ភ្នំពេញៈ ទោះបីជា​ឆ្នាំ ២០១៨​ សភាព​កាណ៍​ជារួម​នៅ​កម្ពុ​ជា​មាន​លក្ខណៈ​ល្អប្រសើរ​ដោយ​បាន​ទប់ស្កាត់​ឧបាយកល​ទុច្ចរិត ​របស់​ក្រុមប្រឆាំង​ក្រៅច្បាប់​ទាន់ពេលវេលា​ក៏ដោយ​តែ​ស្ថានភាព​បទល្មើស ​និង​សកម្មភាព​​បាតុកម្ម ​និង​កូដកម្ម​មាន​ការ​កើនឡើង​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​របាយ​ការណ៍​បូក​សរុប​ការងារ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។

យោងតាម​របាយការណ៍​បូកសរុប​​ការងារ ​សភាពការណ៍ ​លទ្ធផល​ កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ប្រចាំ​ឆ្នាំ ២០១៨ ​និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ ​របស់​អគ្គស្នង​ការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា ​នៅ​ឆ្នាំ​២០១៨​ នាពេល​កន្លង​ទៅ​នេះ​ សភាព​ការណ៍​ជារួម​នៅ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ មាន​សុខសន្តិភាព​ ដោយ​ទប់ស្កាត់​ និង បញ្ចៀសបាន​នូវ​អំពើ​ភេរវកម្ម ​ការពារ​បាន​នូវ​បូរណភាព​ទឹកដី ​អធិបតេយ្យ​ជាតិ ​ការពារ​រឹងមាំ​ នូវ​ឯករាជ្យ​ជាតិ ​សាមគ្គីភាព​ ឯកភាព​ផ្ទៃ​ក្នុង

របាយ​ការណ៍​ក៏បាន​លើកឡើង​ថា​ ការវិវឌ្ឍ​ប្រែប្រួល​យ៉ាង​ឆាប់រហ័សក្នុងវិស័យ​សេដ្ឋកិច្ច ​នយោបាយ ​និង​ការរីក​ចម្រើន​ នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​រួមទាំង​សកម្មភាព​នៃ​ការបំពុល​បរិយាកាស​សង្គ​មផ្សេងៗ​ទៀត ​ក៏​ជា​កត្តា​ចម្បង ​ដែល​នឹង​បន្តជះ​ឥទ្ធិពល​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​ដល់​​ស្ថានភាព​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ផង​ដែរ។

តាម​របាយ​ការណ៍​បញ្ជាក់​ថា​៖ «បាន​រៀបចំ​ការងារ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤​ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ ​ប្រកប​ដោយ​ជោគជ័យ​ គ្មាន​អំពើ​ហិង្សា និង​ការ​គំរាម​កំហែង ​បើទោះ​បីជា​ក្រុម​ក្រៅ​ច្បាប់ ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ប្រើប្រាស់​គ្រប់​កលល្បិច​ប៉ុនប៉ង​បំផ្លាញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​យ៉ាងណា​ក៏ដោយ ​ក៏​ឧបាយកល​ទុច្ចរិត​ទាំង​នោះ​ត្រូវបាន​ទប់ស្កាត់ ​និង​បន្សាប​ឥទ្ធិពល​បាន​ទាន់​ពេល​វេលា»។

របាយ​ការណ៍​បន្តថា ​ក្នុង​ឆ្នាំ ២០១៨ ​សកម្មភាព​បាតុកម្មកូដកម្ម​មាន​ចំនួន​ ១​ ៥០៤ ​លើក ​ដែល​កើនឡើង​ចំនួន ៤២០ លើក​ បើ​ប្រៀបធៀប​ឆ្នាំ ២០១៧ ​មាន​ចំនួន​តែ ១ ០៨៤ ​លើក​តែ​ប៉ុណ្ណោះ​​​​​។ ក្នុង​ចំណោម​សកម្មភាព​បាតុកម្ម​កូដកម្ម ​ចំនួន ១ ៥០៤ ​លើក​ មាន​សកម្មភាព​របស់​កម្មករ​ ៩៤៨ លើក ​ប្រជាពលរដ្ឋ​ ៥៤៤ ​លើក​ ​​គណបក្ស​នយោបាយ​ ៤ លើក ​អង្គការ ​៦ លើក​ ហិ​ង្សា​មួយ​លើក ​របួស ​២ នាក់​ និង​ឃាត់​ខ្លួន ៨ នាក់។

