ភ្នំពេញៈ ភាព​រីក​ចម្រើន​ខ្លាំង ​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្រីក្រជាច្រើន​​គ្រួសារ​​ធ្លាក់​ចូល​ទៅ​ក្នុង​​ទាសភាព​សម័យ​ទំនើប​​ នៅ​ក្នុង​ឧស្សាហកម្ម​ឡ​ឥដ្ឋ​​តាម​រយៈ​ការ​​ចង​​ដោយ​បំណុល​។ ​នេះ​បើ​​យោង​តាម​របាយការណ៍​មួយ ​​​​របស់​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ពី​សាកល​វិទ្យាល័យ​ Royal Holloway ក្នុង​ទីក្រុង​ឡុង​ដ៍​។

ការ​ស្រាវ​ជ្រាវ​ដែល​មាន​ចំណង​ជើង​ថា «​ឥដ្ឋ​ឈាម» ដែល​​ចេញ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០១៨ បន្ទាប់​ពី​​តម្លៃ​ឥដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ​​​បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​​ នៅ​ក្នុង​រយៈ​កាល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដោយ​សារ​តែ​តម្រូវ​ការ​កើន​ឡើង​ ពី​​ការ​អភិវឌ្ឍ​ទីក្រុង​ព្រះ​សីហនុ​និង​ភ្នំ​ពេញ​។

​វិស័យ​សំណង់​របស់​កម្ពុជា​ បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ​​​រួម​មាន​ដូច​ជា​ការ​​សាង​សង់​ផ្សារ​ទំនើប​ថ្មី​ៗ​ ​​អចលនទ្រព្យ​លំនៅ​ឋាន ​សណ្ឋា​គារ ​អគារ​ការិយាល័យ​ ​រោង​ចក្រ​ ​និង​ខុនដូ​ ​ហើយ​នេះ​ ​​ធ្វើ​ឲ្យ​​មាន​តម្រូវ​ការ​​ខ្ពស់​​ក្នុង​ការ​ឲ្យ​មាន​ការ​ផលិត​ឥដ្ឋ​ច្រើន​​។ ​ឧស្សាហកម្ម​​នេះ​​ បាន​រុញ​​មនុស្ស​ពេញ​វ័យ​​ និង​កុមារ​​ ចូល​ទៅ​ក្នុង​កម្លាំង​ការ​ងារ​​សំខាន់​​នៅ​ក្នុង​ការ​ផលិត​ឥដ្ឋ ​និង​ធ្លាក់​ជាប់​​ផុង​ក្នុង​បំណុល​​ផង​ដែរ​។

ក្រុម​អ្នក​​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា​៖ «​​​ពល​រដ្ឋ​​រាប់​ម៉ឺន​គ្រួសារ​ ដែល​ជាប់​បំណុល​​គេ​ក្នុង​ប្រទេស​កម្ពុជា​​​ ត្រូវ​ទៅ​ធ្វើ​ការ​ងារ​​ដុត​ឥដ្ឋ ​ធ្វើ​ឥដ្ឋ​ ​លើក​ឥដ្ឋ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​​ ដើម្បី​​បំពេញ​តម្រូវ​ការ​ឥដ្ឋ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​...។ ​ម្ចាស់​ឡឥដ្ឋ​ សង​បំណុល​របស់​គ្រួសារ​ទាំង​នោះ​ ​និង​ផ្តល់​កម្ចី​ ​ហើយ​ជា​ថ្នូរ​មក​វិញ កម្មករ​​និង​គ្រួសារ​របស់​ពួក​គេ​​ត្រូវ​បាន​បង្ខំ​ឲ្យ​​​ចូល​​ទៅ​ក្នុង​​រណ្តៅ​បំណុល​​ជា​មួយ​ម្ចាស់​ឡ​ឥដ្ឋ​រហូត​ដល់​​សង​បំណុល​រួច​​»។

ប៉ុន្តែ លោក ឈាង ស៊ុយ​ហ៊ាង ប្រធាន​សមាគម​ឡឥដ្ឋ​ចំនួន​ពីរ​​ ដែល​តំណាង​ឲ្យ​រោង​​សិប្បកម្ម​ផលិត​ឥដ្ឋ​​​ជាង​ ១០០ ​ ​​​ក្នុង​ខេត្ត​កណ្តាល​ ​នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា បាន​បដិសេធ​ថា​ មិន​មាន​ពល​កម្ម​កុមារ​​ នៅ​ក្នុង​រោង​ចក្រ​ផលិត​ឥដ្ឋ​នោះ​ទេ​។

