ភ្នំពេញៈ អង្គការ​ក្នុង​ស្រុក​ចំនួន​ ៤ រួមមាន អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បណ្តាញ​យុវជន​កម្ពុជា CYN អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សមាគម​ធាងត្នោត​កាលពី​ម្សិលមិញ​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ និង​អះអាង​ថា ការអភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​នឹង​ធ្វើឲ្យ​ពលរដ្ឋ ១ ​លាន ២ ​សែន​នាក់​នៅ​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ទឹកជំនន់ និង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។

របាយការណ៍​ប្រមាណ ៧០ ទំព័រ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​បាន​ផ្សព្វផ្សាយ​បន្ទាប់ពី​អង្គការ​បាន​សិក្សា​ស្រាវជ្រាវ​ដោយ​​ធ្វើការ​សម្ភាស​ជាមួយ​មនុស្ស ៤៦៩ ​នាក់​ ដែល​អ្នកខ្លះ​ជា​អ្នក​រង​ផលប៉ះពាល់​នៅក្នុង​តំបន់​នេះ​ផ្ទាល់​។ របាយការណ៍​បាន​លើកឡើង​ថា​ក្នុង​ ១ ​ថ្ងៃៗ​មាន​ទឹកស្អុយ​ពី ៣៧​ ​ម៉ឺន ទៅ ៣៨ ​ម៉ឺន​ម៉ែត្រគុប​ត្រូវ​បង្ហូរ​ចូល​ទៅក្នុង​បឹងទំពុន​។

ពលរដ្ឋ​ប្រមាណ ១,២ ​លាន​នាក់ ឬ​ស្មើនឹង​ជិត​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​នឹងរង​ការប៉ះពាល់​ដោយ​ទឹកជំនន់​ដែល​ជា​ទឹក​កខ្វក់ ប្រសិនបើ​បឹង​នេះ​នៅតែ​បន្ត​លុប​។

របាយការណ៍​ដដែល​បន្ត​ថា បឹង​នេះ​ត្រូវ​បាន​បូម​ខ្សាច់​ចាក់លុប​ដោយ​ប្រើ​ខ្សាច់ ៧៧,៦៦ លាន​ម៉ែត្រគុប​។ បើ​សកម្មភាព​នេះ​នៅ​តែ​បន្ត​មនុស្ស​ជាង​ ១ ​ពាន់​គ្រួសារ​នឹងត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួកគេ​។ ផ្ទៃ​នៃ​តំបន់​បឹងទំពុន​ត្រូវ​បាន​គេ​កាត់ និង​បែងចែក​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៅ​ចន្លោះ​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៩​។ ផ្ទៃ​តំបន់​បឹង​នេះ​ដែល​ពីមុន​មាន​ទំហំ​យ៉ាង​ហោចណាស់ ១ ៥០០ ​ហិចតា​នឹង​ត្រូវ​កាត់​មក​នៅត្រឹម​ទំហំ ១០៧ ​ហិកតា​ប៉ុណ្ណោះ​។

បើ​តាម​របាយការណ៍​ដដែល​បញ្ជាក់ថា ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​មាន​ក្រុមហ៊ុន អាយ អិន ជីហូលឌីង (ING Holdings) សាជីវកម្ម​ឯកជន​រួមមាន​ក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និង​បុរី​ប៉េងហួត ជាដើម​។

អង្គការ​ទាំង​ ៤ បាន​លើកឡើង​នូវ​ការប៉ះពាល់​ផ្នែក​សិទ្ធិមនុស្ស​ជាច្រើន និង​ការប៉ះពាល់​ផ្សេងទៀត​លើ​បរិស្ថាន​រួមមាន​ការបណ្ដេញចេញ ការបាត់បង់​មុខរបរ​របស់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​តំបន់​នេះ ការបាត់បង់​ជម្រក​សត្វ​ច្រើន​ប្រភេទ និង​ការបំពុល​ទៅលើ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​ដោយសារ​ការបង្ហូរ​ចូល​នូវ​ទឹក​កខ្វក់​ដែល​មិន​ធ្វើ​ប្រព្រឹត្តកម្ម​។

