ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្ដល់​ជា​គោល​ការណ៍​ជ្រើសរើស​ក្រប​ខ័ណ្ឌ​ថ្មី​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ច​សន្យា​និង​គ្រូបង្រៀន​ប្រមាណ​ជាង ២៤ ០០០ នាក់​សម្រាប់​ឆ្នាំ ២០១៩ ក្នុង​នោះ​ផ្ដល់​បេក្ខភាព​ជា​ជន​ពិការ​ដែល​មាន​សមត្ថភាព​សមរម្យ ២% និង​បេក្ខនារី​ជាប់​ជា​ស្ថាពរ​ពី ២០%-៥០% នៃ​ចំនួន​ក្របខ័ណ្ឌ។ យោង​តាម​សេចក្ដី​ជូន​ដំណឹង​ របស់​ក្រសួង​មុខងារ​សាធា​រណៈ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន។

លោក​ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ៦ ខែ ​មីនា លើ​សេចក្ដី​ជូន​ដំណឹង​ដល់ ឧប​នាយក​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់​ក្រសួង​ស្ថាប័ន​បាន​ឲ្យ​ដឹង​ថា៖ «រៀបចំ​ជ្រើសរើស​បេក្ខជន​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ចូល​បម្រើ​ការងារ ដើម្បី​បំពេញ​មុខ​តំណែង​ដែល​ទំនេរ​និង​សេចក្ដី​ត្រូវការ​ដែល​មាន​ពិត​ប្រាកដ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​អង្គភាព​ជំនាញ​រាជធានី ខេត្ត»។

លោក ​ពេជ្រ ប៊ុនធិន បាន​ឲ្យ​ដឹងថា ការជ្រើសរើស​ដោយ​ការ​ប្រឡង​ប្រជែង​ពី​ក្នុង​ចំណោម​សិស្ស និស្សិតនិង​មន្ត្រី​រាជការ​ស៊ីវិល​ ​ក្រសួង​ ស្ថាប័ន​ ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ចេញ​ពី​ការ​ប្រ​ឡង​ប្រ​ជែង​ និង​ត្រូវ​ប្រ​កាស​លទ្ធផល​ប្រឡង​ជាប់​ស្ថាព​រយ៉ាង​យូរ​ត្រឹម​ដំ​ណាច់​ខែ​កញ្ញា​ ឆ្នាំ​ ២០១៩​ ​ព្រម​ទាំង​ចាត់​ចែង​រៀប​ចំ​បើក​ផ្ដល់​បៀវត្ស​រ៍ដល់​បេក្ខ​ជន​ប្រ​ឡង​ជាប់​ឲ្យ​បាន​យ៉ាង​យូរ​ ១ ខែ​ក្រោយ​ការ​ទទួល​ស្គាល់​លទ្ធ​ផល​ពី​ក្រសួង​មុខងារ​សាធារណៈ។

​ការ​ផ្ដល់​ផែន​ការ​ក្រប​ខ័ណ្ឌ​ជូន​គ្រប់​ក្រ​សួង​ស្ថាប័ន​សម្រាប់​ឆ្នាំ​ ២០១៩ ​មាន​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ចំនួន ​៥ ៩៩៦ ​កន្លែង​ ​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំ​នួន ​១៨ ២៩២​ នាក់ និង​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​ចំនួន​ ៧ ៩៩៦ នាក់​ គ្រូប​ង្រៀន ​២ ថ្នាក់ ​២ ​ពេល​ចំ​នួន ១២ ៨៩៧ ​នាក់ គ្រូប​ង្រៀន​ថ្នាក់​គួប​ ២ ចំនួន​ ​២ ៥៩៨ ​នាក់ ​គ្រូបង្រៀន​ថ្នាក់​គួប​ ៣ ​ចំនួន​ ១២០ ​នាក់​ គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​អប់​រំ​ក្រៅ​ប្រ​ព័ន្ធ​ចំនួន​ ២ ៤៧២​ នាក់​ និង​គ្រូ​បង្រៀន​ជាប់​កិច្ច​​សន្យា​ខ្មែរ​អ៊ិស្លាម​ចំនួន ១៧៨ នាក់។​

លោក​ ​ជុត​ មន្នី​ អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​មុខ​ងារ​សាធារ​ណៈ​បាន​ថ្លែង​ថា​ រាជ​រដ្ឋាភិ​បាល​តែងតែ​ប្រកាស​ជ្រើស​រើស​មន្រ្តី​ឆ្នើម​ប្រចាំ​ឆ្នាំ ​ក្រោយ​ពេល​រដ្ឋាភិ​បាល​អនុម័ត​ ​គឺ​ត្រូវ​រើស​ដាក់​តាម​ក្រសួង​ វា​ជា​ទម្លាប់ ​ជំនួស​អ្នក​ចូល​និវត្តន៍។​

លោក​ថ្លែង​ថា​៖ ​«​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិ​បាល​ គឺ​បាន​កំណត់​ហើយ​ថា​ ចូល​និវត្តន៍​ ៣ នាក់​ នឹង​ត្រូវ​រើស​ចូល​វិញ​តែ​ម្នាក់​ទេ​ ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ ​ម៉េច​ឃើញ​រើស​មន្រ្តី​អ្វី​ក៏​ច្រើន​ម្ល៉េះ​អា​ហ្នឹង​មិន​មែ​ន​ទេ​ ​គឺវា​ជា​គោល​ការណ៍​ ក្នុង​មួយ​ឆ្នាំ​ គឺ​ត្រូវ​តែ​រើស​ម្ដង​ ​ព្រោះ​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​រក្សា​ធនធាន​មនុស្ស ​គឺ​វា​មាន​ចេញ ​វា​មាន​ចូល​ តែ​ប៉ុណ្ណឹង​ទេ»។

