ភ្នំពេញៈ របាយការណ៍​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​បាន​រកឃើញ​ថា ដងផ្លូវ ចិញ្ចើមផ្លូវ និង​ទីកន្លែង​សាធារណៈ​បើក​ចំហ​នៅក្នុង​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​កម្រិត​ ១៦,៣៦ ភាគរយ​នៃ​ទីធ្លា​ទាំង​មូល​របស់​ក្រុង​ភ្នំពេញ​ដែល​តួលេខ​នេះ​ជា​កម្រិត​មួយ​ទាប​ជាង​កម្រិត​មធ្យម (៤៥ ភាគរយ​) ដែល​អង្គការ​សហប្រជាជាតិ​ផ្នែក​ទីជម្រក (UN-Habitat) បាន​កំណត់​សម្រាប់​ទីក្រុង​ភ្នំពេញ​។

សមាគម​ធាងត្នោត​បាន​ប្រើ​វិធីសាស្ត្រ​សូចនាករ​ដែល​កំណត់​ដោយ UN-Habitat សម្រាប់​សូចនាករ​លេខ ១១.៧.១ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់ អ.ស.ប ដែល​សូចនាករ​នេះ​បាន​កំណត់​ពី​ការ «​ទទួល​បាន​ផលប្រយោជន៍​ពី​តំបន់​ក្នុង​ទីក្រុង​ដែល​បើក​ចំហ​សម្រាប់​ប្រើប្រាស់​ទាំងអស់​គ្នា ដោយ​មិន​គិត​ពី​ភេទ អាយុ ឬ​ពិការភាព​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ដងផ្លូវ ចិញ្ចើមផ្លូវ និង​ទីកន្លែង​សាធារណៈ​បើកចំហ​មាន​សរុប ១៦,៣៦ ភាគរយ ប៉ុន្តែ​ផ្លូវ និង​ចិញ្ចើមផ្លូវ​មាន​តែ ១៤,២៦ ​ភាគរយ​ហើយ​ទីកន្លែង​សាធារណៈ​បើកចំហ​មាន​តែ ២,១ ភាគរយ​ប៉ុណ្ណោះ​។

របាយការណ៍​សរសេរ​ថា «​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​មាន​ ១៤,២៦ ភាគរយ​ដែល​នេះ​មិន​អាក្រក់​ទេ បើ​ប្រៀបធៀប​ជាមួយ​ទីក្រុង​បាងកក​ (១៥,៩%) ​និង​ទីក្រុង​ម៉ានីល​ (១៥,២%) ​ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ប្រទេស​សិង្ហបុរី​ឆ្ងាយ​ (២១,៦%)​។

ទីកន្លែង​សាធារណៈ​បើកចំហ​នៅ​ភ្នំពេញ​ដូចជា​សួនច្បារ​ជាដើម​ដែល​ជា​កន្លែង​សម្រាប់​​ហាត់ប្រាណ និង​ការជួបជុំ​បែប​ប្រជាធិបតេយ្យ​មាន​តែ ២,១ ភាគរយ​ដែល​ជា​កម្រិត​មួយ​នៅ​ឆ្ងាយ​ពី​កម្រិត​ស្ដង់ដារ​អន្តរជាតិ​ (១០ ​ភាគរយ​)»​។

របាយការណ៍​ស្រាវជ្រាវ​បញ្ជាក់​ថា​ទីកន្លែង​សាធារណៈ​បើក​ចំហ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្នុង​ទីក្រុង​ដែល​រួមមាន​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការមន​។

របាយការណ៍​បន្ត​ថា​៖ «​កម្រិត​ ១៦,៣៦ ​ភាគរយ​នេះ​គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​កម្រិត​មធ្យម​សម្រាប់​ទីក្រុង​មួយ​ដូចជា​ក្រុង​ភ្នំពេញ​ដែល​គួរ​តែ​មាន​កម្រិត​ ៤៥ %»​។

របាយការណ៍​បញ្ជាក់​ថា​គម្រោង​លំនៅឋាន​បិទ​ទ្វារ ឬ​ហៅថា បុរី​មាន​ទីកន្លែង​សាធារណៈ​បើកចំហ​ជា​មធ្យម​ ២៤,៧​ ​ភាគរយ​ដែល​ជា​កម្រិត​ល្អ​មួយ ប៉ុន្តែ​លំនៅឋាន​បែប​នេះ​មិន​ត្រូវ​សមាគម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បិទទ្វារ​ទេ ដោយសារ​តែ​វា​កាត់​ផ្ដាច់​នូវ​ទំនាក់ទំនង​អ្នក​សហគមន៍​។

ទិដ្ឋភាព​រាជធានី​ភ្នំពេញ​មើល​ពី​លើ​អគារ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៨​។ហុង មិនា

លោក Isaac Daniels ទីប្រឹក្សា​នៃ​សមាគម​ធាងត្នោត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គោលបំណង​នៃ​ការស្រាវជ្រាវ​អំពី​ទីតាំង​ទាំង​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការគិតគូរ​ដល់​គោលនយោបាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សង្គម​ដោយ​ក្រឡេក​ទៅ​មើល​ទីកន្លែង​សាធារណៈ​។

លោក​ថ្លែង​ថា​៖ «​ការរកឃើញ​នេះ​បង្ហាញ​ពី​រូបភាព​នៃ​ទីក្រុង​ដែល​មនុស្ស​ខ្លះ​គាត់​ទទួល​បាន​ផលប្រយោជន៍ ប៉ុន្តែ​មនុស្ស​ផ្សេង​ទៀត​មិន​អាច​ទទួល​បាន​។ ចំណុច​​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ក្រឡេក​មើល​លើ​បុរី និង​សំណង់​មិន​ទាន់​រៀបរយ​។ អ្នក​ដែល​រស់នៅ​ក្នុង​បុរី​ជាធម្មតា​អាច​រីករាយ​នឹង​ឧទ្យាន​ដោយ​មិន​ចាំបាច់​ចេញ​ពី​បរិវេណ​លំនៅឋាន​របស់​ខ្លួន​ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ដើម្បី​ទៅរក​ឧទ្យាន ឬ​កន្លែង​ទំនេរ​សម្រាប់​សម្រាកកាយ​ ឬ​ហាត់​ប្រាណ​»​។

