
ក្រុមជនជាតិចិនក្រោយពីឃាត់ខ្លួនរឿងចាប់ជំរិត ។ រូបថត Fresh News
ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបើកល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឺណែតទាំងក្នុង និងក្រៅប្រទេសចាប់ពីថ្ងៃទី ១៨ ខែសីហាឆ្នាំនេះតទៅ ដោយលើកហេតុផលថា អាជីវកម្មប្រភេទនេះបានជួយផ្ដល់ឱកាសឱ្យជនបរទេសក្នុងការលាក់ខ្លួនធ្វើសកម្មភាពបទល្មើសជំរិតទារប្រាក់ពីជនរងគ្រោះ។
សារាចរណែនាំផ្សព្វផ្សាយកាលថ្ងៃអាទិត្យដែលមានត្រាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មានការធ្វើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណែត អនឡាញទាំងក្នុង និងក្រៅប្រទេស ដោយអាជីវកម្មមួយចំនួនមានច្បាប់អនុញ្ញាត ខណៈមួយចំនួនបើកដោយលួចលាក់។
សារាចរដដែលលើកឡើងថាពួកឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
សារាចរណែនាំបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធឺណែតអនឡាញក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ»។
ចំពោះអាជីវកម្មមានអាជ្ញាប័ណ្ណអាចបន្តសកម្មភាពរហូតអស់សុពលភាព ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនត្រូវបន្តសុពលភាពឲ្យទៀតឡើយ។
សារាចរដដែលក៏បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបអាជីវកម្មល្បែងបែបនេះដែលគ្មានច្បាប់អនុញ្ញាតផងដែរ។
សារាចរណែនាំនេះត្រូវបានប្រកាសក្រោយ ៤ ថ្ងៃ បន្ទាប់ពីមានជនជាតិចិនចំនួន ១២៨ នាក់ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុចាប់ខ្លួនកាលពីថ្ងៃទី ១៤ ខែសីហាពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់ ហើយគ្រោងបណ្ដេញចេញពីកម្ពុជាឆាប់ៗនេះ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា ការលេងល្បែងតាមអនឡាញជាអំពើខុសច្បាប់នៅចិន ដូច្នេះជនជាតិចិនបានមកកម្ពុជាដើម្បីឆ្លៀតឱកាសពីច្បាប់អនុញ្ញាតនៅកម្ពុជា ហើយក៏មានជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតជនជាតិចិនផ្សេងទៀតនៅប្រទេសចិន។
លោកថា សារាចរណែនាំនេះចេញសម្រាប់តែល្បែងអ៊ីនធឺណែតដែលត្រូវបានអនុញ្ញាតច្បាប់ឲ្យបើក។ ប៉ុន្តែការលួចលេងភ្នាល់តាមហាងអ៊ីនធឺណែត គឺជាអំពើល្មើសច្បាប់ស្រាប់ហើយដោយសមត្ថកិច្ចត្រូវបង្ក្រាបដោយមិនចាំបាច់សារាចរនេះទេ។
ចំពោះសារាចរនេះ លោកបានបញ្ជាក់ថា៖ «អ៊ីនធឺណែតដែលគេបើកតាមកាស៊ីណូ អាហ្នឹងល្បែងពាណិជ្ជកម្ម ដែលមានច្បាប់អនុញ្ញាត តែឥឡូវអាមានច្បាប់អនុញ្ញាតនោះក៏ត្រៀមបិទនៅថ្ងៃអនាគតហើយ។ អាតាមផ្ទះអី ដែលលួចលេង អាហ្នឹងខុសច្បាប់ស្រាប់ហើយអាហ្នឹង»។
អ្នកចាត់ការទូទៅនៅកាស៊ីណូមួយនៅព្រំដែនកម្ពុជា-វៀតណាមសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាស៊ីណូរបស់លោកមិនបារម្ភអ្វីទេ ព្រោះបានចុះបញ្ជីត្រឹមត្រូវ ហើយបានបង់ពន្ធជូនរដ្ឋយ៉ាងទៀងទាត់។ លោកថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការទទួលបានអាជ្ញាប័ណ្ណសម្រាប់ល្បែងអនឡាញនៅតាមព្រំដែន ប៉ុន្តែមិនផ្ដល់អាជ្ញាប័ណ្ណថ្មីទេ។ លោកថា ប្រសិនបើកាស៊ីណូចង់បានអាជ្ញាប័ណ្ណសម្រាប់លេងល្បែងអនឡាញត្រូវមានស្ដង់ដាជាសណ្ឋាគារត្រឹមត្រូវ គឺ ១០០ បន្ទប់ឡើង។ កត្តាមួយទៀតគឺកាស៊ីណូនោះ ត្រូវមានទំហំធំទូលាយមើលទៅជាលក្ខណៈកាស៊ីណូ មិនមែនបនល្បែងទេ។
