ភ្នំ​ពេញៈ សារាចរ​ណែនាំ​​ស្ដីពី​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២០​ ដែល​មាន​ចំនួន ​២៧ ​ទំព័រ​បាន​ឲ្យ​ដឹង​ថា ​រាជ​រដ្ឋាភិបាល​បាន​​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​រង្វង់ ​៧,១ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០១៩​ ​មក​នៅ​ត្រឹម ​៦,៥ ​ភាគរយ ​នៅ​ក្នុង​​ឆ្នាំ ​២០២០ ដោយសារ​បញ្ហា​ប្រឈម​សកល​ និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ដោយ​សហភាព​អឺរ៉ុប​។​

យោង​តាម​សារាចរ​ណែនាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ ​ការ​កើន​ឡើង​នូវ​ភាព​មិន​ប្រាកដ​ប្រជា​ និង​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ច​សកល​​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ងាយ​រងគ្រោះ​ និង​អាច​ជួប​ហានិភ័យ​ខាង​ក្រៅ​មួយ​ចំនួន​រួមមាន​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​​មុខ​ទំនិញ​លើកលែង​តែ​អាវុធ​ (EBA)​ ដោយ​សហភាព​អឺរ៉ុប​។

កត្ដា​សកល​​ដែល​រួម​ចំណែក​ដល់​ការ​ថមថយ​នេះ​គឺ​​ការ​ថយ​ចុះ​ជាង​ការ​រំពឹង​ទុក​នៃ​កំណើន​សេដ្ឋកិច្ច​ចិន បច្ច័យ​អវិជ្ជមាន​នៃ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​សង្គ្រាម​បច្ចេកវិទ្យា​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន​ ភាព​មិន​ប្រាកដប្រជា​នៃ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​តំបន់​ ​និង​ពិភព​លោក​ដែល​កាន់​តែ​ស្មុគស្មាញ ​ហើយ​អាច​ឈាន​ទៅ​រក ​«​សង្គ្រាម​ត្រជាក់​ថ្មី»​ បញ្ហា​ភេរវកម្ម​ ​និង​សន្តិសុខ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ ​និង​គ្រោះ​ធម្មជាតិ​ជា​ដើម​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ កម្ពុជា​រំពឹង​ថា​ សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​មាន​កំណើន​ក្នុង​រង្វង់​ ៧,១ ​ភាគរយ ​នៅ​ឆ្នាំ ​២០១៩ ​នេះ ​ប៉ុន្តែ​កំណើន​នេះ​នឹង​ថមថយ​មក​នៅ​ត្រឹម ​៦,៥ ភាគរយ ​ក្នុង​ឆ្នាំ ​២០២០​ ​«​ដោយសារ​ការ​រំពឹង​ទុក​ផល​ប៉ះពាល់​នៃ​លទ្ធភាព​ក្នុង​ការ​ដក​ EBA ​ដែល​អាច​នឹង​ដាក់​សម្ពាធ​ដល់​ការ​នាំចេញ​របស់​កម្ពុជា​ ជា​ពិសេស​លើ​ផលិតផល​កាត់​ដេរ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​»​។​

ជា​ការ​សន្និដ្ឋាន​ រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា​៖ «​ជារួម​ក្របខ័ណ្ឌ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ឆ្នាំ ​២០២០​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិបទ​នៃ​ ការ​គិត​គូរ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​ហានិភ័យ​នៃ​ការ​ដក​ EBA ដោយ​សហភាព​អឺរ៉ុប ​និង​បាន​កំណត់​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​សម​ស្រប​ និង​ទាន់​ពេល​វេលា​ក្នុង​គោលដៅ​​បន្ត​រក្សា​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន​ក្នុង​រង្វង់​ ៦,៥ ​ភាគរយ​ ជាមួយ​អត្រា​អតិផរណា​ទាប​ដែល​អាច​គ្រប់គ្រង​បាន​ប្រមាណ​ ៣ ភាគរយ»​។​

