ខេត្តនានាៈ បាតុភូតធម្មជាតិបង្កើតជារន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៩ នេះបានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច ៣ នាក់ និង ១០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។ នេះបើយោងតាមតួលេខដែលផ្ដល់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ។
តួលេខនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារបាតុភូតគ្រោះធម្មជាតិមានការថយចុះជាង ៤ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់រហូតដល់ ១២ នាក់ ខណៈចំនួនអ្នករងរបួសបានកើនឡើងចំនួន ៤ នាក់ បើធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៦ នាក់។
លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងរហូតដល់ ៣៩ លើក (គិតត្រឹមថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩) ដោយបានបង្កផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ៦៣០ ខ្នង នៅ ១៧ ខេត្ត ដែលក្នុងនោះ ៩២ ខ្នងផ្ទះបានរងការខូចខាតទាំងស្រុង និង ៥៣៨ ខ្នងរងការខូចខាតមធ្យម ខូចខាតដំបូលអគារសាលារៀន ១១ ខ្នង ស្តង់លក់ដូរក្នុងតំបន់ឆ្នេរ ៩៥ តូប និង ឃ្លាំងស្តុកកសិផលចំនួន ៣ ព្រមទាំងបានបង្កឲ្យពលរដ្ឋចំនួន ៧ នាក់រងរបួស។ ដោយឡែក បាតុភូតរន្ទះបាញ់ បានបង្កឲ្យមនុស្ស ៣ នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួស ព្រមទាំងបានសម្លាប់សត្វពាហនៈរបស់ប្រជាពលរដ្ឋចំនួន ២ ក្បាល។
លោកបានបញ្ជាក់ថា៖ «បើគិតអំពីតួលេខនៃជនរងគ្រោះដែលបានស្លាប់ ដោយសារបាតុភូតរន្ទះបាញ់ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ គឺមានការថយចុះជាង ៣ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួនអ្នកស្លាប់រហូតដល់ ១២ នាក់»។
លោកបានបន្ថែមថា ខេត្តដែលរងផលប៉ះពាល់ដោយបាតុភូតគ្រោះធម្មជាតិខាងលើនេះ គឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្ត កោះកុង។
លោកបានបន្តថា ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០១៨ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០ លើក ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋសរុប ២៨៤ ខ្នងផ្ទះ នៅក្នុងខេត្តចំនួន ៩។ ក្នុងនោះ ៩៨ ខ្នងផ្ទះបានរងការខូចខាតទាំងស្រុង និង ១៨៦ ខ្នងផ្ទះទៀតខូចខាតមធ្យម និង បានបង្កឲ្យមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួស។ ចំណែកបាតុភូតរន្ទះបាញ់បានសម្លាប់មនុស្ស ៧ នាក់ និង ៤ នាក់ទៀតរងរបួស និងបានសម្លាប់សត្វ ពាហនៈប្រជាកសិករអស់ ៣ ក្បាល។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃចន្ទទី ២៥ ខែ មីនា ឆ្នាំ ២០១៩ នេះ បានចេញសេចក្ដីជូនដំណឺងស្ដីពីអាកាសធាតុថ្មីមួយបន្ថែមទៀត ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលងាយរងគ្រោះដោយសារបាតុភូតខាងលើនេះបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
យោងតាមសេចក្ដីជូនដំណឹងដដែលនោះបានបញ្ជាក់ថា ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រចុងសបា្តហ៍នេះ កម្ដៅ ក្នុងបរិយាកាសនឹងកើនឡើងវិញមកនៅក្នុងរង្វង់សីតុណ្ហភាពអតិបរមា ៣៤-៣៧ អង្សាសេ ហើយភ្លៀងកក់ខែក៏នឹងកើតមានស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ផងដែរ។ ប៉ុន្តែ ចាប់ពីថ្ងៃ ៣០ ខែ មីនា ដល់ថ្ងៃទី ២ ខែមេសា ខាងមុខនេះ សីតុណ្ហភាពអាចនឹងធ្លាក់មកនៅក្នុងរង្វង់ពី ៣០-៣៣ អង្សាសេវិញ ដោយសារមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានថា៖ «ខ្យល់កន្ត្រាក់ និង ផ្គររន្ទះនឹងបន្តកើតមានកាន់តែច្រើនឡើងនៅមុន និងក្នុងអំឡុងពេលមេឃកំពុងមានភ្លៀងធ្លាក់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតគ្រោះធម្មជាតិដែលអាចនឹងកើតមាន»៕