លោកថ្លែងថា៖ «ឡាយសិន (អាជ្ញាប័ណ្ណ) យើងគឺអត់មានកំណត់ពេលវេលាទេ។ ឡាយសិនក្រុមហ៊ុននេះអត់មានកំណត់ទេ ដោយសារយើងចុះបញ្ជិកាត្រឹមត្រូវ រដ្ឋាភិបាលគាត់ទទួលស្គាល់ យើងបង់ពន្ធមានក្រដាសពន្ធអីត្រឹមត្រូវរាល់ឆ្នាំអត់ដែលខាន ដូចជា ពន្ធតុល្បែង។ អ៊ីចឹងយើងមានប៉ាតង់មកបិទនៅតុល្បែងជារៀងរាល់ឆ្នាំ អត់ដែលខាន»។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់កាលពីម្សិលមិញថា ពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណដល់កាស៊ីណូជិត ២០០ អាជ្ញាប័ណ្ណដែលភាគច្រើននៅខេត្តព្រះសីហនុ និងនៅតាមព្រំដែនដែលកាស៊ីណូទាំងនេះមានអាជីវកម្មល្បែងអនឡាញភ្ជាប់ជាមួយ។ នៅក្នុងឆ្នាំ ២០១៩ នេះមានការស្នើសុំបង្កើតកាស៊ីណូចំនួន ៣០ ដែលមិនទាន់ត្រូវបានអនុម័តយល់ព្រម។
លោកពន្យល់ថាអាជ្ញាប័ណ្ណទាំងអស់មានរយៈពេល ១ ឆ្នាំ ហើយអាចបន្តរៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «យើងអត់ឲ្យអាជ្ញាប័ណ្ណអនឡាញតែមួយទេ យើងឲ្យអាជ្ញាប័ណ្ណកាស៊ីណូ ដើម្បីឲ្យគាត់ធ្វើអគារ បង្កើតបុគ្គលិក»។ លោកថា បើតាមសារាចរថ្មីនេះរាល់អាជីវកម្មអនឡាញទាំងអស់នឹងត្រូវផុតសុពលភាពនៅចុងឆ្នាំ ២០១៩ នេះ។
លោកថា ចំណូលពីវិស័យល្បែងរួមមាន មកពីកាស៊ីណូ ពីសំណង់ ចំណូលពីដីធ្លី។ «នេះជាផលវិជ្ជមានស្ដីពីការអនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណហ្នឹង»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា សារាចរណែនាំនេះជាចំណុចវិជ្ជមានពីព្រោះការលែងល្បែងស៊ីសងមិនគួរទទួលបានការគាំទ្រទេ។
លោកថា៖ «ផលប៉ះពាល់មានរយៈខ្លីទេ តែរយៈពេលវែងជារឿងវិជ្ជមានសម្រាប់ប្រទេស និងសម្រាប់តំបន់ ព្រោះបើយើងគ្រប់គ្រងមិនបានល្អ វានឹងក្លាយជាកន្លែងសម្រាប់ល្បែងស៊ីសងនៅអាស៊ាន វារឹតតែពិបាក»។
លោកបន្តថា៖ «បើគ្រប់គ្រងទាំងក្នុងស្រុក និងពីក្រៅប្រទេស ហ្នឹងវាជួយទប់ស្កាត់ហានិភ័យនៃចរន្តលាងលុយកខ្វក់ច្រើន ហើយនឹងការចាប់ជំរិត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងថា កាស៊ីណូដែលមានច្បាប់ក្នុងខេត្តព្រះសីហនុត្រូវបានចុះត្រួតពិនិត្យជាប្រចាំ ប៉ុន្តែកន្លងមកក្រុមជនជាតិចិនរកឃើញមានជាប់ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិតគឺភាគច្រើនបំផុតជាក្រុមលួចបើកបនល្បែងតាមអនឡាញខុសច្បាប់នៅតាមផ្ទះជួល ឬតាមផ្ទះសំណាក់។
លោកថា៖ «យើងតែងចុះធ្វើការជាប្រចាំ (ត្រួតពិនិត្យ) ហើយយើងក៏បង្ក្រាបបានច្រើនករណីដែរពាក់ព័ន្ធនឹងការចាប់ជំរិតតាមប្រព័ន្ធអនឡាញ និងការចាប់បង្ខាំងមនុស្សទុកជាដើម។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងកាលពីម្សិលមិញថាកន្លងមកអាជីវកម្មតាមប្រព័ន្ធអនឡាញភាគច្រើនមិនបានមកចុះបញ្ជីទេ។ លោកចាត់ទុកការចេញសេចក្តីណែនាំរបស់រដ្ឋាភិបាលថា មានសារៈសំខាន់ក្នុងការទប់ស្កាត់អាជីវកម្មដោយមិនមានការបង់ពន្ធខណៈវិស័យនេះមិនបានផ្តល់ផលជាដុំកំភួនក្នុងចំណូលពន្ធដារ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់ដឹងថា ការដាក់ចេញសារាចរណែនាំនេះនឹងធ្វើឲ្យរដ្ឋបាត់ចំណូលប៉ុន្មាននោះទេ ព្រោះកន្លងមកយើងក៏មិនសូវបានផលប៉ុន្មានទេ នៅក្នុងអាជីវកម្មអនឡាញ ព្រោះយើងក្តាប់មិនទាន់បានពីចំណូលនេះដែរ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា ការលេងល្បែងស៊ីសងមិនដែលនាំមកនូវទ្រព្យសម្បត្តិទេ វាគ្រាន់តែជាការផ្ទេរទ្រព្យពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលសង្គមខ្មែរចាត់ទុកថាជាអំពើអបាយមុខប៉ុណ្ណោះ។
លោកថ្លែងថានៅពេលល្បែងអាចប្រព្រឹត្តឡើងដោយឆ្លងប្រទេស វាអាចជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងចរន្តហិរញ្ញវត្ថុដែលស្ថិតនៅក្រៅប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយការគ្រប់គ្រងនឹងមានការពិបាកប្រសិនបើមន្ត្រីមិនទាន់មានសមត្ថភាពពេញលេញ។
លោកបានបញ្ជាក់ថា៖ «ប្រតិបត្តិករនៃល្បែងស៊ីសងដែលមិនអាចគ្រប់គ្រងបាន ការលាងលុយ និងការផ្ទេរហិរញ្ញវត្ថុអន្តរជាតិ អាចបង្កើតបានជារដ្ឋដ៏មានអំណាចមួយនៅក្នុងកម្ពុជារដ្ឋ»៕
រាយការណ៍បន្ថែមដោយ ហ៊ីន ពិសី