ព្រះ​សីហនុ​: រដ្ឋាភិបាល​​បាន​ដាក់​កំហិត​ឲ្យ​ក្រុម​ហ៊ុន ជុង​យៀ​ន ប្លា​ស្ទិក មេនូហ្វេកឈ័រ ​ដែល​នាំ​ចូល​សំរាម​ចំនួន ៨៣ ទូ​កុងតឺន័រ​ មក​ដាក់​នៅ​ក្នុង​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឲ្យ​ដឹក​ចេញ​ទៅ​​សហរដ្ឋ​អាមេរិក​ និង​កាណាដា​វិញ ​ឲ្យ​​អស់​នៅ​​មុន​ថ្ងៃ​ទី ២៤ ខែ ​សីហា​ ឆ្នាំ ២០១៩​ ថែម​ទាំង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ ​បង់​ប្រាក់​ពិន័យ​ចូល​ថវិកា​ជាតិ​ចំនួន​ជាង ១ ពាន់​លានរៀល។

ក្នុង​សន្និសីទ​សារព័ត៌​មាន នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កា​ល​ពីថ្ងៃ​អង្គារ​ម្សិលមិញ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ ​បាន​ថ្លែង​ថា ក្រុមហ៊ុន​ជុង​យៀន​ប្លាស្ទិក មេនូ​ហ្វេកឈ័រ (Chungyuen Plastic Manufacture co., Ltd) គឺ​ជា​អ្នក​នាំចូល​កាក​សំណល់​ប្លាស្ទិក​ចំនួន ៨៣ ទូ​កុងតឺន័រ​ដែល​មាន​ទម្ងន់ ១ ៥៦២ តោន មក​កម្ពុជា​សរុប​ចំនួន ២៧ លើក ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១៨ និង​ខែ​មករា​ ឆ្នាំ ២០១៩ នេះ។

​ក្នុង​នោះ​មាន​ទូ​កុងតឺន័រ​ចំនួន ៧០ ទូទម្ងន់ ១ ៣២២ តោន ត្រូវ​បាន​នាំចូល​ពី​សហរដ្ឋអាមេរិក និង​កុងតឺន័រ ១៣ ទូ​ផ្សេង​ទៀត ​ទម្ងន់ ២៧០ តោន ​នាំ​ចូល​ពី​កាណាដា។ មុន​នឹង​នាំចូល​មក​ដល់​កម្ពុជា​កុងតឺន័រ​ទាំង​នោះ​ត្រូវ​បាន​ឆ្លង​កាត់​កំពង់ផែ​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម។

លោក គុណ ញឹម បញ្ជាក់​ថា​៖ «តាម​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោ​យ​មន្ទីរ​ពិសោធន៍​របស់​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់ថា កាកសំណល់​ប្លា​ស្ទិក​នោះ ​មិនមាន​ផ្ទុក​សារធាតុ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ឡើ​យ។ ចំពោះ​ទោសទណ្ឌលើ​​ម្ចាស់​ក្រុមហ៊ុន​តាមផ្លូវ​តុលាការ ខ្ញុំ​មិនទាន់​អាច​ជម្រាប​បានទេ ព្រោះ​បន្ទុក​ដែល​យើង​បាន​ដាក់​​នេះ គឺ​ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង​ថា យើង​ដាក់ពិន័យ​ជា​ប្រាក់​តាម​ច្បាប់​រដ្ឋបាល»។

លោក​​បន្ថែមថា ក្រុមហ៊ុន​នេះ មិនមាន​បុគ្គលិក​ជា​ជន​ជាតិចិន​ទេ​ ហើយ​ជនជាតិ​ចិន​ក៏​មិន​​មាន​ភាគហ៊ុន​នៅក្នុង​នោះ​ដែរ ដោយ​ក្រុមហ៊ុន​បាន​ជួល​អគារ​មួយកន្លែង ​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើជា​ការិយាល័យ។