របាយ​ការណ៍​សង្កត់​ធ្ងន់​ថា​៖ «សកម្មភាព​មួយចំនួន​មានការ​លូកដៃ​ចូល​ពី​ក្រុម​អមិត្ត ​ដោយ​បាន​​​ធ្វើ​ឲ្យ​ការតវ៉ា​ដោយ​ឆន្ទៈ​ក្លាយ​ជា​ការតវ៉ា​មាន​អង្គការ​ចាត់តាំង​ដែល​មាន​លក្ខណៈ​បម្រើ​ឲ្យ​ផល​ប្រ​យោជន៍​នយោ​បាយ​ប្រឆាំង»។

ទាក់ទង​នឹង​ស្ថានភាព​បទល្មើស​វិញ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ​បទល្មើស​ជារួម​នៅ​ឆ្នាំ ២០១៨ ​មាន​ចំនួន​ ២៩៦៩ បើ​ប្រៀបធៀប​ឆ្នាំ ២០១៧ ​មានតែ​ ២៨១៧ លើក ​ដែល​កើនឡើង​រហូតដល់ ​៥ ភាគរយ​ស្មើ ​ទៅ​នឹង ​១៥២ ករណី។ ក្នុង​នោះ ​មាន​បទ​ឧក្រិដ្ឋ​កើន ​៧ លើក ​ខណៈ​ដែល​បទល្មើស​ម​ជ្ឈិម​កើនឡើង​រហូត​ដល់​ទៅ ១៤៥ លើក​ ហើយ​ស្ថានការណ៍​បទ​ល្មើស​ទាំង​នេះ​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន ២៣៨ នាក់​ របួស ៨៤៤ នាក់​និង​រងគ្រោះ ៦១៩ នាក់។

របាយការណ៍​បន្ថែមថា​ ក្នុង​ឆ្នាំ​ ២០១៨ ​​បទល្មើស ​រំលោភ​សេព​សន្ថវៈ ២៥៨ ​លើក ​រំលោភ​សម្លាប់​ ៩ លើក​ បង្ខាំង​មនុស្ស​ខុសច្បាប់​ ១៧ លើក ​ឆក់ ​៣១៣​ លើក​ លួច​ ៩៨៤ លើក ​ហិង្សា​ដោយ​ចេតនា​ ៨២៣ លើក​ ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ៣៣​ លើក​ បើ​ប្រៀបធៀប​ឆ្នាំ ២០១៧​ រំលោភ​សេព​សន្ថវៈ​ ២២៨ លើក​ រំលោភ​សម្លាប់​ ៨ លើក ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ៣ លើក​ ឆក់​ ២៥១ លើក​ លួច ៩៤១ លើក​ ហិង្សា​ដោយ​ចេតនា ​៨០៨ លើក​ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​មាន ១៩ ករណី។

របាយការណ៍​នេះ​បញ្ជាក់​​ថា​៖ «បទល្មើស​ដែលមាន​ការកើនឡើង​រួមមាន ​ឆក់​ លួច​ ឆបោក​ រំលោភ​សេព​សន្ថវៈ ​ហិង្សា​ដោយ​ចេតនា ​បង្ខាំ​ងមនុស្ស​ខុស​ច្បាប់ ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ រំលោភ​​សម្លាប់​និង​គំរាម​យកប្រាក់​ខណៈដែល​បទល្មើស​ ដែល​មាន​ការថយចុះ​រួមមាន ​លួច​មាន​​ស្ថាន​ទម្ងន់​ បំពាន​ខាង​ផ្លូវភេទ​ដទៃទៀត​ ឃាតកម្ម ​បោក​និង​បង្កៃ​គ្រប់​បែក ​មនុស្ស​ឃាត​អចេតនា»។

ក្នុង​ពិធី​បើក​សន្និបាត​ ម្សិលមិញនេះ​ នាយ​ឧត្តមសេនីយ៍​ នេត សាវឿន​ បាន​សរសើរ​កម្លាំង​ប្រដាប់​អាវុធ​នគរបាល​ជាតិ​ដែលបាន​ធ្វើ​ការទប់ស្កាត់ ​និងបង្ក្រាប​ទាន់​ពេល​វេលា ​នូវ​ក្រុម​ប្រដាប់​​អាវុធ​ខុស​ច្បាប់​ដែល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រា​ជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដោយ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ ១៣ នាក់ ​និង​រឹបអូស​អាវុធ​ ចំនួន​ ៣០ ដើម។​​ លោក​ក៏បាន​ដាក់​ទិសដៅ​សំខាន់​មួយចំនួន​ទៀត ​ដែលជា​ទិសដៅ​របស់​ក្រសួង​មហាផ្ទៃ ​និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​ឆ្នាំ ២០១៩ ​ដែល​រួមមាន​ការផ្សព្វ​ផ្សាយ​ផែនការ​ស្តី​ពី​ការបង្ការ ​ទប់ស្កាត់ ​និង​ប្រឆាំង​ភេរវកម្ម ​ការចង្អុល​ដឹកនាំ ​ដល់ផែនការ​សន្តិសុខ​ និង​យុត្តិធម៌ ​ស្តីពី​ការ​រៀបចំ​នូវ​ប្រព័ន្ធ​ទិន្នន័យ​បច្ចេកវិទ្យា​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ កាលពីថ្ងៃ​ម្សិលមិញ​​។ ហុង មិនា

