ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ នៅ​ជុំ​ទី ៤ លើក​ទី ៣ និង​បន្ត​ដល់​ជុំ​ទី ៥ រហូតដល់​ខែឧសភា​ឆ្នាំ ២០២១ បន្ទាប់ពី​បាន​ចំណាយ​ថវិការដ្ឋ​អស់​ជាង ២៩១ លាន​ដុល្លារ ជួយ​ពលរដ្ឋ​ជាង ៦៩ ម៉ឺន​គ្រួសារ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​ចុះ​ថ្ងៃទី ២៤ មេសា នេះ​បាន​ឱ្យដឹងថា ចាប់ពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ២៤ ខែ មេសា ២០២១ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ​ចំនួន ២៩១, ៩៨ លាន ដុល្លារ​ជួយ​ដល់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។

បើ​គិត​មកទល់​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​កម្មវិធី​នេះ​ឈានដល់​ជុំ​ទី ៤ លើក​ទី ៣ ហើយ បន្ទាប់ពី​ជុំ​ទី ១ និង​ជុំ​ទី ២ ធ្វើ​ឡើង ២ លើក ជុំ​ទី ៣ និង​ទី ៤ ធ្វើឡើង ៣ លើក និង​ជុំ​ទី ៥ ផង​ដែរ។

សេចក្តី​ជូនដំណឹង​បន្តថា ដោយ​គិត​មកទល់​ត្រឹម​ថ្ងៃទី ២៤ មេសា ឆ្នាំ ២០២១ ក្នុង​ជុំ​ទី ៤ លើក​ទី ៣ ក្រសួង​សង្គមកិច្ច​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ​សរុប ២ ៧៤៨ ៦៣៩ នាក់​នៃ​ចំនួន ៦៩៣ ៣៣៣ គ្រួសារ។

ដោយឡែក​សម្រាប់​ការបើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី ៥ លើក​ទី ១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ មេសា ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២១ ដែល​មាន​រយៈពេល ៣០ ថ្ងៃ។

លោក ឈួ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​វិបត្តិ​កូវីដ​នៅ​បន្ត​អូសបន្លាយ​នៅ​កម្ពុជា ទើប​រាជរដ្ឋាភិបាល​បន្ត​ការបើកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ជនក្រីក្រ​ជា​បន្តបន្ទាប់។

លោក ឈួ សុបញ្ញា បានឱ្យ​ដឹងថា សម្រាប់​ការឧបត្ថម្ភ​ដល់​ជនក្រីក្រ​ត្រូវបាន​ចែកចេញជា ៣ ប្រភេទ គឺ​ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ជនក្រីក្រ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ។ គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ទៅតាម​ទំហំ​គ្រួសារ។

លោក​បាន​បញ្ជាក់ថា ជា​មធ្យម​ក្នុង ១ គ្រួសារ​នឹង​ទទួលបាន​ប្រាក់ ២០ ម៉ឺន​រៀល សម្រាប់​ជនក្រីក្រ​នៅតាម​ជនបទ និង ៨០ ដុល្លារ សម្រាប់​ជនក្រីក្រ​នៅ​ទីប្រជុំជន​ភ្នំពេញ។

លោក​ថា៖ «ជា​មធ្យម​នៅ​ជនបទ​ទទួលបាន ២០ ម៉ឺន​រៀល​ក្នុង ១ ខែ​សម្រាប់ ១ គ្រួសារ។ ចំណែក​អ្នក​នៅ​ទីក្រុង​ជា​មធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែល​ផ្តល់​នេះ​មិនមែន​សុខៗ​យើង​ឱ្យ​សាច់ប្រាក់​ខុសគ្នា​ទេ ផ្តល់​នេះ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ប្រាក់ចំណូល។ ការសិក្សា​នេះ​មាន​ការចូលរួម​ពី (ធនាគារ​ពិភពលោក) និង (ធនាគារ​អភិវឌ្ឍន៍​អាស៊ី)»។

បើតាម​ក្រសួង​សង្គមកិច្ច ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤ ជុំ​រួចហើយ សូម​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វីង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យ​មក​សាលាឃុំ សង្កាត់​ជាថ្មី​ទេ។

ប៉ុន្តែ​ចំពោះ​គ្រួសារ​មាន​បណ្ណ​សមធម៌​មាន​សុពលភាព ហើយ​មិនទាន់​បាន​ផ្ទៀងផ្ទាត់​ក្នុង​ជុំ​ទី ៤ និង​គ្រួសារ​ក្រីក្រ​ដែល​ទើបបាន​បណ្ណ​ថ្មី សូម​ទៅ​ផ្ទៀងផ្ទាត់​នៅតាម​ឃុំ សង្កាត់​ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី ៥៕