ក្រុមហ៊ុននេះ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទទួលស្គាល់​ជា​ក្រុមហ៊ុន​ស្របច្បាប់ ខណៈ​ក្រុម​​ហ៊ុន​កំពុង​សាងសង់​អគារ​ផ្ទាល់ខ្លួន​មួយ​ផងដែរ។ លោក​ គុណ​ ញឹម​ បាន​ថ្លែង​ទៀត​ថា ចាប់​ពី​ពេល​នេះ​ទៅ​សម​ត្ថ​​កិច្ច​គយនឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​​ស្កាត់​បទ​ល្មើស​បែប​នេះ​​បន្ត​ទៅ​ទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និ​​ង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថានបាន​ថ្លែងថា ក្រុមហ៊ុន​នេះ​មាន​ប្រធាន​ជា​ជន​ជាតិ​ខ្មែ​រ​ឈ្មោះ សួន ឡុ​ក និង​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​​កម្ម​នៅ​ថ្ងៃទី ២០ ខែ​ កក្កដា ​ឆ្នាំ ២០១៨។

ការដឹកជញ្ជូន​នេះ គឺ​ជា​​បទល្មើស​ផ្ទុយ​នឹង​លិខិតបទដ្ឋាន​គតិ​យុ​ត្តរបស់​កម្ពុ​ជា ច្បាប់​ស្តី​ពី​គយ ច្បាប់​ស្តីពី​កិច្ចការ​​​ពារ​បរិស្ថាន និង​ការ​គ្រប់​គ្រ​ង​ធនធាន​ធម្ម​​ជាតិ ​នៅក្នុង​អនុក្រឹត្យ​លេខ ៣៦ និង​ ២០៩។ លោក​បន្តថា យោងតាម​បទប្បញ្ញត្តិ​ពី​ទោសទណ្ឌ​ដែល​មានចែ​ង​​ក្នុង​ច្បាប់​ជា​ធរមាន និង​តាម​អនុ​ស​ញ្ញា​បា​សែ​ល​ស្តីពី​ការ​ចលនា​ដឹក​ជញ្ជូន និង​ការបោះ​បង់​ចោល​សំណល់​គ្រោះ​ថ្នាក់​ឆ្លងដែន រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចាត់ វិធានការ​លើ​ក្រុមហ៊ុន ជុង​យៀន​ប្លាស្ទិក ទៅ​តាម​ច្បាប់។

លោក​បញ្ជាក់ថា៖ «ក្រុមហ៊ុន​ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លា​ស្ទិក​ទាំង ៨៣ ទូ​កុងតឺន័រ ត្រឡប់​ទៅ​ប្រទេ​ស​​ដើម​វិញ ត្រូវ​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១ ០៣៧ ៥០០ ០០០ រៀល ចូល​ថវិកាជាតិ និង​ក្រុមហ៊ុន ជុង​យៀន ប្លាស្ទិក ត្រូវ​ដឹកទំនិញ​ទៅវិញ និង​បង់​ពិន័យ​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់​ត្រឹម​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ ជា​កំហិត។ ក្នុងករណី​ដែល​ក្រុមហ៊ុន​នេះ ខក​ខាន​ក្នុងការ​អនុវត្ត យើង​នឹង​ពិនិត្យ​ទិដ្ឋ​​ភាពជាក់ស្ដែង ដើម្បី​ជំរុញ​ឲ្យ​ក្រុម​​​ហ៊ុន​ត្រូវតែ​ដឹក​ឲ្យ​លឿន​តាម​ដែល​អាច​​ធ្វើ​​ទៅ​បាន»។

លោក ភក្ត្រា ​បន្ថែមថា សំរាម​ទាំងនេះ​ជា​ប្រភេទ​ប្លា​ស្ទិ​ក​ដែ​ល​​អាច​កែ​ច្នៃ​ធ្វើជា​សម្ភារប្រើប្រាស់​ផ្សេង​ទៀត​បាន ប៉ុន្ដែ​ជាគោលការណ៍​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក​ពី​បរទេស​មក​កែ​ច្នៃ​​ទេ ដោយ​រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ប្រមូល​សំរាម​ក្នុង​ស្រុក​មក​កែច្នៃ​វិញ។

ប្រធាន​ក្រុមហ៊ុន​ ជុង​យៀន ប្លា​ស្ទិ​ក មេ​នូ​ហ្វេ​ក​ឈ័​រ ​ឈ្មោះ សួន ឡុ​ក មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​​បញ្ហា​នេះ​​បានទេ។

