ភ្នំពេញៈ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ចាប់ពី​ឆ្នាំ​ ២០០៣-២០១៩ បានទទួល​សំណុំរឿង​លើ​វិវាទ​ការងារ​ចំនួន​ ២ ៨៨២ ​ករណី ​ដែលមាន​កម្មករនិយោជិត​ពាក់ព័ន្ធ​ចំនួន​ជាង​ ១ ​លាន​នាក់​ មកពី​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ​ទូទាំង​ប្រទេស​ដែល​ក្នុងចំណោម​សំណុំរឿង​វិវាទ​ទាំងនេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ដោះស្រាយ​ជោគជ័យ ៧៥ ​ភាគរយ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការផ្ដល់​ជំនួយ​ពី​ស្ថានទូត​ស៊ុយអែត និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ​ លោក​ ម៉ែន និម្មិត នាយក​ប្រតិបត្ដិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បញ្ជាក់ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដើរតួនាទី​យ៉ាងសំខាន់​ និង​សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល រួមចំណែក​ជួយ​ដល់​ផ្នែក​សង្គមកិច្ច និង​សេដ្ឋកិច្ចជាតិ​។ ព្រមទាំង​ទទួល​បាន​កេរ្តិ៍ឈ្មោះ និង​ការទទួល​ស្គាល់​ថ្នាក់ជាតិ និង​អន្តរជាតិ​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​នាពេល​កន្លងមក​។

លោក​ ម៉ែន និម្មិត ថ្លែងថា​៖ «​មកទល់នឹង​ឆ្នាំ​ ២០១៩ ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំ​រឿង​ចុះបញ្ជី​ចំនួន​ ២ ៨៨២ ​ករណី​ ដែល​មាន​កម្មករនិយោជិត​ពាក់ព័ន្ធ​ចំនួន​ជាង​ ១ ​លាន​នាក់​ មកពី​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ក្នុង​ចំណោម​សំណុំរឿង​ដែល​បាន​ចុះ​បញ្ជី​ទាំងអស់​នេះ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​សម្រេច​បាន​នូវ​អត្រា​ជោគជ័យ​ក្នុង​ការដោះស្រាយ​វិវាទ​ចំនួន ៧៥ ​ភាគរយ​»​។

លោក​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​សប្បុរស​នានា​ដូចជា​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក​ និង​ប្រទេស​ស៊ុយអែត​ដែល​បាន​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​។ ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល តាំងពី​ឆ្នាំ​ ២០១៤ ​មក​បាន​បន្ដ​ចុះកិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ឥតសំណង​បន្ថែម​ពី​ម្សិលមិញ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខទៀត​ ក្នុង​ទឹកប្រាក់​ចំនួន​ ១ ​លាន​ ៥ ​សែន​ដុល្លារ​អាមេរិក​។ ចំណែក​ស្ថានទូត​ស៊ុយអែត​បាន​បន្ដ​ផ្ដល់ជំនួយ​សរុប​ចំនួន​ប្រមាណ​ ៥ ​សែន​ ៣ ​ម៉ឺន​ដុល្លារ​អាមេរិក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​ទាំង​ ២ ​នេះ​ពី​ម្សិលមិញ​បញ្ជាក់ថា ការបន្ដ​ផ្ដល់​មូលនិធិ​ទាំង​ ២ ​នេះ​មាន​គោលបំណង​ដូចគ្នា គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​ និង​សេវា​ដោះស្រាយ​វិវាទ​ការងារ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​។ បង្កើន​ការយល់ដឹង​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​លើកកម្ពស់​ជំនាញ​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​ដល់​កម្មករនិយោជិត​ និង​និយោជក និង​ដើម្បី​រក្សា​ការលើកកម្ពស់​សុចរិតភាព និង​និរន្តរភាព​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៥ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​ទៅដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ​មួយ​មានអំណាច​ដោះស្រាយ វិវាទ​ការងារ​រួម​នៅ​កម្ពុជា​តាមច្បាប់​ការងារ​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវបាន​ទទួលស្គាល់ថា ជា​ស្ថាប័ន​ចម្បង​ជា​សារវន្ត​មួយ​សម្រាប់​ការដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​ដើម្បី​ជួយ​ឲ្យ​មាន​ស្ថិរភាព​ទីផ្សារការងារ​ និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​។

