ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ផ្តល់​ម៉ាស់​ចំនួន​ ២ ​លាន​​​ដល់​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ស្រប​ពេល​ដែល​មន្រ្តី​​ក្រសួង​សុខាភិបាល​ បាន​អំពាវនាវ​ឱ្យ​អ្នក​​ដែល​បាន​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​បង្ហាញពី​ភាពស្មោះត្រង់​ក្នុងការ​ផ្តល់​ព័ត៌មាន​​ដើម្បី​​ឱ្យ​ក្រសួង​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រភព​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ឱ្យ​បាន​លឿន ​​ខណៈ​ក្រសួង​បាន​ធ្វើ​តេស្ត​អ្នកពាក់ព័ន្ធ​ចំនួន ៨២១២ ​នាក់​។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​​ផ្តល់​ម៉ាស់​ក្រណាត់​ចំនួន​ ២ លាន​ម៉ាស់​​បន្ថែមទៀត​​ដែល​ ១ លាន​ម៉ាស់​សម្រាប់​រាជធានី​ភ្នំពេញ និង​ ១ លាន​ម៉ាស់​​សម្រាប់​ខេត្ត​សៀមរាប​ដោយសារ​​អ្នក​ដែល​មាន​ការប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​មាន​ច្រើន​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា រាជរដ្ឋាភិបាល​ក៏បាន​បញ្ចេញ​ម៉ាស់​ចំនួន​ ២ ​លាន​សម្រាប់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភ្នំពេញ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា​ត្រូវ​បង្ហាញពី​ភាពស្មោះត្រង់​​ក្នុង​ការជម្រាប​ជូន​នូវ​​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​របស់​ខ្លួន។

លោកស្រី​បាន​ថ្លែង​តាម​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃ​ទី​ ១ ​ខែ​ធ្នូ​ថា៖ «ការធ្វើ​នេះ​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ការរុករក​ស្រាវជ្រាវ​ពី​ប្រភព​នៃ​ការ​ឆ្លង​វីរុស​កូវីដ​១៩​ឱ្យ​បាន​លឿន បើកាល​ណា​យើង​ទុកការ​រុករក​នេះ​កាន់​តែ​យូរ យើង​រក​ក្រ​ឃើញ​ នោះ​លទ្ធភាព​នៃ​​ការចម្លង​បន្ត​ទៀត​ក៏​វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​យើង​ពិបាក​ក្នុង​ការប៉ាន់​ប្រមាណ​ថា​តើ​ទំហំ​នៃ​ការរាតត្បាត​នៃ​ការចម្លង​វា​នឹង​មាន​កម្រិត​ប៉ុនណា»។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា មិនមាន​ករណី​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ទៀត​ទេ ប៉ុន្តែ​មាន​ករណី​វិជ្ជមាន​ ៣ ករណី​ដែល​ឆ្លង​ពី​ក្រៅ​ប្រទេស។ ចំពោះ​លទ្ធផល​តេស្ត​អ្នក​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ពី​ថ្ងៃទី​ ២៩ ​ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ​ ២០២០ មាន​វត្ថុសំណាក​ចំនួន​ ៧១៣១ ​នាក់ ត្រូវ​បាន​ធ្វើ​វិភាគ​រួច​ហើយ ដែល​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូរ៉ូណា ខណៈ​អ្នក​វិជ្ជមាន​ចំនួន​ ១៧ នាក់​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ក្រសួង​​បញ្ជាក់​ថា រយៈពេល​ ៣ ថ្ងៃ​មក​នេះ​ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន​ ៨ ២១២ ​នាក់។

កាលពី​ម្សិលមិញ​នេះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​របស់​លោក​ថា ម៉ាស់​របស់​កម្ពុជា​ចំនួន​ ១ ​លាន​ ៥ ​ម៉ឺន និង​សម្ភារបរិក្ខារ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពិសេស​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ ៥ ​ព្រឹក​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០២០ ​នេះ​ដើម្បី​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប្រទេស​ទីម័រ​ខាង​កើត (ទីម័រ​ឡេស្ត​)។ ការដឹក​ជញ្ជូន​ជំនួយ​របស់​កម្ពុជា​នេះ ដឹកនាំ​ដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ការបរទេស​ដែល​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​​នាយក​រដ្ឋមន្រ្តី​អម​ដោយ​តំណាង​ក្រសួង​សុខាភិបាល និង​មន្រ្តី​មួយ​ចំនួន​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ទើប​បាន​ផ្តល់​ម៉ាស់​ជាង​ ២ លាន​ និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ដល់ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស់​ជាង​ ២ ​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត​ដល់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ទាំង​នោះ​។

កាលពី​ម្សិលមិញ​នេះ​ដែរ​លោក​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា៖ «ព្រឹក​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០២០ ខ្ញុំ និង​សហការី ព្រម​ទាំងអ្នក​នៅ​ជុំវិញ​ខ្លួន ដែល​មាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា បាន​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ រួចរាល់​ហើយ​។ ខ្ញុំ ក៏ដូចជា​សហការី និង​អ្នក​នៅជុំវិញ​ខ្លួន​ទាំងអស់​នឹង​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ និង​អនុវត្ត​វិធានការ​នានា​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​»​។