លោក​បញ្ជាក់​ថា​៖ «ពិតណាស់​ក្នុង​ឆ្នាំ ២០១៨ បទល្មើស​ជារួម​បានកើនឡើង​ ៥ ភាគរយ ​ហើយ​បទល្មើស​ឧក្រិដ្ឋ​កើនឡើង​ ១ ភាគរយ​ ប៉ុន្តែ​ការសង្កេត​ឃើញ​បទល្មើស​ដែលធ្វើឲ្យ​ប៉ះពាល់​​ចិត្តសាស្ត្រ​សង្គម​ ដូចជា​អំពើ​ប្លន់ ​ភេរវកម្ម​ អំពើ​ឃាតកម្ម ​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា ​ការបំ​ពាន​ផ្លូវភេទ​ត្រូវ​បាន​ថយ​ចុះ​គួរ​កត់​សម្គាល់»។

របាយការណ៍​បន្តថា​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បន្ត​ដំណើរការ​ស្រាវ​ជ្រាវ ​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ចំនួន ២០៥ ករណី ​មកពី​អគ្គលេខា​ធិការដ្ឋាន​នគ​របាល​អន្តរជាតិ ​និង​ ៤១ ​ប្រទេស ​ដោយបាន​ឆ្លើយតប​សា​មី​ប្រទេស​ ស្តីពី​ព័ត៌មាន​មុ​ខ​សញ្ញា​ឧក្រិដ្ឋ​ជន​​ឆ្លងដែន​ចំនួន ១៤៨ ករណី ​និង​បាន​បង្ក្រាប​បទល្មើស ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ៦ ករណី ​ឃាត់​​ខ្លួន​ ៤២៣ នាក់ ​ក្នុងនោះ​ជនជាតិ​ចិន ២៣៤ នាក់។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន​ ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​ចំនួន ១៣ នាក់​ដោយ​រឹបអូស អាវុធ​ ៣០ ដើម ​ដែល​ក្រុម​នេះ​មានការ​ពាក់ព័ន្ធ​ក្នុងការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រាជ​រដ្ឋាភិ​បាល​ស្របច្បាប់​ ហើយ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​បានទទួល​ពាក្យ​បណ្តឹង​ សរុប​ ២៧០ ករណី​ទាក់ទង​ទៅនឹង​បទ​ល្មើស​បច្ចេកវិទ្យា ​ហើយ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន ​៣៦ ករណី​ ដោយបាន​បញ្ជូន​ទៅ​តុលាការ​ចំនួន ២៨ នាក់ ​ហើយ​បាន​ស្រាវជ្រាវ ​ក្នុង​បណ្តាញ​សង្គម​ចំនួន​ ២​ ១៨១ ករណី​និង​បាន​ត្រួតពិនិត្យ​លេខ​ទូរស័ព្ទ​ចំនួន​ ៣ ២២៤ លេខ ​តាម​ការ​ស្នើសុំ​ពី ៤៨ ​អង្គភាព ​និង​ស្ថាប័ន។

​ដើម្បី​ដោះស្រាយ​បញ្ហានេះ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ដាក់ចេញ​គោល​ការ​ណ៍​មួយ​ចំនួន​ រួមមាន​ការបង្កើន​ការប្រមូល​ផ្តុំ ​វិភាគ​ព័ត៌មាន​ទាំង​ក្នុង​និង​ក្រៅប្រទេស ​ពី​ការប្រែប្រួល ​សភាពការណ៍​សន្តិសុខ ​ហើយ​ត្រូវ​បង្ការ​ទប់ស្កាត់ ​បង្ក្រាប​​នូវ​ឧបាយកល ​និង​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់ប្រភេទ​ និង គ្រប់​នាយកដ្ឋាន​និង​អង្គភាព​ និង​ស្នងការ​នគរបាល​រាជធានី​-ខេត្ត​ត្រូវ​រៀបចំ​ក្រុម​ការងារ​តាម​ដាន​ព័ត៌មាន ​បច្ចេកវិទ្យា ​បណ្តាញ​​ទំនាក់​ទំនង​​សង្គម​ដើម្បី​ជួយ​ដោះ​ស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ និង​វាយ​ប្រហារ​ព័ត៌មាន​បំពុល​និង​បកស្រាយ​ជូន​ប្រជា​ពលរដ្ឋ។