លោក​ ​ព្រាប​ ​កុល​ ​នាយក​ប្រត្តិបត្តិ​នៃ​អង្គ​ការ​តម្លា​ភាព​កម្ពុជា ​បាន​ថ្លែង​ថា ​នៅ​កម្ពុជា​ គេ​ឃើញ​មាន​មន្រ្តី​ច្រើន​ណាស់​ទៅ​ហើយ​ ​តែ​ប្រសិទ្ធ​ភាព​ការងារ​ធ្វើ​មិន​ទាន់​អស់​ពី​ដៃ​ជើង ឬ​ស​ម​ត្ថ​កិច្ច​គាត់​ទេ ​មាន​ន័យ​ថា​ គាត់​ធ្វើ​ការងារ​រ​ដ្ឋ​ផ​ង និង​មាន​មុខ​របរ​ក្រៅ​ផង។​ ​ប្រសិន​បើ​រដ្ឋ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​ពេញ​ដៃ​ពេញ​ជើង​ ពេញ​ម៉ោង​ អស់​​ពី​សមត្ថ​ភាព​ គ្រប់​ពេល​ គ្រ​ប់ម៉ោ​ង​ និង​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នោះ​ ​គឺ​ប្រហែល​ជា​មិន​ត្រូវ​​ការ​មន្រ្តី​ច្រើន​បែប​នេះ​ទេ​។​

លោក​​ ព្រាប​​ កុល​ ​ថ្លែង​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា​ បើ​វា​មាន​តម្រូវ​ការ​ចាំបាច់​ និង​មាន​ការ​កង្វះ​ម​ន្រ្តី ​ដើម្បី​បំពេញ​តួនាទី​វា​នឹង​មិន​មាន​ទាស់​ខុ​ស​អ្វី​ទេ​ ​ប៉ុ​ន្ដែ​ខ្ញុំ​ដូច​ជា​មិន​ទាន់​ឃើញ​មាន​ព័ត៌មាន​ដែល​បង្ហា​ញ​ថា​ យើង​មាន​ការ​ងារ​​ថ្មី​បន្ថែម ឬ​មាន​តម្រូវ​ការ​ចាំ​បាច់​បន្ថែ​ម​ទេ​ ​យើង​អត់​ទាន់​ដឹង​ព័ត៌មា​ន​ទេ ​គឺ​ថា​តើ​គេ​ដាក់​នៅ​ក្នុង​តួនាទី​អ្វី»។

លោ​ក​ ​សន​ ជ័យ​ នាយក​​ប្រតិបត្តិ​នៃ​អង្គ​ការ​សម្ព័ន្ធ​គណនេ​យ្យភា​ព​សង្គម​កម្ពុជា ​(ANSA​)​ ថ្លែង​ថា​មន្ត្រី​ទាំង​ ២ ប្រ​ភេទគួរ​ត្រូវ​បាន​ឲ្យ​ចុះ​មូល​ដ្ឋាន​ជាជា​ង​នៅ​តែ​ថ្នាក់ជាតិ​ ព្រោះ​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ការ​ការ​អភិវឌ្ឍ ​ជា​ពិសេស​តំបន់​ដាច់​ស្រយាល។

លោក​សន​ ជ័យ​ ថ្លែង​ថា៖ ​«​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​នៅ​ថ្នាក់​ក្រោម​មិន​មាន​មន្ត្រី​គ្រប់​គ្រាន់សម្រាប់​ការ​ងារ​អភិវឌ្ឍន៍​ទេ​ ទោះ​យ៉ាង​ណាក៏ដោយ​ការ​បង្កើនការ​បែង​ចែក​ធន​ធាន​ហិរញ្ញ​វត្ថុទៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​តម្រូវការ​ឃុំ​-សង្កាត់»។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​ ២០១៩​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​កាល​ពី​ចុង​ឆ្នាំ​ ២០១៨​ បាន​ឲ្យដឹង​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ២៦ ​តុលា​កន្លង​ទៅ ​បាន​គ្រោង​ចំណាយ​​ថវិកា​ជាតិ​ដល់​ទៅ​ជាង​ ២៧​ លាន​លាន​រៀល ​គឺ​ប្រមាណ​ជា​ ៦.៧​ ពាន់​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ឆ្នាំ​ ២០១៩។ ​

ជា​ការ​កត់​សម្គាល់​ថវិកា​សម្រាប់​ចាយ​វាយ​ឆ្នាំ​ ២០១៩ ​បាន​កើន​ឡើង​ចំនួន ​១១,៤​% ​បើ​ប្រៀប​ធៀប​នឹង​ច្បាប់​ឆ្នាំ ​២០១៨ ​ដែល​មាន​ថវិកា​សរុប​ជាង​ ២៤ ​លាន​លាន​រៀល ​(​២៤ ៣៧៥​ ១០២ ​លាន​រៀល​) ​ឬ​ប្រហែល​ ៦០​៣៣ ​លាន​ដុល្លារ៕