ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ឈ្មួញ​ទាំងឡាយ​ណា​ដែល​ឆ្លៀតឱកាស​យកចំណេញ​ដោយ​ការដំឡើង​តម្លៃ​ទំនិញ​ស្រេច​តែ​ចិត្ត​នៅ​តាម​ទីផ្សារ ឬ​ហាង​ដែល​បើក​លក់ទំនិញ​បរិភោគ​ប្រចាំ​ថ្ងៃ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​បារម្ភ និង​ជ្រួលច្របល់​ហួសហេតុ ដោយសារ​ជំងឺឆ្លង​កូវីដ​ ១៩​។

រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន អំពាវនាវ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​សន្តិភាព​ពី​ម្សិលមិញ​ស្នើសុំ​ឲ្យ​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​ហាង​ទំនិញ​ទាំងឡាយ កុំ​ឆ្លៀត​ឱកាស​យក​ផលចំណេញ​តាមរយៈ​ការដំឡើង​ថ្លៃទំនិញ​ហួសហេតុ ជាពិសេស​គ្រឿង​បរិភោគ ខណៈ​ពលរដ្ឋ​កំពុង​មាន​ការជ្រួលច្របល់​ពី​ជំងឺ​កូវីដ​ ១៩​។ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​ទៅរក​ប្រពៃណី​ខ្មែរ​ដែល​ចេះជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​។

ដោយ​មាន​ការព្រួយបារម្ភ​របស់​ពលរដ្ឋ​នឹង​មេរោគ​កូរ៉ូណា ឬ​កូវីដ​ ១៩ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជ្រួលច្របល់​នេះ​លោក​ ផៃ ស៊ីផាន ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ស្មារតី​រឹងប៉ឹង​កុំ​បារម្ភ​ជ្រុលពេក​ដោយ​លោក​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​ដែល​ឈរ​នៅ​ខ្សែត្រៀម​ទី​ ១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​ ផៃ ស៊ីផាន អំពាវនាវ​ថា​៖ «​សូម​ជម្រាប​ដល់​ប្រជាពលរដ្ឋ​កុំ​ជ្រួលច្របល់​ហួសហេតុ​នាំឲ្យ​ជន​ឱកាសនិយម​អាច​ឆ្លៀត​តាមរយៈ​យកចំណេញ​ឡើងថ្លៃ​ទំនិញ​ដែល​មិន​សមហេតុ​សមផល​។ សូម​ម្ចាស់​ហាង​ទូទៅ​ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀត​ឱកាស​ដំឡើងថ្លៃ​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​ព្រមាន​ថា​៖ «​ក្នុងករណី​រកឃើញ​ភាពមិនប្រក្រតី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។ ដូច្នេះ​ពាណិជ្ជករ​គួរតែ​ប្រុងប្រយ័ត្ន រាជរដ្ឋាភិបាល​នឹង​មាន​វិធាន​ក្នុង​ការចាប់​តាម​ផ្លូវច្បាប់​នៅពេល​បង្កើន​តម្លៃ​លក់​ហ្នឹង​ហួសហេតុ​»​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​អាយុ​ ៦០ ​ឆ្នាំ ដែល​មាន​ជំងឺ​កូវីដ​ ១៩ ​នោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​រួចហើយ​។ ឯ​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៣៨ ​ឆ្នាំ​ដែល​កំពុង​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​គាត់​ក៏​មាន​សុខភាព​ល្អ​មិនមាន​រោគសញ្ញា​អ្វី​បន្ថែមទៀត​ទេ បើ​ទោះ​គាត់​នៅ​បន្ត​វិជ្ជមាន​កូវីដ​ក៏ដោយ​។ អ្នក​ប៉ះពាល់​គាត់​ទាំងអស់​ក៏​មិនទាន់​រកឃើញ​វិជ្ជមាន​អំពី​មេរោគ​កូវីដ​ ១៩ ​នោះដែរ​។ រីឯ​ជនជាតិ​អង់គ្លេស​ភេទ​ស្រី​អាយុ​ ៦៥ ​ឆ្នាំ​កំពុង​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​។ គាត់​មាន​សុខភាព​ល្អ មិនមាន​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។