របាយកាណ៍​បញ្ជាក់​ថា​៖ «ត្រូវខិតខំ​រួមគ្នា​ពុះពារ​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ឲ្យ​ថយចុះ​ដោយ​ខិតខំ ​ជំរុញ​ការ​ស្រាវជ្រាវ​ករណី​ឧក្រិដ្ឋកម្ម​ដែល​សេសសល់ ​ព្រមទាំង​ត្រូវ​ត្រួតពិនិត្យ​រាល់​វិធានការ ​និង​ផែនការ​សកម្មភាព​រប​ស់ស្នង​ការ​ដ្ឋាន​រាជ​ធានី-ខេត្ត​ដើម្បី​ដក​ពិសោធន៍​វាយតម្លៃ​និង​ដឹកនាំ​កែ​លម្អ»។

លោក ​ស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក) ​អះអាង​ថា​ ស្ថានភាព​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សង្គម​នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដោយ​សារ​​មាន​ករណី​បទ​ល្មើស​បន្ត​កើន​ឡើង​ប៉ុន្តែ​ថា​មានការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ​ជួបជុំ​តវ៉ា​រឿងដី​ធ្លី ​និងកម្មករ​ខណៈ​ពេល​មានសម្មភាព​តវ៉ា​ ទោះយ៉ាង​ណា​លោក​ថា​​ផ្នែក ​នយោបាយ ​មាន​ការ​រឹត​ត្បិត។

លោក​ថ្លែងថា​៖ «ការកើនឡើង​ការតវ៉ា​ដោយ​សារតែ​ប្រជាពលរដ្ឋ​គាត់ ​មិនពេញចិត្ត​នឹងការ​ដោះ​ស្រាយ។ យើង​ពិតជា​ឃើញ​មាន​ពលរដ្ឋ​ឆ្នាំ (២០១៨)​ មាន​ការ​​កើនឡើង​ទាមទារ​តវ៉ា ​និង​ឆ្លៀតឱកាស​តវ៉ា​មុនបោះឆ្នោត​ដោយ​សង្ឃឹមថា ​អ្នក​តំណាង​ពួក​គាត់​ដែលចង់​បានការ​គាំទ្រ​ពី​ពួកគាត់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់»។

លោក​បញ្ជាក់ថា​៖ «យើង​មើល​ឃើញថា​ដំណោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ និង​បញ្ហា​កម្មករ​បាតុកម្ម​កូដកម្ម​មានការ​កើនឡើង​ ហើយ​រាជ​រដ្ឋាភិបាល​បានយកចិត្ត​ទុកដាក់​តាមរយៈ​ការ​កោះហៅ​ប្រជាពលរដ្ឋ​និង​កម្មករ​មក​ដោះស្រាយ ​ហើយ​ភាគច្រើន​ ពួកគេ​បាន​ទទួល​នូវ​ដំណោះ​ស្រាយ»។

លោក ​ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និយាយ​ថា​ ការកើនឡើង​នូវ​បាតុកម្ម​ និង​កូដកម្ម​តវ៉ា​របស់​កម្មករ​​ដោយសារតែ​មានការ​ទាមទារ​ឲ្យក្រុម​ហ៊ុន​ ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ ​និងការ​បញ្ឈប់​មេ​ដឹកនាំ​សហជីព។

លោក​ថា​៖ «ប្រសិនបើ​យើង​មានការអនុវត្ត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ វា​នឹង​មិនអាច​ឈាន​ទៅដល់​ការតវ៉ា​នោះ​ទេ​ តែ​ដោយ​សារ​និយោជក​មិនខ្វល់​ពី​ការអនុវត្ត​ច្បាប់ ​និង​សិទ្ធិ​សេរីភាព​សហជីព​ ខណៈដែល​មន្ត្រី​អនុវត្ត​ច្បាប់​មិនបាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​និយោជក​ដែលបាន​បំពាន​ច្បាប់​ដែលធ្វើ​ឲ្យ​និយោជក​បន្ត​ការបញ្ឈប់ ​(មេដឹកនាំ​សហជីព)»។

លោក​បន្ថែមថា​រហូតមក​ដល់​ពេលនេះ​មិនសូវ​បានឃើញ​ការតវ៉ា​ណាមួយ​ដែលទទួល​បាន​ជោគ​ជ័យ​​នោះទេ​ដោយសារ​និយោជក​មិនបាន​គោរព​ទៅតាម​ការងារ​និងមន្ត្រី​អនុវត្ត​ច្បាប់​មិន​បាន​ជួយ​ធ្វើការ​ដោះ​ស្រាយ​ដល់​កម្មករ៕