ព្រះវិហារៈ ឈើ​ប្រណីត​ចំនួន ៤ គោយន្ត​ដែល​ឈ្មួញ​ដឹក​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប នៅ​ស្រុក​ឆែប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​នៅ​ថ្ងៃទី ១០-១១ ឧសភា។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃនេះ​ថា លោក​មាន​ការព្រួយបារម្ភ​ខ្លាំង ដែល​សកម្មភាព​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់ ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប នៅ​តែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ក្រោយពី​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​សម្រាប់​រក្សា​ទុកជា​ឧទ្យាន​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​កន្លែង​ផលិតផល​ដ៏ធំ​មួយ​នៅ​ប្រទេស​កម្ពុជា។

លោក​ថ្លែងថា៖ «នៅ​ថ្ងៃទី ១០-១១ ខែឧសភា ២០២១ នេះ យើង​ចាប់បាន​គោយន្ត​ដឹកឈើ ៤ គ្រឿង ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន​ឫស្សីត្រឹប​ដែល​ឈើ​ទាំង ៤ គោយន្ត​នោះ សុទ្ធសឹង​ជា​ប្រភេទ​ឈើ​ប្រណីត។ យើង​ឈប់​ប្រគល់​ទៅវិញ​ហើយ ព្រោះ​អ្នករកស៊ី​នេះ​តាម​ដែល​ក្រុមការងារ​ក្តាប់​ព័ត៌មាន​បាន គឺ​មាន​ជា​ប្រព័ន្ធ​កម្រិត​ខ្ពស់»។

លោក​បន្តថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា ការចាប់​ឈើ​ទាំងនេះ​ទាំង​ខ្ញុំ និង​មន្ត្រី​ឧទ្យាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់។ ប៉ុន្តែ​បើ​យើង​ខ្លាច​គ្រោះថ្នាក់​ព្រៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​នឹងត្រូវ​រលាយ។ ដូច្នេះ​យើង​ត្រូវតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងនេះ​ ដើម្បី​អភិរក្ស​ដល់​មនុស្ស​ជំនាន់​ក្រោយ»។

បើតាម​លោក សុខ ទូច បច្ចុប្បន្ន​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រះវិហារ គឺ​មាន​តែ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​ប៉ុណ្ណោះ​ដែលមាន​សេសសល់​ឈើ​ប្រណីត​ធំៗ និង​មាន​អាយុកាល​យូរ​ឆ្នាំ។ ដូច្នេះហើយ​ទើប​ជនល្មើស​សម្រុកចូល​លួច​កាប់​ឈើ​នៅទីនេះ។

បច្ចុប្បន្ន​ក្រុមការងារ​ឧទ្យានុរក្ស​នៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​មាន​គ្នា​តិច ត្រឹម ២ នាក់។ ចំណែក​ភូមិសាស្ដ្រ​ឧទ្យាន​ដែល​ត្រូវការពារ​មាន​ជាង ១ ម៉ឺន​ហិកតា។ ដូច្នេះ​គឺ​មាន​ផល​លំបាក​ខ្លាំង​ក្នុង​ការថែរក្សា​ការពារ​ឱ្យបាន​គ្រប់​ទីកន្លែង។

លោក ជា សម្បតិ្ត អនុប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន​ឫស្សីត្រឹប បាន​ឱ្យដឹងថា ឈើ​ប្រណីត​ដែល​ឃាត់​បាន​នេះ​ជា​ប្រភេទ​ឈើ​ផ្ចឹក​មាន​ចំនួន​ប្រមាណ ២ គុប។ បច្ចុប្បន្ន​ឈើ និង​គោយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប។

លោក​បាន​ថ្លែងថា៖ «ឥឡូវនេះ​គឺមាន​សកម្មភាព​បទល្មើស​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ទៀត បច្ចុប្បន្ន​ក្រុមការងារ​ខ្ញុំ​កំពុងតែ​តាម​ស៊ើបអង្កេត។ ដូចដែល​យើង​ធ្លាប់​ដឹង​នោះ គឺ​ទីតាំង​មាន​ទីតាំង​កន្លែង​ស្ដុក​ឈើ​ធំ គឺ​ស្ថិតនៅ​ក្នុងស្រុក​ឆែប​នេះ ពួកយើង​កំពុង​តែ​តាមមើល​រឿងនេះ»។

ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ មាន​ផ្ទៃដី​សរុប​ចំនួន ១១៤ ៣៥ គីឡូ​ម៉ែតការ៉េ មាន​ទីតាំង​ស្ថិតក្នុង ឃុំ​ឆែប១ និង​ឃុំ​ឆែប២ ស្រុក​ឆែប ខេត្តព្រះវិហារ។

ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​មាន​សក្តានុពល​ជាច្រើន រួមមាន ធនធាន​ព្រៃឈើ សត្វព្រៃ កេរដំណែល​ប្រវត្តិសាស្ត្រ បុរាណវត្ថុ (ឡ​ស្លរ​ដែក​បុរាណ) ដែល​អាច​បម្រើឱ្យ​មុខងារ​ក្នុង​វិស័យ​បរិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ច្រើន​យ៉ាង៕