ទោះយ៉ាងណា របាយការណ៍​ដដែល​នេះ​បញ្ជាក់ថា ភាគច្រើន​នៃ​ការរកឃើញ​ក្នុង​របាយការណ៍​នេះ គឺជា​ការប៉ាន់ប្រមាណ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​បឹង​នេះ និង​ការបំផ្លាញ​តំបន់​ដីសើម​ប៉ុណ្ណោះ​។ របាយការណ៍​នេះ​ចងក្រង​ឡើង​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​បានដឹង​អំពី​ហានិភ័យ ដែល​គម្រោង​នេះ​បង្កឡើង​។

លោក សឿង សារ៉ន ប្រធាន​អង្គការ​សមាគម​ធាងត្នោត​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «​រាជរដ្ឋាភិបាល​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការធានា​ការពារ​ប្រជាជន​ពី​ការរំលោភ​សិទ្ធិមនុស្ស​។ របាយការណ៍​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ហានិភ័យ​នានា​ទាក់ទង​នឹង​សិទ្ធិមនុស្ស​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​អាច​ចាត់​វិធានការ​ដែល​សមស្រប​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​»​។

អង្គការ​ទាំង​ ៤ ក៏បាន​លើកឡើង​នូវ​អនុសាសន៍​ ៨ ​ចំណុច​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​គិត​ពិចារណា​ក្នុង​ការអភិវឌ្ឍ​តំបន់​នេះ​។ អនុសាសន៍​ទាំងនោះ​មាន​ស្នើសុំ​ផ្អាក​ការអភិវឌ្ឍ​តំបន់​បឹងទំពុន​រហូត​ដល់​មាន​ការសិក្សា​ច្បាស់លាស់​ពី​ផលប៉ះពាល់​លើ​សិទ្ធិមនុស្ស និង​បរិស្ថាន​ស្នើឲ្យ​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការកសាង​ក្រុង​រណប​ អាយ អិន ជី ស៊ីធី និង​ការបាត់បង់​តំបន់​ដីសើម ដោះស្រាយ​ជម្លោះដីធ្លី ហើយ​ការបណ្ដេញចេញ​គួរ​ធ្វើឡើង​តាម​គោលការណ៍​សិទ្ធិមនុស្ស​។

ក្រុម​អង្គការ​ក៏បាន​ស្នើឲ្យ​រដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​ការគោរព​សិទ្ធិមនុស្ស ផ្សព្វផ្សាយ​ពី​ការផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​តំបន់​បឹងទំពុន​នេះ​ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹង ពន្យារ​ការផ្ដល់​អាជ្ញាប័ណ្ណ និង​រក្សា​ផ្ទៃដី​ ១ ​ពាន់​ហិកតា​នៅ​តំបន់​នេះ​សម្រាប់​ប្រយោជន៍​សាធារណៈ​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​នេះ​ក៏ត្រូវ​បាន​ស្នើឲ្យ​ពិចារណា​លើ​ផលប៉ះពាល់​នានា​ផងដែរ​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ពុំមាន​ភាពចំបាច់​ត្រូវធ្វើ​ការឆ្លើយតប​នឹង​របាយការណ៍​នេះ​ទេ ព្រោះ​សូម្បី​លទ្ធផល​នៃ​ការវាយតម្លៃ​វា​ហាក់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ឯករាជភាព និង​គ្មាន​តុល្យភាព​ស្រាប់​ទៅហើយ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា របាយការណ៍​នេះ​មិន​ឆ្លើយតប​នឹង​ភាពជាក់ស្ដែង​នៅ​កន្លែង​នេះ​ទេ ព្រោះ​រដ្ឋាភិបាល និង​សាលា​រាជធានី​បាន​សិក្សា​លើ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​រួចហើយ​។ សាលារាជធានី​ក៏បាន​ធ្វើ​កន្លែង​បញ្ចៀស​ទឹក​យ៉ាង​ត្រឹមត្រូវ​ដើម្បី​បញ្ចៀស​កុំឲ្យ​ពលរដ្ឋ​លិចលង់​។

