ភ្នំពេញៈ រថយន្តកែច្នៃចំនួន ១៥ គ្រឿងត្រូវបានមន្ត្រីគយនិងរដ្ឋាកររឹបអូស ខណៈពេលបើកប្រតិបត្តិការចុះបង្ក្រាបយានដ្ឋានកែច្នៃរថយន្តខុសច្បាប់មួយកន្លែងកាលពីថ្ងៃសៅរ៍នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាករណីដែលមន្ត្រីសង្គមស៊ីវិលយល់ថា ជាការបង្កបញ្ហាដល់អ្នកទិញយកទៅប្រើ ទាំងបញ្ហាសុវត្ថិភាព និងផ្លូវច្បាប់។
លោក កែវ សំអាត ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌពោធិ៍សែនជ័យ មិនអាចសុំការបញ្ជាក់បានទេ ដោយលោកបង្វែរសំណួរឲ្យសួរទៅកាន់លោក តេ សុមុនី ប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលមិនអាចសុំការបញ្ជាក់បានដោយលោកថា កំពុងជាប់រវល់កាលពីថ្ងៃអាទិត្យ។
មន្ត្រីគយ និងរដ្ឋាកររាជធានីភ្នំពេញត្រូវបានស្រង់សម្ដីដោយ FreshNews ថា រថយន្តទាំងនេះជាប្រភេទរថយន្តលុចស៊ីស (Lexus) កូនកាត់ដែលផលិតចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១១ ដែលមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H ហើយត្រូវបានដឹកយកមកទុកក្នុងឃ្លាំង។
តាមសេចក្ដីរាយការណ៍នោះថា រថយន្តទាំងនេះសុទ្ធតែមានចង្កូតឆ្វេង។ក្នុងចំណោមនោះមាន ៣ គ្រឿងត្រូវបានកាត់តរួច ១០០% ដោយ ១ គ្រឿងមានពាក់ស្លាកលេខក្លែងក្លាយ។
ចំណែកឯ ១២ គ្រឿងទៀតកំពុងដំណើរការកាត់ត និងដំឡើងនៅឡើយ។ លោក យឺម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃអាទិត្យ និងថ្ងៃម្សិលមិញ។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជាបានថ្លែងថា ការកាត់តរថយន្តគឺជាសកម្មភាពខុសច្បាប់ដែលអាចនាំឱ្យមនុស្សរងគ្រោះ បង្កគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់អាយុជីវិត។
រថយន្តកាត់តមិនមានបច្ចេកទេសត្រឹមត្រូវដូចរថយន្តដើមដែលនាំចូលពីក្រៅប្រទេសនោះទេ ហើយក៏ជាមធ្យោបាយមួយដែលអ្នកកាត់តរថយន្តអាចគេចវេះពីកាតព្វកិច្ចបង់ពន្ធ និងជាមធ្យោបាយសម្រាប់ធ្វើស្លាកលេខក្លែងក្លាយផងដែរ។
លោកបានបន្តថា៖ «រឿងលួចបន្លំ រឿងបើកយានដ្ឋានខុសច្បាប់កែច្នៃរថយន្តឬក៏កាត់តរថយន្តនេះ វាអាចកើតមាននៅពេលប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធររដ្ឋហ្នឹងមានចំណុចខ្សោយ មានចំណុចខ្វះខាត បានន័យថា មិនបានមើលគ្រប់ជ្រុងជ្រោយ។លទ្ធផលវាក៏នាំឱ្យមនុស្សរងគ្រោះ រងគ្រោះនោះមិនទាន់គិតអំពីបទល្មើសដែលនាំឱ្យមនុស្សហ្នឹងប៉ះពាល់ដែរ។ ខ្ញុំឧទាហរណ៍ថា ប្រជាពលរដ្ឋគាត់អត់ដឹងគាត់ទៅទិញរថយន្តកាត់តមួយ ហើយរថយន្តកាត់តហ្នឹងធ្វើស្លាកលេខក្លែងក្លាយទៀត។ អ៊ីចឹងទៅពលរដ្ឋគាត់ឃើញថោក គាត់ទិញ ប៉ុន្តែនៅពេលសមត្ថកិច្ចត្រួតពិនិត្យឆែកឆេរទៅឃើញថា រថយន្តហ្នឹងជារថយន្តកាត់តផង រថយន្តមានស្លាកលេខក្លែងក្លាយផង អាហ្នឹងធ្វើឱ្យជាបន្ទុកបន្តទៀតហើយ។អ្នកប្រើប្រាស់ហ្នឹងក៏អាចប្រឈមមុខនឹងផ្លូវច្បាប់»។
លោក សន ជ័យ បានពន្យល់ថា ដើម្បីចង់ដឹងរថយន្តណាខុសច្បាប់ឬបានចុះបញ្ជីត្រឹមត្រូវក្រសួងសាធារណការ និងដឹកជញ្ជូនមានមធ្យោបាយសម្រាប់ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លេខរថយន្តដែលមានក្នុងប្រព័ន្ធ។
លោកថា អ្នកទិញរថយន្តអាចផ្ទៀងផ្ទាត់លេខរថយន្តជាមួយមន្ត្រីទទួលបន្ទុកការងារដឹកជញ្ជូនឬមន្ត្រីទទួលបន្ទុកធ្លើស្លាកលេខ។ មួយវិញទៀត អ្នកទិញរថយន្តអាចត្រួតពិនិត្យលើស្ថានភាពនៃតម្លៃផងដែរ៕