លោក​​អះ​អាង​ថា​ ​មិន​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​​​​ ឬ​គ្រោះ​ថ្នាក់​ទៅ​លើ​កម្មករ​ឥដ្ឋ​នោះ​ទេ​ ​ដោយ​សារ​អាជ្ញា​ធរ​និង​អង្គការ​​ក្នុង​ស្រុក​​បាន​ជួយ​​ទប់​ស្កាត់​កុមារ​​ពី​ការ​ធ្វើ​ការ​ងារ​នៅ​​​ឡ​ឥ​ដ្ឋ​​។

លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ មិន​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ពួក​គេ​ទេ​ ដៃ​​ឬ​ជើង​របស់​ពួក​គេ​​ មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​​ ហើយ​​ដៃ​​ឬ​ជើង​របស់​ពួក​គេ មិន​ត្រូវ​បាន​កាត់​ដាច់​ដូច​មុន​ទេ​ ដោយ​សារ​យើង​ប្រើ​ម៉ាស៊ីន​ ហើយ​​មិន​មាន​ពលកម្ម​កុមារ ​​​នៅ​ក្នុង​​ឧស្សាហកម្ម​ឥដ្ឋ​ ​ហើយ​យើង​មិន​អនុញ្ញាត​ឲ្យ​អនី​តិ​ជន​​ធ្វើ​ការ​ ​ដោយសារ​អង្គការ​​បាន​ពង្រឹង​»។

ទោះ​ជា​យ៉ាង​ណា លោក​បាន​ទទួល​ស្គាល់​ថា រាល់​គ្រួសារ​កម្មករ​ឥដ្ឋ​​បាន​​ខ្ចី​ប្រាក់​ពី​ម្ចាស់​ឡឥដ្ឋ​ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​ការ​រហូត​ដល់​សង​បំណុល​អស់​ ​​ឬ​ម្ចាស់​ឡឥដ្ឋ​ ចេញ​សង​បំណុល​​ធនាគារ​ និង​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជំនួស​​​ ​ដោយ​សារ​បំណុល​ជា​មួយ​​ម្ចាស់​ឡឥដ្ឋមិន​មាន​​​ការ​ប្រាក់​​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​អ្នក​រាល់​គ្នា​​​ជំពាក់​បំណុល​នៅ​ក្នុង​រោង​ចក្រ​ឥដ្ឋ​ ​ហើយ​គ្រាន់​តែ​​ថា​ជា​បំណុល​តិច​ឬ​ច្រើន​​ដោយ​សារ​ពួក​គេ​ខ្ចី​លុយ​ពី​ធនាគារ​​បន្ទាប់​ពី​ពួក​គេ​រក​ស៊ី​ខាត​។ ​ពួក​គេ​ខ្ចី​ពី​យើង​ដើម្បី​​សង​ធនាគារ​​​ដោយ​សារ​យើង​មិន​មាន​ការ​ប្រាក់​ ​ហេតុ​ដូច្នេះ ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​សង​បំណុល​...។ លុយ​នេះ​គឺ​ដូច​ចង​ពួក​គេ​មិន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​​​ឥដ្ឋ​ដទៃ​ទៀត​»។

ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​បង្ហាញ​អត្ត​សញ្ញា​ណ​ត្រឹម​តែ​​ឈ្មោះ អា​ចរិយា ​នៅ​ក្នុង​របាយការណ៍​នេះ​​​ ដើម្បី​ការ​ពារ​អត្ត​សញ្ញា​​ណ​របស់​នាង បាន​ថ្លែង​ថា​«​​បំណុល​របស់​ខ្ញុំ​បន្ត​កើន​ឡើង​​ដោយ​សារ​ឥឡូវ​នេះ​ ខ្ញុំ​មាន​ប្តី​និង​កូន​...។ ​នា​ពេល​អនាគត​កូន​របស់​ខ្ញុំ​ នឹង​ធ្វើ​ការ​ងារ​នេះ​ដែរ​»។

កាល​ពី​សប្តាហ៍​មុន​ ក្រសួង​ការ​ងារ​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​​ព្រមាន​ចំពោះ​ការ​ប្រើ​ប្រាស់​​ពល​កម្ម​កុមារ​នៅ​ក្នុង​​​ឧស្សាហកម្ម​ឡ​ឥដ្ឋ​​និង​​ទម្រង់​កេង​ប្រវ័ញ្ច​ដទៃ​ៗ​ទៀត ​ជា​​មួយ​នឹង​ការ​​ចង​ដោយ​បំណុល​។

លោក ហេង​ សួរ អ្នក​នាំ​ពាក្យ​​​ក្រសួង​ការ​ងារ មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​​បាន​ទេ​​​៕ PS ​