
ក្រុមអ្នកខ្សត់ខ្សោយពេលដើរសុំទាននៅរាជធានីភ្នំពេញកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលកំពុងពន្លឿនការផ្តល់ប័ណ្ណសមធម៌ដល់ជនក្រីក្រក្នុងនោះក៏មានអ្នកសុំទានផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានសេវាព្យាបាលជំងឺដោយមិនគិតថ្លៃ ដែលជាការជួយសម្រាលបន្ទុកចំណាយដល់ពួកគាត់។នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងកាលពីថ្ងៃ ២៩ មេសា លោក ខៀវ កាញារីទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលបានគិតគូរដល់អ្នកក្រីក្រ ពិសេសអ្នកសុំទានដោយបានធ្វើជាប័ណ្ណសមធម៌ដើម្បីឲ្យពួកគេអាចចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពដោយឥតគិតថ្លៃពេលមានជំងឺ ហើយអ្នកទៅកំដរក៏រដ្ឋផ្តល់ថវិកាដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «គោលនយោបាយនេះ មានសារៈសំខាន់ណាស់ដើម្បីផ្តល់សេវាថែទាំសុខភាពសាធារណៈជូនដល់ពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពព្យាបាលជំងឺ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលក៏បានជួយមន្ត្រីរាជការ កម្មករកម្មការិនី និងកងកម្លាំងប្រដាប់អាវុធឲ្យទទួលបានសេវាថែទាំ និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃផងដែរ តាមរយៈការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
លោក ខៀវ កាញារីទ្ធ បានបន្ថែមថា គោលនយោបាយ ប.ស.ស គឺកើតចេញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ដើម្បីដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ឱ្យទទួលបានសេវាថែទាំ និងការព្យាបាលបានដិតដល់ និងឥតគិតថ្លៃ។
កាលពីម្សិលមិញ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់និយាយថារាប់បញ្ចូលទាំងអ្នកសុំទាន។ និយាយរួម បន្ទាប់ពីក្រសួងផែនការចេញហើយ (លទ្ធផលជំរឿនឆ្នាំ ២០១៩) កំណត់ថាអ្នកណាក្រីក្រ ហើយនោះសូម្បីតែអ្នកសុំទានក៏យើងអាចជួយឱ្យគេទៅព្យាបាលជំងឺបានដែរព្រោះអ្នកសុំទានគាត់ត្រូវរាប់បញ្ចូលប្រភេទអ្នកក្រីក្រហ្នឹងហើយ»។
លោកថា ប័ណ្ណក្រីក្រគឺក្រសួងផែនការជាអ្នកចេញជូនពលរដ្ឋក្រីក្រពិតប្រាកដ បន្ទាប់ពីធ្វើជំរឿនប្រជាសាស្ដ្រ។
លោកបានបញ្ជាក់ថា៖ «យើងមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់បុគ្គលិករដ្ឋដែលធ្វើការងារទៀងទាត់ចំណែកមានប័ណ្ណសមធម៌សម្រាប់អ្នកក្រីក្រ។ អ៊ីចឹងក្រសួងផែនការគេមានលក្ខណវិនិច្ឆ័យច្រើនសម្រាប់អ្នកណាក្រីក្រ»។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា៖ «នេះគឺជាការទទួលខុសត្រូវផ្នែកជំនួយសង្គមរបស់ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម។ រាជរដ្ឋាភិបាលប្រើប្រាស់មូលនិធិសមធម៌សុខាភិបាលក្នុងការទ្រទ្រង់កម្មវិធីនេះ»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា អ្នកសុំទាននៅបរទេសគឺជាអាជីពមួយរបស់គេដែលមិនបានចាត់ទុកជាជនក្រីក្រទេ ដោយភាគច្រើនពួកគេគ្រាន់តែជាជនពនេចរធ្វើដំណើរផ្សងព្រេងប៉ុណ្ណោះ។
លោកថា៖ «ស្រុកគេៗហៅពួកអត់មានផ្ទះស្នាក់នៅ (អ្នកសុំទាន) គេបង្កើតមជ្ឈមណ្ឌលមួយសម្រាប់ផ្ដល់បាយទឹកឱ្យពួកមនុស្សបែបនេះរស់នៅហើយពួកនេះបានទៅសុំថវិកាឧបត្ថម្ភសង្គមពីរដ្ឋ តែរដ្ឋគេទាល់តែមានអាសយដ្ឋានច្បាស់លាស់ទើបគេផ្ដល់ឱ្យ ប៉ុន្ដែអ្នកសុំទានខ្មែរចេញពីមូលដ្ឋានរបស់ពួកគាត់មក»។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញគោលនយោបាយ ប.ស.ស បានទេកាលពីម្សិលមិញ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានថ្លែងថា ការពន្លឿនការផ្ដល់ប័ណ្ណក្រីក្រនេះគឺជារឿងល្អ ប៉ុន្ដែលោកបានកត់សម្គាល់ថា មន្ដ្រីមូលដ្ឋាននៅមិនទាន់បានផ្ដល់ប័ណ្ណក្រីក្រចំគោលដៅ ដោយអ្នកខ្លះមិនសមនឹងទទួលបានប័ណ្ណក្រីក្រទេ។
លោកថា៖ «រឿងនេះជាបញ្ហាមួយដែលធ្វើឱ្យការផ្ដល់នូវសេវាទាំងនេះ មិនចំប្រជាជនដែលត្រូវការជាក់ស្ដែង។ អ្នកដែលមានធនធាន មិនគួរទទួលបានប័ណ្ណក្រីក្រ បែរជាទទួលបានប័ណ្ណទៅវិញ ដែលរឿងនេះនាំឱ្យមានបញ្ហាកើតឡើង និងនាំឱ្យមានការរិះគន់នៅក្នុងមូលដ្ឋាន»៕