ភ្នំពេញៈ ក្រសួង​សុខាភិបាល​សម្រេច​ឲ្យ​បើក​ដំណើរការ​នូវ​សារមន្ទីរ​ជាង​ ៣០ នៅ​ទូទាំង​ប្រទេស​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូល​ទស្សនា​ឡើងវិញ​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២០ ​តទៅ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​វិធាន​អនាម័យ​។ ទន្ទឹមគ្នា​នេះដែរ​ចាប់ពី​ថ្ងៃទី​ ២០ ខែ​ឧសភា ជនបរទេស​ដែល​មកពី​ ៦ ​ប្រទេស ​ដែល​ត្រូវបាន​ហាមឃាត់​នាពេល​កន្លងទៅ​អាច​នឹង​ចូលមក​កម្ពុជា​បាន​ឡើងវិញ​ដែរ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាលពី​ថ្ងៃទី​ ១៩ ខែ​ឧសភា​ បាន​ឲ្យ​ដឹងថា ការសម្រេច​ឲ្យ​សារមន្ទីរ​នានា​នៅក្នុង​ប្រទេស​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែមិថុនា ឆ្នាំ ២០២០ តទៅ​ក្រោយពី​ទទួល​បាន​ចំណារ​យល់ព្រម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច និង​សង្គម​។

ទន្ទឹមនឹងនេះ​ក្រសួង​សុខាភិបាល​សូម​ធ្វើការ​ណែនាំ​ជូន​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា មុនពេល​បើក​ដំណើរការ​ត្រូវ​រៀបចំ​វិធានការ​បើក​ដំណើរការ​ត្រូវ​រៀបចំ​វិធានការ​ការពារ​នានា​ឲ្យ​រួចរាល់​ជាមុន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​វិធានការ​ទាំងនោះ​មានដូចជា​មាន​ការស្គែន​កម្ដៅ​ភ្ញៀវ​មុន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា មាន​ប្រើ​អាល់កុល ឬ​ជែល​លាងដៃ និង​ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ព្រមទាំង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់​បុគ្គល និង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ ឬ​បុគ្គល​ណា​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​សារមន្ទីរ​ឡើយ​។

ជាមួយ​នឹង​ការបើក​ដំណើរការ​នេះ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ ក៏បាន​សម្រេច​អនុញ្ញាត​ឲ្យ​ជនបរទេស​មកពី​ប្រទេស​ចំនួន​ ៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក​អាច​ចូលមក​ប្រទេស​កម្ពុជា​ជាធម្មតា​ឡើងវិញ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ជនបរទេស​នៅ​ប្រទេស​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ​មិន​ឱ្យ​ចូលមក​កម្ពុជា​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មីនា ២០២០​។

សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​បញ្ជាក់ថា​៖ «​សូម​ធ្វើការ​កែសម្រួល​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ សម្រាប់​អ្នកធ្វើដំណើរ​ទាំងអស់​តាម​ផ្លូវអាកាស តាមផ្លូវ​គោក និង​ផ្លូវទឹក​ចូល​កម្ពុជា​។ និរាករណ៍​ការផ្អាក​មិន​ឲ្យ​ជនបរទេស​មកពី​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក​ដែល​មានចែង​ក្នុង​ប្រកាស​»​។

លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​ក្នុង​លិខិត​ថា បើ​ទោះ​មាន​ការអនុញ្ញាត គ្រប់​អ្នក​ដំណើរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស គឺ​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​បញ្ជាក់​ថា គ្មាន​មេរោគ​កូវីដ ១៩ ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​សាមី​ក្នុង​រយៈពេល ៧២ ​ម៉ោង​។ សម្រាប់​ជនបរទេស​គឺ​តម្រូវ​ឲ្យ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច​ ៥ ​ម៉ឺន​ដុល្លារ​ ក្នុង​អំឡុងពេល​ស្នាក់នៅ​កម្ពុជា និង​ត្រូវគោរព​តាម​វិធានការ​ផ្សេងៗ​ទៀត​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​ដែល​ធ្វើដំណើរ​ចូល​មកដល់​កម្ពុជា​ត្រូវ​បញ្ចូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ​កូវីដ​ ១៩ និង​រង់ចាំ​ទទួល​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​។ ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន​ត្រូវ​បាន​រកឃើញ​ថា មាន​វិជ្ជមាន​កូវីដ​ ១៩ រាល់​អ្នកដំណើរ​រួមជាមួយ​ផ្សេងទៀត​ទាំងអស់​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​នៅ​ទីតាំង​ដែល​បាន​កំណត់​»​។

លោក ម៉ម ប៊ុនហេង បន្ថែម​ទៀត​ថា​៖ «​ក្នុងករណី​អ្នកដំណើរ​ទាំងអស់​មាន​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា ជំងឺ​កូវីដ ១៩ អវិជ្ជមាន​នោះ​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​ដោយ​តម្រូវ​ឲ្យ​ធ្វើតេស្ត​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃទី​ ១៣ នៃ​ការធ្វើ​​ចត្តាឡីស័ក​»​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ចេញ​សេចក្តីណែនាំ​បន្ថែមទៀត​ជុំវិញ​ការបើក​ដំណើរការ​សារមន្ទីរ​នានា​កាន់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​។

បើទោះ​ជា​មាន​ការបារម្ភ​ខ្លះ ជុំវិញ​ការរីករាលដាល​នៃ​ជំងឺ​នេះ​លោកស្រី​បាន​បញ្ចាក់​ថា ក្រសួង​បាន​រៀបចំ​រួចជាស្រេច​នូវ​គោលការណ៍​អនាម័យ​ការណែនាំ និង​សម្ភារ​នានា ដើម្បី​ការពារ និង​បង្ការ​នៃ​ការឆ្លង​ជំងឺ​នេះ ខណៈ​អំឡុង​ពេល​នៃ​ការបិទ​បណ្តោះអាសន្ន មន្ត្រី​ទាំងអស់​បាន​ដំណើរការ​ការងារ​ជាធម្មតា​។

លោកស្រី​បញ្ជាក់ថា​៖ «​ហានិភ័យ​សេរ៉ូ​គឺ​មិនអាច​និយាយ​ថា អត់​ទេ​។ ស្ថានការណ៍​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​បើក​មាន​ន័យថា កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន​ហើយ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ថែរក្សា និង​ប្រយ័ត្ន​ឲ្យ​បាន​ជាប់​ជានិច្ច​។ រក្សា​គម្លាត​សម្រាប់​អ្នក​ទស្សនា​ក្តី ឬ​មន្ត្រី​ដែល​ធ្វើការ​ក្នុង​សារមន្ទីរ​នានា​ហ្នឹង​ក្តី ហើយ​វិធានការ​ការពារ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ជាប់​ជានិច្ច​»​។

លោកស្រី ភឿង សកុណា បាន​ឲ្យ​ដឹងថា តួលេខ​បច្ចុប្បន្ន​កម្ពុជា​មាន​សារមន្ទីរ​ទូទាំង​ប្រទេស​ចំនួន ៣១ ក្នុង​នោះ​មាន​សារមន្ទីរ​រដ្ឋ​ចំនួន​ ២៩ និង​សារមន្ទីរ​ឯកជន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ចំនួន​ ២ ហើយ​លោកស្រី​រំពឹង​ថា នៅពេល​សារមន្ទីរ​ទាំងនោះ​បើក​ដំណើរការ​ឡើងវិញ​នឹង​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដូចដើម​វិញ​៕

វីដេអូ៖