ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
អនុក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ និងមានហត្ថលេខារដ្ឋមន្ត្រីពាក់ព័ន្ធនឹងសេវាសុខាភិបាលរួមមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អនុក្រឹត្យនេះបានបញ្ជាក់ថា ការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ត្រូវធ្វើឡើងតាមរយៈការបង្ខិតការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងសេវាសុខាភិបាល ឲ្យទៅកៀកជិតប្រជាពលរដ្ឋ។ ការធ្វើប្រតិភូកម្មវិស័យសុខាភិបាលទៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ រួមមានការផ្ទេរការគ្រប់គ្រង ការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ការផ្ទេរធនធានមនុស្សដោយរក្សានូវតំណែងដដែលជាដើម។
មាត្រា ២៤ នៃអនុក្រឹត្យនេះចែងថាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) «ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរៀបចំលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការផ្ទេររចនាសម្ព័ន្ធ បុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ព្រមទាំងផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យនេះឲ្យចប់សព្វគ្រប់មុនដំណាច់ឆ្នាំ ២០១៩»។
មាត្រា ២៥ ចែងថារដ្ឋបាលរាជធានី-ខេត្តត្រូវចាប់ផ្ដើមគ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារដែលបានប្រគល់ឲ្យដូចមានកំណត់ក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ តទៅ។ រដ្ឋបាលថ្នាក់រាជធានី-ខេត្តក៏ត្រូវធ្វើប្រតិភូកម្ម ការគ្រប់គ្រង និងការផ្ដល់សេវាសុខាភិបាលទៅថ្នាក់ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ចាប់ពីឆ្នាំ ២០២០ តទៅដូចគ្នាដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីខែតុលាសម្រាប់ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ១ ៦៣៦ ៤៩៨ លានរៀល ឬប្រមាណជាង ៤០០ លានដុល្លារ សម្រាប់ចំណាយចរន្តក្នុងវិស័យសុខាភិបាល។ ចំនួនថវិកានេះមានកំណើនជាង ៥ ភាគរយដោយកើនពីចំនួន ១ ៥៤៥ ៥២៥ លានរៀលនៃចំណាយចរន្តឆ្នាំ ២០១៩។
ទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ថវិកាជាង ៤០០ លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ដើម្បី «លើកកម្ពស់គុណភាព និងពង្រឹងសេវាសុខាភិបាលបន្តគាំទ្រកម្មវិធីមូលនិធិសមធម៌ក្នុងការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករនិយោជិតដែលមិនស្ថិតក្រោម ប.ស.ស ឧបត្ថម្ភកម្មការិនីក្រោយពេលសម្រាលកូនឧបត្ថម្ភស្ត្រីក្រីក្រមានផ្ទៃពោះជា ៣ ដំណាក់កាល»។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានពន្យល់ថា កម្មការិនីសម្រាលកូនមួយទទួលបាន ៤០ ម៉ឺនរៀល កូនភ្លោះ ២ បាន ៨០ ម៉ឺនរៀល និងកូនភ្លោះ ៣ បាន ១២០ ម៉ឺនរៀល។ ដោយឡែកការឧបត្ថម្ភសម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះត្រូវផ្ដល់ជូន ១៦ ម៉ឺនរៀល សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះដំណាក់កាលទី ២ ឧបត្ថម្ភ ២០ ម៉ឺនរៀលនៅពេលសម្រាល និងដំណាក់កាលទី ៣ ចំនួន ៤០ ម៉ឺនរៀល ធ្វើឡើងចំនួន ១០ លើក។ ការឧបត្ថម្ភក្រោយពេលសម្រាលបន្តធ្វើរហូតដល់កូនអាយុ ២ ឆ្នាំ។
លោក ឡាំ សុជាតិ ប្រធានប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ហៅកាត់ថា API យល់ឃើញថា ការធ្វើប្រតិភូកម្មសេវានាសាធារណៈជាច្រើនត្រូវបានធ្វើរួចហើយ ខណៈដែលប្រតិភូកម្មលើវិស័យសុខាភិបាលនេះ ហាក់ដូចជាការវិវត្តចុងក្រោយគេ។ លោកស្វាគមន៍ការធ្វើប្រតិភូកម្មនេះ ដោយសារតែវាធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ។
លោកថ្លែងថា៖ «នេះជាការប្រែប្រួលដ៏ល្អដែលយើងរង់ចាំយូរឆ្នាំហើយដែលសង្គមស៊ីវិល តស៊ូមតិចង់ឲ្យមានការផ្ទេរមុខងារ អំណាច ធនធានដើម្បីឲ្យអ្នកដែលផ្ដល់សេវាកៀកទៅនឹងប្រជាពលរដ្ឋធ្វើឲ្យសេវាកម្មល្អប្រសើរដោយមានការសម្របសម្រួល ចាត់ចែងបុគ្គលិកក្នុងការផ្ដល់សេវាដល់ប្រជាជន។ ប្រជាជនជាអ្នកបោះឆ្នោត ដើម្បីទទួលបានសេវាសាធារណៈល្អប្រសើរក្រុមប្រឹក្សាខេត្ត ស្រុក គួរជាអ្នកសម្របសម្រួល ព្រោះគាត់ជាអ្នកតំណាងឲ្យប្រជាពលរដ្ឋផង និងតំណាងឲ្យរដ្ឋាភិបាលផង»។
លោកបន្តថា ការធ្វើប្រតិភូកម្មអំណាចនេះ ធ្វើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិមានអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាផ្សេងៗប្រកបដោយប្រសិទ្ធភាពទាំងក្នុងវិស័យសុខាភិបាល និងក្នុងវិស័យផ្សេងទៀត។ លោកបញ្ជាក់ថា គោលដៅនៃការធ្វើវិមជ្ឈការនេះគឺជារឿងល្អ ប៉ុន្តែការអនុវត្តជាក់ស្ដែងអាជ្ញាធរថ្នាក់ក្រោមជាតិអាចនឹងប្រឈមបញ្ហាមួយចំនួននៅក្នុងមុខងារនឹងតួនាទីរបស់ពួកគេ។
លោកថា ដើម្បីឲ្យការធ្វើប្រតិភូកម្មនេះមានប្រសិទ្ធភាពត្រូវមានការបន្តផ្ដល់ការងារបច្ចេកទេស និងកិច្ចសហការដល់ថ្នាក់ក្រោមជាតិទៅតាមមុខងារនីមួយៗពីសំណាក់ថ្នាក់ជាតិ៕