ភ្នំពេញៈ រាជរដ្ឋាភិបាលស្នើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ផ្ទៃដីទំហំជាង ៣០០ ហិកតាចេញពីក្រុងតាខ្មៅ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ ដើម្បីសម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍទីក្រុងរណបថ្មី។
យោងតាមលិខិត ១ ច្បាប់ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ជូនលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី ១៩ ខែតុលា និងត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះគឺការកែសម្រួលព្រំប្រទល់នេះ ក្រៅតែពីការសម្រួលដល់ការអភិវឌ្ឍទីក្រុងរណបបឹងទំពុន និងបឹងជើងឯកក៏ដើម្បីសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗផងដែរ។
លិខិតដដែលបានបញ្ជាក់ថា ទំហំផ្ទៃដីដែលត្រូវបានស្នើកាត់ចូលខណ្ឌដង្កោ គឺមានទំហំ ៣៧៦ ហិកតាមកនៅត្រឹម ៣០២ ហិកតា បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងដោយកាត់ចេញពីភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅនៃសង្កាត់ដើមមៀន។ ភូមិព្រែកអញ្ជាញនៃសង្កាត់ព្រែកឫស្សី និងភូមិព្រែកឡុងនៃសង្កាត់តាក្តុល ព្រមទាំងភូមិបត្តាជីនៃសង្កាត់ព្រែកហូរដោយមាន ៤ សង្កាត់ ឬស្មើនឹង ៥ ភូមិ។
លិខិតដដែលបានបញ្ជាក់ថា៖ «សង្កាត់ចំនួន ៤ ស្មើនឹង ៥ ភូមិដែលមានលំនៅឋានសរុបចំនួន ១៣៩ ខ្នងផ្ទះស្មើនឹង ១៧៧ គ្រួសារ មានប្រជាពលរដ្ឋចំនួន ៧៥៣ នាក់»។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានឱ្យដឹងដែរថា រដ្ឋបាលខេត្តកណ្តាលបានគោរពស្នើសុំកាត់ផ្ទៃដីទំហំ ២ ហិកតាមានជាង ៥ ០០០ ម៉ែត្រការ៉េ ដែលជាផ្នែក ១ នៃដីវត្តបទុមសាគរហៅវត្តទួលតាក្របៅ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលវិញ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរក្នុងលិខិតនោះ ការស្នើកាត់នេះគឺដើម្បីឱ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែ ១ និងងាយស្រួលក្នុងការចុះបញ្ជីសម្គាល់ម្ចាស់អចលនវត្ថុជូនវត្ត។ ផ្អែកតាមបទប្បញ្ញត្តិច្បាប់ និងមូលដ្ឋានដូចបានជម្រាបនេះលោក ហ៊ុន សែន រំពឹងថា លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនឹងអនុញ្ញាត ដើម្បីកែប្រែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានី-ខេត្តទាំង ២ នេះ។
លោកបានបញ្ជាក់ថា៖ «សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចប្រមុខរដ្ឋស្តីទីមេត្តាពិនិត្យ និងសម្រេចដូចសេចក្តីស្នើសុំខាងលើដោយក្តីអនុគ្រោះ»។
លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៦ តុលា ថា ការកែសម្រួលព្រំប្រទល់នេះគឺគ្រាន់តែជាការកាត់ផ្ទៃដីនៃផ្នែកខ្លះនៃភូមិទាំងនោះចេញមកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោប៉ុណ្ណោះ។ លោកបានបន្តថា នេះមិនមែនជាការដោះដូរ ឬប្តូរឈ្មោះភូមិ សង្កាត់ទាំងមូលនោះទេ ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រដ្ឋបាលដែនដីនឹងធ្វើលិខិតផ្លាស់ប្តូរទៅតាមស្ថានភាពជាក់ស្តែង។
លោក សុវណ្ណារ៉ា បានបញ្ជាក់ថា៖ «នេះគឺជាការចូលរួមសហការគ្នាពាក់ព័ន្ធនឹងទិន្នន័យផ្សេងៗដែលកាត់ចូលរាជធានីភ្នំពេញហ្នឹង។ ខ្ញុំគ្រាន់តែចូលរួម ហើយការកាត់បែបណាទៀតគឺសម្រេចទៅលើថ្នាក់លើ។ ចំពោះឯកសាររបស់ប្រជាពលរដ្ឋ គឺនឹងធ្វើដូចការធ្លាប់កាត់ពីមុនៗមកដែលធ្លាប់កាត់កន្លងមកគឺមិនមានបញ្ហាទេ យើងកែសម្រួលទៅតាមហ្នឹង បើមានការសម្រេចយ៉ាងណានោះ»។
នៅពេលទាក់ទងកាលពីថ្ងៃទី ២៦ ខែតុលា លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានបដិសេធធ្វើអត្ថាធិប្បាយ។
បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា ៦ បានចែងថា ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្តត្រូវបានសម្រេចដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី ក្រោយពីនាយករដ្ឋមន្ត្រីបានទទួលសំណើពីក្រសួងមហាផ្ទៃ៕
វីដេអូ៖