការសហប្រជាជាតិ ហើយយើងក៏បានចាត់តំណាងទៅការពារ។ កន្លងមកយើងមានកិច្ចសហការល្អ តែសារាចរនេះគឺដើម្បីឲ្យមានកិច្ចសហការឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀតដើម្បីបង្ហាញទៅអង្គការសហប្រជាជាតិ និងអន្តរជាតិថា យើងយកចិត្តទុកដាក់ទៅនឹងកាតព្វកិច្ចរបស់រដ្ឋ»។
លោកបន្ថែមថា៖ «តាមរយៈសារាចរ ថវិកានេះនឹងជួយសម្រួលបន្ទុកក្រសួង និងស្ថាប័នមួយចំនួនដោយសារតែកន្លងមក ក្រសួង និងស្ថាប័ននីមួយៗត្រូវចេញថវិកាហ្នឹងដែលធ្វើឲ្យមានការលំបាកសម្រាប់ស្ថាប័នរបស់គាត់ដោយការចំណាយច្រើនដែរដូច្នេះតាមរយៈសារាចរនេះស្ថាប័ននីមួយៗមិនចាំបាច់បារម្ភពីការចំណាយថវិកាទៅលើប្រតិភូដោយសារមានកញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី»។
លោកឲ្យដឹងដែរថា តាមរយៈសារាចរនេះនឹងជួយពង្រឹងការសហការរវាងក្រសួង ស្ថាប័ន និងអង្គភាពជំនាញគ្រប់ជាន់ថ្នាក់ក្នុងការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការងារ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងជួយពង្រឹងធនធានមនុស្សក្នុងការពន្យល់ព័ត៌មានលម្អិតទៅអង្គការសហប្រជាជាតិនូវការវិវឌ្ឍ និងការអនុវត្តសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក អះអាងថាទោះបីជារាជរដ្ឋាភិបាលដាក់ចេញសារាចរបែបនេះក៏ដោយ ក៏វាមិនអាចជួយដោះស្រាយសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងៗបានដែរ ដរាបណារាជរដ្ឋាភិបាលមិនអាចបញ្ឈប់សកម្មភាពមន្ត្រី ឬសមត្ថកិច្ចដែលបានរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋបាននោះទេ។
លោក ករុណា អះអាងថា៖ «ទោះបីជារាជរដ្ឋាភិបាលបង្កើតយន្តការនេះក៏ដោយ ក៏មិនអាចឆ្លើយតបនឹងការលើកឡើងរបស់អង្គការសហប្រជាជាតិបានដែរ។ យើងឃើញការដោះស្រាយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សមិនទាន់បានល្អនៅឡើយទេ ដោយសារអាជ្ញាធរពាក់ព័ន្ធមិនទាន់បញ្ឈប់សកម្មភាពការបំពានទៅលើសិទ្ធិមនុស្សនោះទេ»៕