លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង និងសម្រេចដូចនេះ ក្នុងការថ្លែងសារពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែមេសា ដោយលោកបានបញ្ជាក់ថា គោលការណ៍នេះ គឺអនុវត្តន៍នៅទូទាំងប្រទេស និងអនុវត្តន៍តែអ្នករងគ្រោះក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសុំអន្តរាគមន៍ជួយទៅដល់គ្រួសារណាដែលមានសមាជិកបានស្លាប់ដោយសារជំងឺកូវីដ ១៩ គឺរដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹក និងអគ្គិសនីសម្រាប់ ៥ ខែ ចាប់ពីខែអ្នកកូវីដស្លាប់ ហើយចំពោះគ្រួសារដែលឆ្លងកូវីដ ១៩ រដ្ឋនឹងជួយបង់ជំនួសនូវថ្លៃការប្រើប្រាស់ទឹកស្អាត និងអគ្គិសនី សម្រាប់រយៈពេល ៣ ខែ ចាប់ពីសមាជិកនោះឆ្លងជំងឺ ដោយមានការបញ្ជាក់ពីសមត្ថកិច្ច»។
មួយវិញទៀត លោក ហ៊ុន សែន ក៏បានប្រកាសពីការជួយអន្តរាគមន៍ទៅលើគ្រួសារដែលទទួលរងដោយការធ្វើចត្តាឡីស័ក និងស្ថិតក្នុងតំបន់បិទខ្ទប់ រដ្ឋាភិបាលនឹងឧបត្ថម្ភថវិកាចំនួន ៣០ ម៉ឺនរៀលក្នុង ១ គ្រួសារ និងបង់ថ្ងៃទឹក និងភ្លើងកម្រិតអប្បរមារយៈពេល ២ ខែ ដោយបន្ថែមនូវអង្ករ ២៥ គីឡូក្រាម មីមួយកេសតូច និងត្រីខចំនួន ២០ កំប៉ុងផងដែរ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋដែលនៅក្រៅតំបន់បិទខ្ទប់ ផងដែរ ដោយផ្តល់ប្រាក់ ៣០ ម៉ឺនរៀល ១ គ្រួសារ និងបង់ទឹកភ្លើងជំនួស ២ ខែដូចគ្នា ប៉ុន្តែលោក ហ៊ុន សែន បានស្នើសុំឱ្យក្រុមគ្រួសារណាដែលមានជីវភាពធូរធារអាចបដិសេធចំពោះជំនួយឧបត្ថម្ភពីរដ្ឋាភិបាល ដើម្បីយកថវិកា និងជំនួយឧបត្ថម្ភទាំងនេះផ្តល់ជូនអ្នកដែលមានជីវភាពខ្វះខាត៕