ឯកសារ​ដដែល​បាន​លើក​ឡើង​ថា​ វិស័យ​កាត់​ដេរ​ត្រូវ​បាន​ព្យាករ​ថា​នឹង​បន្ត​មាន​កំណើន​ល្អ​ប្រសើរ​ក្នុង​អត្រា​ប្រមាណ​ ៧,១​ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០១៩ ​ប៉ុន្តែ​នឹង​​ថមថយ​មក​ត្រឹម​ ៣,៥ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២០។​ កំណើន​យឺត​ក្នុង​ឆ្នាំ ​២០២០ ​គឺ​ដោយសារ​កំណើន​សេដ្ឋកិច្ច​សកល​ ជា​ពិសេស​ការ​រំពឹង​ទុក​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ដក​ EBA​ ដោយ​សហភាព​អឺរ៉ុប​ ដែល​អាច​ដាក់​សម្ពាធ​ដល់​ការ​នាំចេញ​ផលិតផល​កាត់​ដេរ​កម្ពុជា។ ​

ចំពោះ​កត្តា​ក្នុង​ស្រុក​វិញ ​ឯកសារ​ដដែល​បញ្ជាក់​ថា ​កម្ពុជា​ប្រឈម​បញ្ហា​មួយ​ចំនួន​រួមមាន​ មូលដ្ឋាន​សេដ្ឋកិច្ច​តូច​ចង្អៀត​ ​និង​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ តម្លៃ​អគ្គិសនី​នៅ​ខ្ពស់​ និង​អស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ ​ភាព​នៅ​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង​ប្រព័ន្ធ​ឡូជីស្ទិក។ ​

កំណើន​ផលិតភាព​ទាប​ និង​កង្វះ​ពលកម្ម​ជំនាញ​ ​សម្ពាធ​នៃ​ការ​កើន​ឡើង​ប្រាក់​ឈ្នួល ​នីតិវិធី​ស្មុគស្មាញ ​និង​ការ​នៅ​មាន​សេវា​កម្រៃ​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ រួម​ទាំង​កំណើន​ឆាប់​រហ័ស​នៃ​ឥណ​ទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ។​ ​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​ EBA​ លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា​ ក្រសួង​ការ​បរទេស​ និង​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ធ្វើ​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ ព្រោះ​កម្ពុជា​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប​។​

លោក​បញ្ជាក់​​ថា​៖​ ​«​ទោះបី​យ៉ាង​ណា​យើង​បង្ហាញ​ជំហរ​របស់​យើង​ជា​ប្រជាជាតិ​មាន​អធិបតេយ្យ​មួយ​ យើង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មួយ​ ក្រុម​ណា​មួយ​មក​បំផ្លាញ​​ រុករាន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​នោះ​ទេ​»​។​

លោក​ ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​​កំពុង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ស្ថានការណ៍​អាក្រក់​ដែល​ជា​លទ្ធផល​នៃ​ការ​ដក​ EBA។ ​ប៉ុន្តែ​ប្រសិន​បើ ឬ​នៅ​ពេល​ណា​ EBA​ ត្រូវ​បាន​ដក ស្ថានការណ៍​អាច​មាន​ភាព​អាក្រក់​ខ្លាំង​ជាង​អ្វី​ដែល​រដ្ឋាភិបាល​បាន​គិត​ទុក។​ ការ​ដក EBA អាច​មាន​ផល​ប៉ះពាល់​ប្រទាក់​គ្នា​ទៅ​លើ​ទំនុក​ចិត្ត​នៃ​វិស័យ​ដែល​ធ្លាប់​ទទួល​បាន​ផល​ប្រយោជន៍​ពី​ EBA​ ហើយ​ក្រុមហ៊ុន​ខ្លះ​អាច​ប្ដូរ​ទៅ​ប្រទេស​ផ្សេង​ដែល​ពួក​គេ​អាច​មាន​ផល​ប្រយោជន៍​ល្អ​ជាង​។​

លោក ឡៅ ម៉ុងហៃ ​ថ្លែង​ថា៖ ​«​សេដ្ឋកិច្ច​នឹង​ថមថយ​ហើយ​បង្កើត​ឲ្យ​មាន​បញ្ហា​សង្គម​ផ្សេងៗ​ ដោយ​មាន​ការ​បាត់បង់​ការងារ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ។ វា​នឹង​បង្កើត​បញ្ហា​ច្រើន​ទៀត​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​មាន​ក្នុង​ដៃ​»​៕