ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកា ៧០០ លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនបន្ថែមទៀតដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃចំនួន ៤ សម្រាប់ផ្គត់ផ្គង់ពលករខ្មែរនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កបន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃ ស្របពេលដែលមានពលករ ១២ ០៨៨ នាក់ បានចូលមកកម្ពុជាវិញគិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំមុន ដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១។
លោកស្រី យក់សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាលបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែមថវិកាចំនួន ៧០០ លានរៀល ទៅដល់ខេត្តចំនួន ៤ ក្នុងនោះមានខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
លោកស្រីបានបញ្ជាក់ថា៖ «ខេត្តចំនួន ៣ ទទួលបានថវិកាចំនួន ២០០ លានរៀល លើកលែងតែខេត្តឧត្តរមានជ័យដែលទទួលបាន ១០០ លានរៀន។
លើសពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់នូវកញ្ចប់សម្ភារចំនួន ៨ ០០០ បន្ថែមទៀតផងដែរទៅដល់ខេត្តទាំង ៤ នេះដោយក្នុង ១ ខេត្តៗទទួលបានចំនួន ២ ០០០ កញ្ចប់ សម្រាប់ចែកជូនដល់ពលករដែលកំពុងធ្វើចត្តាឡីស័ក»។
ថវិកា និងកញ្ចប់សម្ភារដែលផ្តល់ជូនកាលពីថ្ងៃសុក្រគឺជាការផ្តល់បន្ថែមលើកទី ២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាចំនួន ៦៥០ លានរៀល ទៅដល់ខេត្តទាំង ៤ នេះកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២១ កន្លងមក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងកាលពីថ្ងៃទី ១០ ខែមករាថា ការត្រួតពិនិត្យតាមច្រកព្រំដែននៃប្រទេសកម្ពុជា-ថៃ គឺបានអនុវត្តតាំងពីដើមឆ្នាំ ២០២០ មកប៉ុន្តែដោយសារមានការផ្ទុះការរីករាលដាលខ្លាំងនៅថៃ ទើបកម្ពុជាពង្រឹងបន្ថែមទៀតនូវការត្រួតពិនិត្យតាមច្រកចូលនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានថ្លែងថា៖ «ការដែលយើងគ្រប់គ្រងអ្នកដំណើរនេះ គឺយើងគ្រប់គ្រងបានល្អប្រសើរមកទល់ពេលនេះ។ ខ្ញុំអាចនិយាយបានថាមានភាពល្អប្រសើរដោយយើងអាចគ្រប់គ្រងអ្នកដំណើរបាន ទោះបីជាមានអ្នកខ្លះបានលោតចុះពីឡាន គេចវេះខ្លះតែយើងបានរកឃើញវិញហើយបានដាក់ពួកគាត់ធ្វើចត្តាឡីស័កបានត្រឹមត្រូវវិញ»។
ជាមួយនេះដែរលោកស្រី ឱ វណ្ណឌីន បានអំពាវនាវសាជាថ្មីដល់ពលករទាំងអស់កុំឱ្យព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កព្រោះការធ្វើចត្តាឡីស័កនេះជាការជួយខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ដើម្បីកុំឱ្យមានការឆ្លងរាលដាលវីរុសកូវីដ១៩។
លោកស្រីបានបញ្ជាក់ថា៖ «សម្តេចនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ណាស់ដើម្បីឱ្យពលករយើងមានភាពកក់ក្តៅ និងមានការចូលរួមចំណែកទាំងអស់គ្នាដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះ។ ជោគជ័យ ឬមិនជោគជ័យអាស្រ័យទៅលើការចូលរួមរបស់បងប្អូនពលកររបស់យើងដែលចូលមកពីប្រទេសថៃ»។
ជាមួយគ្នានេះ ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២១ ឱ្យពលរដ្ឋកម្ពុជាបានដឹងពីលក្ខខណ្ឌមួយចំនួនរបស់រដ្ឋាភិបាលប្រទេសជប៉ុន។
ក្នុងនោះតម្រូវឱ្យពលរដ្ឋកម្ពុជាដែលចូលជប៉ុនតាមរយៈច្រកចូលសម្រាប់ការស្នាក់នៅ (Residence Track) ធានាដោយក្រុមហ៊ុន ឬអង្គភាពនានាត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់ ៧២ ម៉ោងមុនចេញដំណើរហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន។ លិខិតដដែលបន្តថា ក្រុមហ៊ុន ឬអង្គភាពធានាត្រូវបំពេញ «កិច្ចសន្យា» ថាត្រូវអនុវត្តវិធានការទាំងនេះ ដែលការចំណាយធ្វើតេស្តរកកូវីដ១៩ ពេលមកដល់ជប៉ុនជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។
ស្ថានទូតខ្មែរបានបន្តថា ពលរដ្ឋខ្មែរដែលមានសិទ្ធិស្នាក់នៅត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់ ៧២ ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្ដងទៀតពេលមកដល់ជប៉ុន។
ក្នុងករណីមិនមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩នេះទេ អ្នកដំណើរត្រូវស្នាក់នៅទីតាំងកំណត់ដោយប្រធានស្ថានីយចត្តាឡីស័កជប៉ុន ហើយត្រូវធ្វើតេស្តម្ដងទៀតនៅថ្ងៃទី ៣។ បើអវិជ្ជមានត្រូវទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះបន្ថែមឱ្យគ្រប់ ១៤ ថ្ងៃហើយត្រូវទាញយកកម្មវិធីទូរស័ព្ទ «Covid-19Contact-Confirming Application-COCOA» ដើម្បីតាមដានការបំផ្លាស់ទីរបស់អ្នកដំណើរ។
ទាក់ទងនឹងបញ្ហាកូវីដ ១៩ នេះ កាលពីថ្ងៃទី ៩ ខែមករា ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីវិជ្ជមានកូវីដ ១៩ មានចំនួន ៤ នាក់ ដែលពួកគាត់ជាពលករធ្វើដំណើរមកពីប្រទេសថៃតាមខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៥ មករា។
ទន្ទឹមនឹងនេះដែរមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៦ នាក់នៅខេត្តប៉ៃលិនបានជាសះស្បើយពីជំងឺកូវីដ១៩ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ។
គិតត្រឹមថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២១ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៩១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ៣៧១ នាក់ និងអ្នកកំពុងសម្រាកព្យាបាល ២០ នាក់៕