គម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ រយៈពេល ៥ ឆ្នាំ របស់រដ្ឋាភិបាលត្រូវបានប្រកាសដាក់ឲ្យអនុវត្តពីម្សិលមិញ ខណៈមន្ត្រីថា មានចំណុចជាច្រើនទៀត ដែលត្រូវធ្វើកំណែទម្រង់នៅថ្នាក់ក្រោមជាតិ បើទោះបីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកមានលក្ខណៈល្អប្រសើរក្តី។
កម្មវិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលប្រមាណ ១៥០ នាក់។
គម្រោងនេះ ត្រូវបានគាំទ្រថវិកាពីមូលនិធិបរធនបាលកិច្ចគ្រប់គ្រងដោយធនាគារពិភាពលោក ក្រោមការផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីសប្រមាណ ៩,៦ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកផ្តល់សេវាដល់ប្រជាពលរដ្ឋឲ្យមានគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គជអប) មានប្រសាសន៍ថា ផែនការដំណាក់កាលទី១ កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ បានអនុវត្តរួចមកហើយ លើវិស័យចំនួន ៣ គឺរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលគ្របដណ្តប់លើស្រុកគោលដៅចំនួន ៩៨ នៃខេត្តចំនួន ១៨។
លោកថា ផែនការនេះ ទទួលបានលទ្ធផលល្អៗ និងបទពិសោធថ្មីៗ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើវិស័យជាអាទិភាព ដែលប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវការជាចាំបាច់។
លោកបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ យើងនឹងខិតខំបន្ថែមទៀត មិនមែនបានន័យថា ដាក់គម្រោងហ្នឹងទៅ យើងដោះស្រាយបញ្ហាទាំងអស់បាន ហើយក៏មិនមែនមានតែគម្រោងមួយហ្នឹងទេ ដែលយើងធ្វើកិច្ចការហ្នឹង។ យើងធ្វើជាបន្តបន្ទាប់ រៀនផង សាកល្បងផង។ យើងធ្វើការកែលម្អបន្តិចម្តងៗ ពីបទពិសោធកន្លងមក ដែលមានការពិបាកច្រើនដែរ»។
លោកបន្តថា៖ «លើកនេះយើងធ្វើកំណែទម្រង់ធំជាងមុន ដោយបន្តពង្រីកបន្ថែមទៀត ទៅលើវិស័យសំខាន់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ទឹកស្អាត អនាម័យ សំរាម ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់គាត់។ ព្រោះយើងសម្លឹងមើលសេវាណា ដែលចាំបាច់នៅថ្នាក់មូលដ្ឋាន។ ទៅមុខទៀត យើងនឹងពង្រីកទៅលើការផ្តល់សេវាទាំងនេះបន្តទៀត ព្រោះកន្លងមកនេះ ប្រភេទនៃបញ្ហារួមនៅថ្នាក់មូលដ្ឋាន ដូចជាបញ្ហាប្រឈមក្នុងការផ្តល់សេវាសាធារណៈមានការថយចុះ»។
លោក ងី ច័ន្ទ្រផល បានឲ្យដឹងដែរថា ដោយទទួលបានមេរៀនបទពិសោធពីការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី១ គ.ជ.អ.ប. បានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់គ្របដណ្តប់លើក្រុង ស្រុក ខណ្ឌ គោលដៅចំនួន ១៧០ ក្នុងរាជធានី និងខេត្ត ចំនួន ២៤។ ផ្តោតសំខាន់លើអង្គភាពផ្តល់សេវារដ្ឋបាល ឃុំ សង្កាត់ ជិត ១ ៥០០ និងសាលាបឋមសិក្សា ឬមណ្ឌលសុខភាពជាង ៧ ០០០ កន្លែងទូទាំងប្រទេស។
លោក ដានីញ៉ែលរ័ក សេលវ៉ាណាយ៉ាហ្គាំ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជានិយាយថា គម្រោងផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារគណនេយ្យភាពសង្គម នឹងផ្តោតការធានាថា ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងតំបន់គោលដៅ មានកិច្ចសន្ទនាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈ។
លោកបញ្ជាក់ថា៖ «យើងទាំងអស់គ្នា មានកិត្តិយសណាស់ ដែលត្រូវបានទុកចិត្តឲ្យទទួលខុសត្រូវធ្វើការងារលើកកម្ពស់ដល់កិច្ចការសន្ទនាថ្នាក់មូលដ្ឋាន រវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលនៅក្នុងឃុំទាំងអស់ក្នុងប្រទេស រហូតដល់ ២០២៤»។
លោកបន្ថែមថា៖ «យើងជឿជាក់ថា គម្រោងនេះ នឹងនាំមកនូវសេវាសាធារណៈកាន់តែប្រសើរឡើងតាមវិស័យអប់រំ សុខភាព និងរដ្ឋបាលសាធារណៈ ហើយផ្តល់ផលដល់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសពលរដ្ឋងាយរងគ្រោះ ដែលនឹងទទួលបានសេវាដ៏ល្អប្រសើរនេះ»។
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ (គជអប) និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា គម្រោងគាំទ្រចំនួន ២ ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ សម្រាប់ជួយគាំទ្រដល់ការអនុវត្តរយៈពេល ៥ ឆ្នាំ ដល់ផែនការអនុវត្តគណនេយ្យភាពសង្គមរបស់រដ្ឋាភិបាលឆ្នាំ២០១៩-២០២៣។ ទី១ មានគម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី២ គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម។
យោងតាមរបាយការណ៍របស់ គ.ជ.អ.ប. ផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ រយៈពេល៥ឆ្នាំរបស់រដ្ឋាភិបាល គ្រោងនឹងចំណាយប្រមាណ ៣២ លានដុល្លារ។ ក្នុងនោះថវិកាប្រមាណ ១២ លានដុល្លារ សម្រាប់ផ្គត់ផ្គង់ និងថវិកាប្រមាណ ១៨ លានដុល្លារ សម្រាប់ផ្នែកតម្រូវការ ខណៈថវិកាប្រមាណ ២ លានដុល្លារទៀត សម្រាប់ការងាររដ្ឋបាល និងប្រតិបត្តិការរបស់មូលនិធិបរធនបាលកិច្ច៕