ក្នុង​សន្និសីទកាសែត​ម្សិលមិញ​នេះដែរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ខៀវ សុភ័គ ក៏បាន​បង្ហាញ​ពី​លទ្ធផល​ដែល​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ក្នុង​ឆ្នាំ​កន្លងទៅ​ដោយ​ក្នុងនោះ​លោក​ក៏បាន​បង្ហាញ​ពី​ចំនួន​ច្រកទ្វារ​អន្តរជាតិ ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​។ លោក​បញ្ជាក់ថា កម្ពុជា​មាន​ច្រកទ្វារ​ចេញ-ចូល​អន្តរជាតិ ដែល​ជា​ច្រកទ្វារព្រំដែន​គោក ព្រំដែន​ទឹក និង​អាកាស​សរុប​មាន​ ៨២ ​ច្រក​។

លោក​ ខៀវ សុភ័គ ប្រាប់​អ្នកកាសែត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្នាំ​ ២០១៩ សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បង្ក្រាប​ចំនួន​ ៦០ ​ករណី​ដោយ​ឃាត់ខ្លួន​ជនល្មើស​ ១០ ​នាក់​រួមទាំង​វត្ថុតាង​ជាច្រើន​តោន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ផលិតផល​ក្លែងក្លាយ​នេះ​មាន​ដូចជា​សាប៊ូ ថ្នាំពេទ្យ គ្រឿង​បរិភោគ​។​ល​។

ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ប្រាក់​ខុសច្បាប់​លោក​បញ្ជាក់ថា​៖ «​យើង​បាន​បើក​ការស៊ើបអង្កេត​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់​ចំនួន​ ៧៥ ​ករណី​កសាង​សំណុំរឿង​ទៅ​ស្ថាប័ន​អយ្យការ​ចំនួន​ ១៥ ​ករណី​។ ស្ថាប័ន​អយ្យការ​បានសម្រេច​ចោទប្រកាន់​បទល្មើស​សម្អាត​ប្រាក់​ ១០ ​ករណី​»​។

លោក​បន្ថែមថា​ក្នុង​នោះ​មាន​ការបង្កក​សាច់ប្រាក់​ដុល្លារ​ចំនួន​ ៧ ៧៨៦ ១៧៩,៣៥ ​លាន​ដុល្លារ រក្សាទុក​ផ្ទះ​ ៣ ​កន្លែង និង​ទីតាំង​ដីឡូត៍​ ១ ​កន្លែង និង​រថយន្ត​ ៧២ ​គ្រឿង និង​ម៉ូតូ​ចំនួន​ ២៦៥៣ ​គ្រឿង​ដែល​នេះ​ជា​បទល្មើស​ចរាចរណ៍​ប្រាក់​មិន​ស្របច្បាប់​។

ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​លោក​ឲ្យ​ដឹងថា គិត​មកដល់​បច្ចុប្បន្ន​នេះ​ការបោះ​ពុម្ភ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​បាន​ចំនួន​ ១០ ​លាន​ ៥ ​សែន​ ៩១ ​សន្លឹក និង​បានផ្តល់​ជូន​រាជធានី​ខេត្ត​បាន​ ១០ ​លាន​ ៤ ​សែន​ ៦ ​ម៉ឺន​ ៨ ​ពាន់​ ១៧១ ​សន្លឹក លើស​ផែនការ​ជាង​ ១១ ​លាន​នាក់​។ បានសេចក្តីថា ជាទូទៅ​ពលរដ្ឋ​ខ្មែរ​មាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​។ សម្រាប់​ការវិនិយោគ លោក​ថា​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ តួលេខ​វិនិយោគ​មាន​ក្រុមហ៊ុន​វិនិយោគ ២៦២២ ​ក្រុមហ៊ុន​ក្នុង​នោះ​មាន​វិស័យ​កសិកម្ម​ ២៥២ ​ក្រុមហ៊ុន​ពោលគឺ​មានការ​កើនឡើង បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៨ ​កើនឡើង​ ៧៦ ​ក្រុមហ៊ុន​។

លោក​ ខៀវ សុភ័គ ថ្លែងថា​៖ «​សកម្មភាព​វិនិយោគ​បរទេស​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ពិសេស​លើ​វិស័យ​រោងចក្រ​សហគ្រាស​បាន​ឆ្លុះបញ្ចាំង​ថា អ្នកវិនិយោគ​បរទេស​នៅតែ​ជឿជាក់ និង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​សម្រាប់ធ្វើ​ការវិនិយោគ​របស់​ខ្លួន​»​។

