ភ្នំពេញៈ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានជ្រើសរើសវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញភាគខាងត្បូងបន្ថែមធ្វើជាកន្លែងសម្រាប់ត្រួតពិនិត្យសុខភាពអ្នកដំណើរដែលទើបវិលត្រឡប់មកពីក្រៅប្រទេស។
ចាប់ពីថ្ងៃទី ២០ ឧសភា មក រដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តវិធានការតម្រូវឱ្យអ្នកដំណើរពីក្រៅប្រទេសទាំងអស់ បន្ទាប់ពីមកដល់ព្រលានយន្តហោះកម្ពុជាភ្លាមៗគឺត្រូវបញ្ជូនទៅដល់នៅកន្លែងរង់ចាំដើម្បីត្រួតពិនិត្យសុខភាព និងយកសំណាកទៅធ្វើតេស្ដរកជំងឺ ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ មុនអនុញ្ញាតឱ្យពួកគេត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬសណ្ឋាគារ ឬនៅកន្លែងដែលកំណត់ដោយអាជ្ញាធរ។
មុនពេលបន្ថែមទីតាំងត្រួតពិនិត្យសុខភាពនៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដែលមានចំនួន ២០០ គ្រែនេះ គឺកន្លងមកអ្នកដំណើរត្រឡប់ពីក្រៅប្រទេស ត្រូវបានគេបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅក្នុងមូលដ្ឋានទ័ពអាកាស និងនៅមណ្ឌលសុខភាពចាក់អង្រែក្រោមដែលទីតាំងមុនទាំង ២ នោះមានគ្រែចំនួន ២០០ គ្រែ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃម្សិលមិញថា ការរៀបចំទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សម្រាប់ទទួលពិនិត្យសុខភាពនេះគឺដើម្បីត្រៀមពិនិត្យសុខភាពអ្នកដំណើរចំនួន ៦ ជើងហោះហើរមកពីប្រទេសចិន និងកូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មិថុនានេះដែលអ្នកដំណើរមួយចំនួនគឺពលករខ្មែរមកពីប្រទេសកូរ៉េខាងត្បូង។
លោកស្រីថា៖ «ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ»។
មន្ត្រីរូបនេះបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី ២០ ឧសភា គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរមកពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ អេស្ប៉ាញ បារាំង និងអ៊ីតាលីអាចចូលមកទឹកដីកម្ពុជាវិញ គឺមានទាំងជនបរទេស និងខ្មែរកើនជាង ២ ពាន់នាក់បានដល់ព្រលានយន្តហោះអន្តរជាតិគិតត្រឹមថ្ងៃទី ២ មិថុនា។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ បានទេដោយសារលោកស្រីថា ជាប់រវល់ប្រជុំ ខណៈលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា លោកស្រីគ្មានព័ត៌មានទាក់ទង់នឹងដំណើរទើបវិលត្រឡប់ពីក្រៅប្រទេសនេះឡើយ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺក្នុង ១ ថ្ងៃមានជើងហោះហើរពី ៦ ទៅ ៧ ជើងបានចូលមកកាន់ប្រទេសកម្ពុជា ប៉ុន្តែលោកបញ្ជាក់ថា មិនបានចាំអំពីជាតិសាសន៍ប៉ុន្មានដែលធ្វើដំណើរតាមជើងហោះហើរទាំងនោះឡើយ។
លោកថា៖ «បើឱ្យបងអង្គុយរាប់ជនជាតិហ្នឹង គឺទាល់យកប៊ិកមកអង្គុយរាប់ម្ដងមួយៗ»។
ក្រសួងសុខាភិបាលបានបញ្ជាក់កាលពីពេលថ្មីៗនេះថា អ្នកដំណើរជនបរទេសដែលអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកម្ពុជាគឺត្រូវមានលិខិតបញ្ជាក់សុខភាពគ្មានជំងឺកូវីដ១៩ ត្រូវមានឯកសារធានារ៉ាប់រងសុខភាពយ៉ាងតិច ៥ ម៉ឺនដុល្លារ ហើយរាល់អ្នកដំណើរទាំងអស់គឺត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ ១៩ និងរង់ចាំទទួលលទ្ធផលនៃការធ្វើតេស្ដពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ប្រសិនបើលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថាមានអ្នកដំណើរម្នាក់ ឬច្រើនកើតជំងឺកូវីដ ១៩ គឺអ្នករួមដំណើរទាំងអស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ហើយប្រសិនអ្នកដំណើរទាំងអស់ទទួលបានលទ្ធផលអវិជ្ជមាន គឺត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ៕