ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី ឲ្យចូលបម្រើការងារក្នុងក្រសួងស្ថាប័នសម្រាប់ឆ្នាំ ២០២១ ដែលមានចំនួន ៦ ១០៦ នាក់ ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្របឲ្យបានចំនួន ២ ភាគរយ និងត្រូវជ្រើសរើសយកបេក្ខនារីពី ២០ ទៅ ៥០ ភាគរយផងដែរ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រុំ សុខា បានជូនដំណឹងទៅដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ស្តីពីការផ្តល់ផែនការក្របខ័ណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ ២០២១។ លោកលើកឡើងនៅក្នុងលិខិតចុះថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញថា រាជរដ្ឋាភិបាលបានកំណត់ចំនួនផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ ២០២១ ហើយចំពោះក្រសួង ស្ថាប័នដែលបានជ្រើសរើសរួចហើយមិនអាចជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែមក្នុងឆ្នាំ ២០២១ បានទៀតឡើយ។
លោកបន្ថែមថា៖ «ចំពោះការជ្រើសរើសក្របខ័ណ្ឌថ្មីឆ្នាំ ២០២១ គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការក្នុងឆ្នាំ ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះលើកលែងតែក្រសួងស្ថាប័នចំនួន ៣ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការបរទេស និងរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្ត្រី»។
ដោយឡែកក្រសួង ស្ថាប័ន ដែលបានធ្វើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌមួយចំនួនរួចហើយក្នុងឆ្នាំ ២០២០ អាចធ្វើការជ្រើសរើសចំនួនក្របខ័ណ្ឌដែលនៅសល់តែប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២១។ លោក សុខា បញ្ជាក់ថា ការប្រឡងជ្រើសរើស និងអនុវត្តកម្មសិក្សាអាចចាប់ផ្តើមពីខែមករា ឆ្នាំ ២០២១ តទៅ ដោយត្រូវអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «នៅពេលបើកឱ្យមានការប្រឡងប្រជែងសូមមេត្តារៀបចំជ្រើសរើសបេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ឱ្យចូលបម្រើការងារដើម្បីបំពេញមុខតំណែងដែលទំនេរ និងសេចក្តីត្រូវការដែលមានពិតប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ មន្ទីរ និងអង្គភាពជំនាញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយកចិត្តទុកដាក់ដល់បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្រប ២ ភាគរយនៃចំនួនក្របខ័ណ្ឌសរុបរបស់សាមីក្រសួង ស្ថាប័ន»។
ទន្ទឹមនឹងនេះលោក ព្រំ សុខា បានឱ្យគ្រប់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នត្រូវរៀបចំស្នើសុំមន្ត្រីតំណាងក្រសួងមុខងារសាធារណៈចូលរួមក្នុងដំណើរការប្រឡងឱ្យបានមុនពេលរៀបចំបង្កើតគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសប្រចាំឆ្នាំ ដើម្បីក្រសួងមុខងារសាធារណៈមានលទ្ធភាពចូលរួមសហការចាប់ពីដំណាក់កាលដំបូង។
ក្រសួងស្ថាប័នចំនួន ៣២ នឹងធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលសរុបចំនួន ៦ ១០៦ នាក់ ដែលក្នុងនោះក្រសួង ស្ថាប័នដែលជ្រើសរើសច្រើនជាងគេមានក្រសួងអប់រំ ៣ ៦០០ នាក់ ក្រសួងសុខាភិបាល ១ ៣០០ នាក់ ក្រសួងយុត្តិធម៌ (អគ្គនាយកដ្ឋានកិច្ចការតុលាការ) ១៧៨ នាក់ ក្រសួងមហាផ្ទៃ (រដ្ឋបាលថ្នាក់ក្រោមជាតិ) ១៧០ នាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ១៣៣ នាក់ និងក្រសួងកសិកម្មចំនួន ១៣៣ នាក់។
គួរបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ ២០២០ ក្រសួងមុខងារសាធារណៈ បានប្រកាសពីការផ្អាកជាបណ្តោះអាសន្ននូវការជ្រើសរើសក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ ២០២០ ឱ្យចូលបម្រើការងារជាមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាស្រ័យដោយផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ ១៩៕