រឿង​ពន្ធនាគារ​លោក​បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ មាន​អ្នកជាប់ឃុំ​ ៣៧០០៧ ​នាក់​ក្នុងនោះ​មាន​ស្ត្រី​ ២៥៨៤ ​នាក់​។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ កម្ពុជា​មាន​អ្នក​ជាប់ឃុំ​ជិត​ ២០០០ ​នាក់​ប៉ុណ្ណោះ​ទូទាំងប្រទេស​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​នៅពេលណា​ប្រទេសជាតិ​រីកចម្រើន​ទៅ​ការប្រព្រឹត្ត​បទល្មើស​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​»​។

ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ឆ្នាំ​ ២០១៩ លោក​ ខៀវ សុភ័គ ថ្លែងថា​កម្ពុជា​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ជាច្រើន ដែល​ព្រឹត្តិការណ៍​ខ្លះ​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ​ទាំងមូល​។ ជាពិសេស​ឆ្នាំ​ ២០១៣ ក្រោយ​ការបោះឆ្នោត​ដោយ​លោក​បាន​លើក​ពី​ឈ្មោះ​អតីត​បក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នកបង្ក​ឲ្យ​មាន​បញ្ហា​សម្រាប់​ជាតិ​។

លោក​ថា​៖ «​ដោះដូរ ដោះដូរ មុន​ការបោះឆ្នោត​គឺជា​ការត្រឹមត្រូវ​។ ប៉ុន្តែ​ដូរ​ក្រោយ​ការបោះឆ្នោត​មិនជា​ការត្រឹមត្រូវ​ទេ​។ ២០១៣ ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​ច្បាប់​យើង​រំសាយ​គាត់​បាន​រៀបចំ​នូវ​យុទ្ធនាការ​មួយ​រហូត​ដល់​ទីបំផុត​ថ្ងៃទី​ ៤-៥ ​មករា ២០១៤ ផ្ទុះអាវុធ​ជា​កុបកម្ម ឯកសារ​ទាំងអស់​នេះ​មាន​ក្នុង​ដៃ​សមត្ថកិច្ច ហើយ​មាន​នៅ​ក្នុង​ដៃ​របស់​មេធាវី​រដ្ឋាភិបាល​ដាក់បន្ទុក​ទៅលើ​ជនជាប់ចោទ​»​។

ក្នុង​មុខសញ្ញា​ពាក់ព័ន្ធ​ដែល​លោក​ថា ពួក​ឧទ្ទាម​ក្រៅច្បាប់​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​កន្លងទៅ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ៧៣ ​នាក់​ក្នុង​យុទ្ធនាការ​ សម រង្ស៊ី វិល​ចូល​ស្រុក​។ មុខសញ្ញា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ប្រព្រឹត្ត​បទល្មើស​ ៩១ ​នាក់ និង​ក្រុម​បង្កើត​ចលនា​កងកម្លាំង​ខ្មែរ​រំដោះ​ខ្មែរ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ និង​បង្ក្រាប​។

ចំពោះ​សកម្មភាព​បាតុកម្ម​កូដកម្ម​គ្រប់​ប្រភេទ​បាន​កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មាន​ចំនួន​ ៦៦៩ ​លើក ហើយ​បាតុកម្ម កូដកម្ម​នេះ​ក៏​ត្រូវ​បាន​ដោះស្រាយ និង​ចាត់វិធានការ​ទៅតាម​គោលការណ៍​ច្បាប់​។

បើតាម​លោក​ ខៀវ សុភ័គ ពី​ឆ្នាំ​ ២០១៨ និង ២០១៩ បទល្មើស​រួមមាន​ការកើនឡើង ២០១៨ មាន​ ២៩៦៩ ​លើក​ដល់​ ២០១៩ ​ឡើង​ ៣១៩៦ ​លើក​មានការ​កើនឡើង​ជារួម​បទល្មើស​។ បទឧក្រិដ្ឋ ២០១៨ មានតែ ៦២១ ​លើក ដល់​ ២០១៩ មាន​រហូតដល់​ ៧០១ ​លើក បទមជ្ឈិម​មាន​ ២៣៤៨ ឡើង​រហូតដល់​ ២៤៩៥ ក្នុង​ឆ្នាំ​ ២០១៩​។ បណ្តាល​ឲ្យ​ពលរដ្ឋ​ស្លាប់​ ២៣៨ ​នាក់​ក្នុង​ឆ្នាំ​ ២០១៨ និង​ ២១១ ​នាក់​ស្លាប់​ក្នុង​ឆ្នាំ​ ២០១៩​។ ឯ​អ្នករបួស​ឆ្នាំ​ ២០១៨ មាន​ ៨៤៤ ​រូប និង​ឆ្នាំ​ ២០១៩ មាន​ ៨២៩ ​រូប​៕

វីដេអូ៖