លោក ផៃ ស៊ីផាន ពន្យល់​ថា​បឹងទំពុន​ជា​កន្លែង​ស្តុក​ទឹក​ដែល​មកពី​ទន្លេមេគង្គ​នៅ​រដូវវស្សា និង​ទឹកភ្លៀង​ពី​តំបន់​ខ្ពស់​ដូចជា​ខេត្តកំពង់ស្ពឺ​ផ្នែក​ខ្លះ​នៃ​ខេត្តតាកែវ ហើយ​ស្តុក​ទឹក​ដែល​ហូរ​ចូល​ពី​ស្ទឹង​ផ្សេងទៀត​ដូចជា​ស្ទឹងមានជ័យ និង​ព្រែកហូរ​។ ប៉ុន្តែ​សាលាក្រុង​បាន​ធ្វើ​កន្លែង​រំដោះ​ទឹក​ទាំងនោះ​រួចហើយ ដូចជា​ធ្វើ​ប្រឡាយ​កាត់​មិន​ឲ្យ​ទឹក​ពី​ប្រភព​ទាំងនោះ​ហូរ​ចូល​មក​ក្នុង​បឹង ហើយ​បង្វែង​ទៅ​បឹង​តាមោក​វិញ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​យល់​អំពី​អ្នក​សរសេរថា តើ​គេ​បាន​សិក្សា​អំពី​រាជធានី​ភ្នំពេញ​ឬ​ទេ​? រាជធានី​ភ្នំពេញ​គេ​មាន​ការអភិវឌ្ឍ​ដែល​ដណ្ដើម​ដី​ពី​ទឹក​សម្រាប់​ឲ្យ​មនុស្ស​នៅ​តាំងពី​ជំនាន់​ឆ្នាំ ១៩៥៨ ១៩៥៩ មក​​ម្ល៉េះ​។ ដូច​យើង​ឃើញ​ហើយ​នៅ​​ជំនាន់​នោះ​នៅ​បុរី​កីឡា ផ្សារអូឡាំពិក ផ្សារ​អូរឫស្សី គឺជា​កន្លែង​បឹង​ទេ​។ ភ្នំពេញ​មាន​តែ​នៅ​វត្តភ្នំ និង​ព្រះបរមរាជវាំង​។ ឯ​ផ្នែក​គុម្ពោតៗ ពេល​ខែវស្សា​ទឹក​ចូល​ពេញ​ដូចជា​តំបន់​ទួលគោក​។ ដូច្នេះ​ការអភិវឌ្ឍ​តំបន់​ភ្នំពេញ គឺជា​រឿង​ធម្មតា​តាំងពី​ទសវត្សរ៍​ ១៩៥០ មកម្ល៉េះ​»​។

លោក​បន្តថា ការបង្ហូរ​ទឹក​ចេញ​ពី​បឹង​នេះ​ទៅក្នុង​ទន្លេមេគង្គ​ក៏​មិនមាន​អ្វី​ប៉ះពាល់​ដែរ ដោយសារ​ទឹក​ដែល​ត្រូវ​បង្ហូរ​ចូល​ត្រូវ​បាន​ធ្វើ​ប្រព្រឹត្តកម្ម​ជាមុន​។ លោក​ថា តម្រូវការ​របស់​មនុស្ស​គឺ​ការអភិវឌ្ឍ ដោយ​មាន​ការសិក្សា​ច្បាស់លាស់​អំពី​ផលប៉ះពាល់​៕

វីដេអូ៖