
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមបន្ធូរដៃក្នុងការរឹតត្បិតសកម្មភាពអង្គការសង្គមស៊ីវិលដោយបានបើកផ្លូវទូលាយឲ្យពួកគេធ្វើសកម្មភាពដោយមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដូចកាលពីពេលមុនៗទៀតឡើយ ដែលកាយវិការនេះត្រូវបានទទួលការស្វាគមន៍ និងសាទរពីក្រុមសង្គមស៊ីវិលដែលធ្លាប់តែរិះគន់អំពីការគាបសង្កត់មកលើពួកគេក្នុងការបំពេញតួនាទីពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
យោងតាមលិខិតចេញផ្សាយពីម្សិលមិញដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានជូនដំណឹងទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តប្រាប់ឲ្យជួយសម្រួលចំពោះការធ្វើសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានដោយមិនចាំបាច់ជូនដំណឹងមុន ៣ ថ្ងៃពេលធ្វើសកម្មភាពនានាដូចមុនទៀតទេ។
នៅក្នុងលិខិតនោះលោក ស ខេង គូសបញ្ជាក់ថា៖ «សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ព្រមទាំងសហគមន៍នានានៅមូលដ្ឋានមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របច្បាប់ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល ៣ ថ្ងៃមុនពេលធ្វើសកម្មភាពដូចមុននោះឡើយ»។
ការបញ្ជាក់របស់លោក ស ខេង បែបនេះគឺជាលើកទី ២ ហើយ បន្ទាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ លោកក៏ធ្លាប់បានចេញសេចក្ដីណែនាំមួយដែរស្ដីពីកិច្ចសហប្រតិបត្ដិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកព្រមទាំងសហគមន៍នានានៅមូលដ្ឋានក្នុងន័យដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលព្រមទាំងសហគមន៍នានានៅមូលដ្ឋាននោះ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា បានសាទរចំពោះការជូនដំណឹងរបស់ក្រសួងមហាផ្ទៃទៅមន្ដ្រីនៅថ្នាក់មូលដ្ឋានដើម្បីបើកសិទ្ធិទូលាយបែបនេះសម្រាប់សង្គមស៊ីវិល ដោយលោកលើកឡើងថានេះជាកិច្ចសហប្រតិបត្ដិការមួយដែលបានចូលរួមការងារល្អជាមួយអង្គការ សមាគមនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «[នេះ] ដោយសារតែមានការប្រតិកម្មជាបន្ដបន្ទាប់ពីអង្គការសង្គមស៊ីវិល និងសមាគមដែលធ្វើការផ្នែកសិទ្ធិមនុស្សផ្នែកតស៊ូមតិ និងផ្នែកឃ្លាំមើលការបោះឆ្នោតជាដើមដែលធ្លាប់មានការរឹតត្បិតពីសកម្មភាពរបស់ពួកយើង។ ដូច្នេះយើងទាមទារឱ្យមានការបើកទូលាយ ចំពោះការធ្វើសកម្មភាពរបស់ពួកយើង អ៊ីចឹងយើងឃើញមានសកម្មភាពជាបន្ដបន្ទាប់ដែលក្រសួងមហាផ្ទៃបានធ្វើដូចជាការបង្កើតក្រុមការងារដើម្បីសម្របសម្រួលរឿងហ្នឹងរហូតដល់ចេញលិខិតដល់អាជ្ញាធរមូលដ្ឋានដោយមិនចាំបាច់ឲ្យជូនដំណឹងបែបនេះជាដើម»។ ប៉ុន្តែលោក សែនករុណា នៅតែមានការព្រួយបារម្ភ ចំពោះមន្ដ្រីថ្នាក់ក្រោមជាតិ ចំពោះការមិនបានអនុវត្ដបានពេញលេញតាមបទបញ្ជា និងមិនសហការជាមួយអង្គការសង្គមស៊ីវិល។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលើកឡើងថា៖ «យើងសង្ឃឹមថាអាជ្ញាធរមូលដ្ឋានដែលមិនទាន់ដឹងច្បាស់ពីច្បាប់ និងការអនុវត្ដការងាររបស់អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលនឹងអនុវត្ដតាមសេចក្ដីណែនាំនេះឱ្យបានល្អប្រសើរជាមួយអង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋានពេលពួកគេបំពេញការងារនានា»។
លោកថាកន្លងមកអង្គការសង្គមស៊ីវិល ទោះបីមានច្បាប់ និងការអនុញ្ញាតត្រឹមត្រូវពីក្រសួងហើយក៏ដោយ ប៉ុន្ដែពេលចុះទៅបំពេញការងារតែងតែមានការរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន។
លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថា រឿងនេះគឺជាចំណងដែលក្រសួងមហាផ្ទៃជាអ្នកចង ហើយពេលនេះក្រសួងមហាផ្ទៃក៏ជាអ្នកត្រូវដោះស្រាយ។
គួររំឮកផងដែរថាសិទ្ធិនៃការតស៊ូបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលទំនងជាមានការលំបាកជាមួយនឹងការរិតបន្តឹង តែអង្គការមនុស្សធម៌ទាំងនោះបានដឹងហើយថារហូតមកដល់ពេលនេះស្ថានភាពទាំងនោះត្រូវបានធ្វើឲ្យមានភាពប្រសើរឡើងវិញហើយ៕