លោកស្រី ជៀប សុធា​រី មន្ត្រី​សម្រ​ប​​សម្រួល​​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុបាន​ថ្លែងថា លោក​ស្រី​គាំទ្រ​ចំពោះ​​ចំណាត់ការ​នេះ ប៉ុន្ដែ​អាជ្ញាធរ​គួរ​តម្រូវ​ឲ្យ​អ្នក​នាំចូល​នោះ​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​តុលាការ​មួយទៀត ដើម្បី​​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។

លោកស្រី​បន្តថា លើ​ស​ពីនេះ មន្ត្រី​ទទួលខុសត្រូវ​ត្រួត​ពិនិត្យ​ដែល​បំពេញការងារ​មានការ​ខ្វះចន្លោះ​នោះក៏​​ត្រូវ​​ដាក់​ពិន័យ​ជា​លក្ខណ:រដ្ឋបា​ល​ដែរ​ «ពី​ព្រោះ​រឿងហេតុ​វា​កើតឡើង​នេះ គឺជា​ការធ្វើការ​រួមគ្នា​ទទួលខុសត្រូវ គឺ​មា​ន​ភាគី​ក្រុមហ៊ុន និង​មន្ត្រី ហើយ​បើ​រកឃើញ​កំហុស មាន​ខុស​តែ​ក្រុមហ៊ុន ក៏​មិនទាន់​គ្រប់គ្រាន់​ដែរគឺ​មន្ត្រី​ពាក់​ព័ន្ធ​​ក៏ត្រូវ​​តែ​ទទួល​ខុសត្រូវ​ដែរ»។

លោកស្រី Jenn Gearey អ្នកនាំ​​​​​​ពាក្យ​ក្រសួងបរិស្ថាន និង​ប្រែប្រួល​អាកាសធាតុនៃ​​ប្រទេស​កាណាដា មិន​អាចទាក់ទង​សុំ​​អធិប្បាយ​បាន​ទេ​កាលពីម្សិល​មិញ​។ ប៉ុន្ដែ​លោកស្រី​បាន​ថ្លែង​តាម​សារ​អេ​ឡិច​ត្រូ​និ​ក កាលពី​ពេល​ថ្មីៗ​នេះ​​ថា រដ្ឋាភិបាល​កាណា​ដា បានដឹង​ពី​ក្តីកង្វល់​ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ហើយក៏​បាន​ជួយ​តាមរយៈ​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​ជុំវិញ​បញ្ហា​នេះ។

លោកស្រី​បញ្ជាក់ថា រដ្ឋាភិបាល​កាណាដា​យក​​​ចិត្ត​ទុក​ដាក់​ក្នុងការ​កាត់បន្ថយ​សំរាម​ប្លា​ស្ទិ​ក និង​គាំទ្រ​ដល់​ការបង្កើត​បច្ចេកទេស​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។

លោកស្រី​ថា៖ «រដ្ឋាភិបាល​កាណា​ដាក៏បាន​ចំណាយលុយ ១០​០​ លាន​ដុ​ល្លា​រ សម្រាប់​ជួយ​ដល់​ប្រទេស​ផ្សេងៗ​ក្នុងការ​កែច្នៃ​សំរាម​សម្រាប់​ប្រើប្រាស់​ឡើងវិញ​ចៀសវាង​ការ​កប់​ក្នុង​ដី ចោល​ក្នុង​ស​មុ​ទ្រ ទន្លេ ឬ​បឹង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន»។

គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បានសម្រេច​គាស់​ទូ​កុងតឺន័រ​ ចំនួន ៨៣ ដែល​គេ​ដាក់​តម្រៀប​នៅ​ក្នុង​​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ពិនិត្យ​ជាក់ស្ដែង។ នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ទូ​កុងតឺន័រ​ទាំង​នោះ ក៏​​រកឃើញ​​សុទ្ធ​តែ​សំរាម​ដែល​មាន​ទម្ងន់​ប្រមាណ​ជិត ១ ៦០០ តោន៕