កំពង់ធំ: រទេះក្របី ១១ គ្រឿងដែលបានដឹកឈើ ១០ កំណាត់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅចំណុចជីវចម្រុះព្រៃអង់តែន ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ប៉ុន្ដែម្ចាស់បានរត់គេចខ្លួនជាមួយនឹងក្របីទាំងអស់។ នេះបើតាមលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រាប់នៅថ្ងៃនេះ។
លោក តុប កក្កដា បានបញ្ជាក់ថា ក្រោយពីមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកបានបញ្ជាឲ្យកម្លាំងបរិស្ថានស្ទាក់ចាប់បានរទេះក្របីចំនួន ១១ គ្រឿង កាលពីថ្ងៃ ១៩ កញ្ញា ខណៈកំពុងដឹកឈើខុសច្បាប់នៅច្រករបៀងជីវចម្រុះព្រៃអង់តែន។
លោកបន្តថា ខណៈសមត្ថកិច្ចចុះបង្ក្រាប ក្រុមជនល្មើសបានស្រាយក្របីពីនឹមរទេះហើយរត់ចូលព្រៃបាត់អស់ ចំណែកវត្ថុតាងរួមមាន រទេះ១១គ្រឿង ឈើសម្រាប់ធ្វើផ្ទះ ១០ កំណាត់ ត្រូវសមត្ថកិច្ចយកមកទុកនៅស្នាក់ការបរិស្ថានព្រៃអង់តែនបណ្ដុះអាសន្ន។
លោក កក្កដា បានបញ្ជាក់ថា៖«យើងបានយករទេះក្របីទាំងអស់មករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃអង់តែនរួចហើយ ប៉ុន្ដែម្ចាស់ហ្នឹងរត់គេចខ្លួនអស់ហើយ។ បើគាត់ចង់បានរទេះគាត់ហ្នឹងវិញ គាត់មកយកមក ហើយដោះស្រាយតាមផ្លូវច្បាប់ទៅចំណែកយើងនឹងពិន័យតាមច្បាប់ស្ដីពីការប្រមូលផលព្រៃឈើ ដោយគ្មានការអនុញ្ញាត»។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការណីនេះបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្ដែ តាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើកំពង់ថ្មបានបង្ហាញថាសកម្មភាពដឹកឈើនេះ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ជួយសម្របសម្រួលបញ្ជាឲ្យកម្លាំងសហការគ្នាឃាត់រទេះទាំងនេះ តែក្រុមជនប្រព្រឹត្តបទល្មើសបែរជានាំគ្នាកាត់ផ្តាច់ខ្សែរឹតឈើទម្លាក់ចោល ហើយបររទេះរត់គេចខ្លួន ប៉ុន្តែរត់មិនរួច ពួកគេក៏ទុករទេះចោល ហើយរត់គេចខ្លួនជាមួយនឹងក្របីចូលព្រៃ ដើម្បីរំដោះខ្លួនចេញពីការបង្ក្រាបរបស់សមត្ថកិច្ច៕