របាយការណ៍​ស្រាវជ្រាវ​នេះ​បញ្ជាក់​ថា​ទីកន្លែង​សាធារណៈ​មាន​អត្ថប្រយោជន៍​ជាច្រើន និង​ជា​សូចនាករ​ផ្ទាល់​ដែល​បញ្ជាក់​ពី​គោលនយោបាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដោយ​ថា «​ផ្លូវ ចិញ្ចើមផ្លូវ និង​កន្លែង​ចំហ​ផ្តល់​ជា​ទីតាំង​សម្រាប់​ហាត់ប្រាណ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ការចូលរួម​បែប​ប្រជាធិបតេយ្យ ដូចជា​ការតវ៉ា និង​ការធ្វើ​បាតុកម្ម​»​។

សមាគម​ធាង​ត្នោត​បាន​លើក​អនុសាសន៍​មួយ​ចំនួន​ដែល​រួម​មាន​ការស្នើ​ឲ្យ​រដ្ឋាភិបាល​កែលម្អ​ទីកន្លែង​ដែល​មាន​ស្រាប់ ជាពិសេស​កែលម្អ​ទីតាំង​ចំណត ពិចារណា​អំពី​ផ្លូវ​សម្រាប់​ថ្មើរជើង​ដើរ​សម្រាប់​ផែនការ​អភិវឌ្ឍន៍​នាពេល​អនាគត​ពិចារណា​លើ​ការ​កំណត់​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់​ក៏​ដូចជា​យក​អាទិភាព​លើ​ការអភិវឌ្ឍ​ទីក្រុង​សម្រាប់​ពលរដ្ឋ​ក្រីក្រ​។

របាយការណ៍​សរសេរ​ថា​៖ «​ការស្រាវជ្រាវ​នេះ​គឺជា​សញ្ញា​ដាស់តឿន​មួយ​សម្រាប់​អ្នក​ធ្វើ​ផែនការ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​។ ពួកគេ​នឹង​មិន​អាច​ទទួល​បាន​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​បាន​ទេ ហើយ​វា​នឹង​មាន​ផល​អវិជ្ជមាន​សម្រាប់​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ទីក្រុង ប្រសិន​បើ​អ្នក​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​មិន​បាន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ​»​។

លោក សាំង ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចការ​របស់​សាលាក្រុង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​អ្នក​នាំពាក្យ​សាលា​រាជធានី​លោក​ ម៉េត មាស ភក្តី​។ ប៉ុន្តែ​លោក មាសភក្តី ថ្លែង​ថា​លោក​មិន​ទាន់​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​។

កាលពី​អាណត្តិ​កន្លង​ទៅ​សាលា​រាជធានី​បាន​ស្ថាបនា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង នៅ​លើ​សួន​តាម​មាត់ទន្លេ​។ កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ​សាលា​រាជធានី​ក៏​បាន​ប្រកាស​ដល់​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​នរោត្តម​អំពី​ការកែលម្អ​ចិញ្ចើមផ្លូវ​ចាប់ពី​វត្តភ្នំ​ដល់​វិមានឯករាជ្យ​ផង​ដែរ​។

ទោះ​យ៉ាង​ណា​ធនាគារ​ពិភពលោក WB ប្រចាំ​កម្ពុជា​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧ បាន​ចេញ​របាយការណ៍​សិក្សា​មួយ​អំពី​ការអភិវឌ្ឍ ទីក្រុង​ភ្នំពេញ​ដោយ​ការសិក្សា​នេះ​បាន​គ្របដណ្ដប់​លើ​ទិដ្ឋភាព​អភិវឌ្ឍន៍​នានា​។

លោក ប៊ូ សារឿន មន្ត្រី​ផ្នែក​ទំនាក់ទំនង WB ប្រចាំ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការរកឃើញ​នៅក្នុង​ការសិក្សា​របស់ WB នៅតែ​មាន​ភាពជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​។

របាយការណ៍ WB បញ្ជាក់​ថា​នៅ​ផ្នែក​ជាច្រើន​នៃ​តំបន់​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម ចិញ្ចើម​ផ្លូវ​មាន​ទំហំ​ធំ​ទូលាយ​ជាង​កន្លែង​ផ្សេង​ទៀត​ដោយ​មាន​ទំហំ​ពី ២ ​ឬ​ ៣ ​ម៉ែត្រ​រហូត​ដល់​ ៥ ​ម៉ែត្រ ហើយ​ភាគច្រើន​គឺជា​សំណល់​មកពី​សម័យ​អាណានិគម​បារាំង​។

របាយការណ៍​សិក្សា​សរសេរ​ថា​៖ «​ប៉ុន្តែ​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរជើង​ភាគច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ចត​យានយន្ត និង​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ហើយ​ជារឿយៗ ថ្មើរ​ជើង​ត្រូវ​បង្ខំចិត្ត​ដើរ​លើ​ផ្លូវ​តែ​ម្ដង​»​។ ការសិក្សា​មូលហេតុ​ដែល​រួមផ្សំ​លើ​បញ្ហា​នេះ​គឺ​កង្វះខាត​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​កង្វះខាត​ទី​ចំណត​សម្រាប់​ម៉ូតូ និង​ឡាន​៕