ភ្នំពេញៈ រដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ (៥ម៉ឺន) រៀល ក្នុងម្នាក់ៗ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដែលប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់សម្រាប់ម្នាក់ៗតែ ១ កន្លែង និង ១ លើកប៉ុណ្ណោះ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចេញកាលពីថ្ងៃទី ១៩ ខែ មីនា។
តាមមាត្រា ២ នៃអនុក្រឹត្យនេះ បញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឲ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រូវគោរពតាមគោលការណ៍ដូចតទៅ៖ ក្រសួង ស្ថាប័ន ដែលបានរៀបចំការបើកគណនីបៀវត្សជូនមន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួនរួចហើយ ត្រូវធ្វើការបើកប្រាក់ឧបត្ថម្ភនេះចូលទៅក្នុងគណនីបៀវត្សរ៍របស់សាមីជនម្នាក់ៗ ផ្ទាល់តែម្តង។
ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកបណ្តែតត្រូវអនុវត្តតាមគណនីបៀវត្សរ៍របស់សាមីជនម្នាក់ៗ។ ក្រសួង ស្ថានប័ន និងអង្គភាព ដែលមិនទាន់បើកគណនីបៀវត្សរ៍សម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឲ្យបានដល់សាមីជនម្នាក់ៗគ្រប់ចំនួន និងទាន់ពេលវេលា។
និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន នៃកងយោធពលខេរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារ ជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែ ១ កន្លែង ដែលចាត់ចែងបើកផ្តល់ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវ ក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភ ដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច ៤ ខាងលើ។
មាត្រា ៣ នៃអនុក្រឹត្យនេះ ក៏បានបញ្ជាក់ថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីឲ្យដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩។
លោក មាន ណាត មេឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លើកឡើងថា ថ្វីដ្បិតប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំនេះមានចំនួនតិចមែន ប៉ុន្តែវាគឺជាការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលទៅកាន់មន្ត្រីរាជការ ហើយវាក៏ជាទឹកប្រាក់មួយ ដែលធ្វើឱ្យសមាជិកភូមិ ឃុំរបស់លោក ពេញចិត្តនឹងទទួលយកដែរ។
លោកថ្លែងថា៖ «ប៉ុន្តែក្រុមការងារយើងដូចមេភូមិជាដើម គាត់មានចិត្តសប្បាយណាស់។ វាតិចមែន ប៉ុន្តែអានេះគឺជាការលើក ទឹកចិត្ត។ ប៉ុន្តែបើប្រាក់ខែបច្ចុប្បន្ន គឺសម្រាប់មេភូមិទទួលបាន ២៥ ម៉ឺន និងមេឃុំទទួលបាន ១ លាន ៣ ម៉ឺនរៀល»។
លោក ញ៉ែម សារ៉ន នាយកសាលាបឋមសិក្សាកុលាបទី ១ នៅសង្កាត់ស្រះចក រាជធានីភ្នំពេញថ្លែងដែរថា៖ «ជាកិត្តិយសមួយ សម្ដេចបានជួយឧបត្ថម្ភ ៥ ម៉ឺនដល់មន្ត្រីរាជការនៅទូទាំងប្រទេស ទាំងខ្ញុំ និងបុគ្គលិកគឺត្រេកអរណាស់និងសប្បាយរីករាយដែលសម្ដេចឱ្យថវិកាហ្នឹង»។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថា រដ្ឋាភិបាលមានការគិតគូរដើម្បីលើកទឹកចិត្តមន្ត្រីរាជការឱ្យទទួលបាននូវក្ដីរីករាយក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ ហើយវាក៏ជាការបង្ហាញមួយសម្រាប់រដ្ឋាភិបាល ដែលមានសមត្ថភាពមានលុយគ្រប់គ្រាន់ ក្នុងការផ្ដល់ប្រាក់បន្ថែមសម្រាប់មន្ត្រីរាជការ។
លោកថា៖ «វាការរួមចំណែករបស់រដ្ឋាភិបាល ដែលបង្ហាញអំពីជំហរគុណធម៌ សីលធម៌ ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់មន្ត្រីរាជការ ដែលបានបម្រើសាធារណៈ ដូច្នោះទៅតាមលទ្ធភាពដើម្បីចូលរួមបង្ហាញអំពីទឹកចិត្តស្ម័គ្រស្មោះ និងលើកទឹកចិត្ត ក្នុងការចូលរួមបុណ្យប្រពៃណីជាតិខ្មែរ»។
លោក មាស សុខសែនសាន មន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថា លោកមិនទាន់ដឹងអំពីទំហំទឹកប្រាក់ដែលត្រូវចំណាយក្នុងការលើកទឹកចិត្តមន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំនៅឡើយ៕