ជាមួយ​គ្នា​នេះ​មាន​ការចែកចាយ​នូវ​របាយការណ៍​របស់​លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ផ្ញើ​ជូន​លោក ហ៊ុន សែន​ ដោយ​មាន​សាធារណជន​ខ្លះ​មាន​ការភាន់ច្រឡំ ឬ​បកស្រាយ​ខុស​ទាក់ទង​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​ថា មាន​អ្នកឆ្លង​កូវីដ១៩​ក្នុង​ខេត្ត​កំពង់ចាម​ពី​អ្នក​បើកបរ​របស់​លោក ឆែម សាវុធ ​នោះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ចេញ​សេចក្តី​បំភ្លឺ​លើ​ព័ត៌មាន​នេះ​។

រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​លើកឡើងថា អ្នកមាន​តេស្ត​វិជ្ជមាន​កូវីដ១៩​ចំនួន​ ៦ នាក់​បាន​មក​សួរសុខទុក្ខ​បងប្អូន​នៅ​ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី ២៤-២៥​ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ​កន្លង​មក​គឺមុន​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រកឃើញ​ករណី​នេះ​កើតឡើង​។ ពួកគាត់​ទាំង ៦ នាក់​នេះ​មិន​មែន​មកកាន់​ខេត្ត​កំពង់ចាម​នាពេល​ថ្មីៗ​នេះ​ទេ ហើយ​​អភិបាលខេត្ត​បាន​ចាត់វិធានការ​ភ្លាមៗ​បន្ទាប់ពី​មាន​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​ ដោយ​បាន​ស្រាវជ្រាវ​ និង​ស្វែងរក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ជាមួយ​នឹង​មនុស្ស​ ៦ នាក់​នេះ​រហូត​រកឃើញ​មនុស្ស​ ៨នាក់។ មន្រ្តី​សុខាភិបាល​ខេត្ត​បាន​នាំ​អ្នក​ទាំង ៨ នេះ​មក​ពិនិត្យ​សុខភាព ​យក​សំណាក​ និង​បញ្ជូន​អ្នក​ទាំងនេះ​ដែល​មាន​ការប្រឈម​កម្រិត​ខ្ពស់​មក​ធ្វើ​ចត្តាឡីស័ក​កម្រិត ២ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម។

ចំណែក​ផ្សារ​ទំនើប​អ៊ីអន​១​ដែល​ត្រូវ​បាន​ប្រកាស​បិទ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​​កាលពី​ម្សិលមិញ​ បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យ​សំណាក​មនុស្ស​ជាង ៣០០០ ​នាក់​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ១៩​។ ក្រសួង​ផ្តល់​ឱកាស​ឱ្យ​អាជីវករ​ទាំងអស់​អាច​ដំណើរការ​អាជីវកម្ម​​របស់​ខ្លួន ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ជា​កំហិត ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូរ៉ូណា។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃម្សិលមិញ​បាន​ឱ្យ​ដឹង​ថា ករណី​វិជ្ជមាន​កូវីដ១៩​ចំនួន​ ៣ ​នាក់​ត្រូវ​បាន​រកឃើញ ប៉ុន្តែ​មិនមែន​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ទេ តែ​ជា​អ្នក​ដំណើរ​ចូលមក​កម្ពុជា។ ករណី​ទាំងនោះ​មាន​បុរស​ជនជាតិ​ខ្មែរ អាយុ​ ២៦ ​ឆ្នាំ ​មាន​អាសយដ្ឋាន​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត​ដែល​​ធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន​ បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ដែល​លទ្ធផល​លើក​ទី ២ នៅ​ថ្ងៃ​ទី ១៣ ​នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​បុរស​នេះ​ គឺ​វិជ្ជមាន​។

ករណី​ទី ២ គឺ បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៤៦ ​ឆ្នាំ​ស្នាក់នៅ​ខេត្ត​កណ្តាល មកពី​ប្រទេស​ជប៉ុន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ដែល​លទ្ធផល​លើក​ទី​ ២ នៅ​ថ្ងៃ​ទី ១៣ ​នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​បុរស​នេះ​គឺ​វិជ្ជមាន​។ បុរស​ទាំង​​ ២ នាក់​នេះ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជាមួយ​គ្នា​រួម​នឹង​អ្នក​ដំណើរ ៤៨ ​នាក់​ផ្សេង​ទៀត ដែល​អ្នក​ទាំងនោះ​តេស្ត​អវិជ្ជមាន​កូវីដ​១៩ ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ។

ករណី​ទី ៣ គឺ​ស្រ្តី​ជនជាតិ​ខ្មែរ អាយុ​ ៣៥ ​ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ដែល​ធ្វើ​ដំណើរ​​​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ហើយ​លទ្ធផល​ធ្វើតេស្ត​វត្ថុសំណាក​លើក​ទី ២ ​នៅ​ថ្ងៃទី ១៣ ​នៃ​ការធ្វើ​ចត្តាឡីស័ក​វិជ្ជមាន​​។ អ្នកដំណើរ​ដែល​បាន​រួម​យន្តហោះ​ជាមួយ​នឹង​ស្រ្តី​រូប​នេះ​ចំនួន​ ១៦១ ​នាក់​ដែល​មាន​តេស្ត​អវិជ្ជមាន​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នក​​វិជ្ជមាន​កូវីដ​១៩​​ចំនួន​ ៣២៩ នាក់ (ស្រ្តី ៧៤ នាក់) ដែល​ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៤នាក់ និង​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២៥ ​នាក់៕