កោះកុងៈ ​រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ទំហំ ១៦៨,៨០ ​ហិកតា​ ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ​ក្នុង​ខេត្តកោះកុង ដើម្បី​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ខូអិលធីឌី របស់​លោក​ឧកញ៉ា គិត ម៉េង សម្រាប់​ធ្វើការ​អភិវឌ្ឍ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ដែល​មាន​អានុភាព ៧០០ មេហ្គាវ៉ាត់​។

យោងតាម​អនុក្រឹត្យ​ស្តីពី​ «​ការកំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​លើ​ផ្ទៃដី​ទំហំ​ ១៦៨,៨០ ​ហិកតា​ ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​ស្ថិត​ក្នុង​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បទុមសាគរ និង​ការធ្វើ​អនុបយោគ​ប្តូរ​ចំណាត់ថ្នាក់​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​» ចុះ​ថ្ងៃទី​ ៦ ខែ​សីហា ឆ្នាំ​ ២០២០ ក្រសួងបរិស្ថាន​ដែលជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​តំបន់​ខាងលើ​នេះ​ត្រូវ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែលជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​រៀបចំ​ចាត់ចែង​នីតិវិធី​បន្ត​ឲ្យ​បានសម្រេច​ដើម្បី​ជួល​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ខូអិលធីឌី វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ដែលមាន​អានុភាព​ ៧០០ ​មេហ្គាវ៉ាត់​ស្របតាម​ច្បាប់​ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។ បើតាម​អនុក្រឹត្យ​ «​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​ត្រូវ​ទុកជា​និរាករណ៍​»​។

លោក​ គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​អំពី​ទំហំ​ទុនវិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែល​មាន​អានុភាព ៧០០ ​មេហ្គាវ៉ាត់​នោះ​បាន​ទេ​។ ប៉ុន្តែ​បើ​យោង​តាម ការផ្សាយ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃទី​ ៦ សីហា ឆ្នាំ​ ២០២០ ​គម្រោង​ខាងលើ​នេះ​មាន​ទុនវិនិយោគ​សរុប​ ១ ៣៤៤,២០ លាន​ដុល្លារ ​ក្នុងនោះ​មាន​ទុន​ផ្ទាល់​ ៣០% ​និង​ ៧០% ​ជា​ទុន​ដែល​បាន​មកពី​កម្ចី​ធនាគារ​ដោយ​មាន​រយៈពេល​នៃ​ការជួល​ចំនួន​ ៣៨ ​ឆ្នាំ​។

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​អាដហុក​ថ្លែង​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ពីរបាយការណ៍​សិក្សា​លើ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម​ និង​បរិស្ថាន​ជាមុនសិន​មុន​សម្រេច​ជួល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ធ្វើ​អ្វីមួយ​។ «​ជាទូទៅ​យើង​បារម្ភ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​នេះ​លើ​ផ្នែក​សង្គម​ និង​បរិស្ថាន​»​។

ប៉ុន្តែ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​បាន​ធ្វើការ​សិក្សា​ និង​វាយតម្លៃ​រួចហើយ​មុន​នឹង​សម្រេច​លើ​គម្រោង​មួយ​នេះ​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន ៥៨ ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​បាន​ទទួល​ការដោះស្រាយ​ពី​ខាង​ភាគី​ក្រុមហ៊ុន​រួចហើយ​៕