លោក​ Samuel Hurtig ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្ដិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ថ្លែងថា ទីផ្សារ​ការងារ​នៅ​គ្រប់​ប្រទេស​ទាំងអស់​កំពុងតែ​រីកលូតលាស់​ទៅមុខ​ហើយ​ត្រូវការ​សម្រប​ទៅតាម​ការប្រែប្រួល​។ អ្នក​ផលិត​ទាំងឡាយ​ត្រូវតែ​បង្កើន​គុណភាព ទំនិញ​និង​រក្សា​ផលចំណេញ​ដោយ​ថ្លឹងថ្លែង​ជាមួយ​នឹង​តម្រូវការ​សិទ្ធិ​ការងារ​មាន​ជាអាទិ៍​ស្ដង់ដា​ការងារ សមរម្យ​ និង​ប្រាក់​ឈ្នួល​ដោយ​យុត្ដិធម៌ សមភាព​យេនឌ័រ​ក៏​ដូចជា​បញ្ហា​បរិស្ថាន​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម និង​លក្ខខណ្ឌ​ការងារ​នានា​។

លោក​ថ្លែងថា​៖ «​តួនាទី​របស់​រដ្ឋាភិបាល​គឺ​បង្កើត​គោលនយោបាយ​ដែល​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​ទីផ្សារ​ការងារ​យោងតាម​ច្បាប់​ និង​បទដ្ឋាន​គតិយុត្ដ​នានា​។ សហជីព​គឺជា​តួអង្គ​សំខាន់​ដើម្បី​តំណាង​ឲ្យ​សិទ្ធិ​កម្មករ​ និង​គួរ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​។ យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ដែល​អាច​ជឿជាក់​បាន និង​ឯករាជ្យ គឺជា​ធាតុ​ផ្សំ​ចាំបាច់​សម្រាប់​ទីផ្សារការងារ​ដែល​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​បន្តថា​៖ «​តួនាទី​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​នៅក្នុង​ទីផ្សារការងារ​គឺមាន​សារៈសំខាន់​ណាស់​។ ស្ថានទូត​ស៊ុយអែត​នឹង​បន្ត​គាំទ្រ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដើម្បី​ធានាថា​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នឹង​បន្ត​ដើរតួនាទី​របស់ខ្លួន​ដោយ​ឯករាជ្យ​​ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​»​។

លោក​ Javier Castano ប្រធានស្ដីទី​នៃ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក​ថ្លែង​ថា វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ថែរក្សា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដែល​មាន​អំណាច​កាត់សេចក្ដី និង​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ស្ថាប័ន​ខាង​កម្មករ​និយោជិត និង​និយោជក​ទទួល​ស្គាល់​ថា​មាន​អព្យាក្រឹតភាព មិន​លម្អៀង​។

លោក​បន្តថា​៖ «​នេះ​គឺជា​មូលហេតុ​ដែល​យើង​ជ្រើសរើស​គាំទ្រ​ដល់​តួនាទី​ស្នូល​សំខាន់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការបង្កើត​នូវ​បរិយាកាស​ប្រកប​ដោយ​ការជឿជាក់​សម្រាប់​កម្មករ​និយោជិត និយោជក និង​អ្នកវិនិយោគ​នានា​ជា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ដែល​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​»​។

លោកស្រី សុវណ្ណ វណ្ណារតន៍ អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សាទរ​ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​បន្ត​ផ្ដល់ជំនួយ​ទាំង​ ២ ​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ​។ លោកស្រី​គាំទ្រ​ការលើកឡើង​របស់​ប្រធាន​ស្ដីទី​នៃ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក និង​ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្ដិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។

លោកស្រី​បាន​ថ្លែងថា ការបន្ដ​គាំទ្រ​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​របស់​ភាគី​ទាំង​ ២ ​នេះ​លើ​យន្តការ​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឲ្យ​ដំណើរការ​ទៅមុខ​បាន​ទៀត គឺជា​ចំណុច​សំខាន់​ក្នុង​ការសម្រេច​បាន​នូវ​ការបន្ត​ធានា​បាន​លើ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​កាន់តែ​រឹងមាំ​នឹង​ធានាបាន​នូវ​និរន្តរភាព​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​រឹតតែ​សំខាន់​គឺ​យើង​អាច​បន្តដំណើរ​ទៅមុខ​ទៀត​ក្នុង​ការជំរុញ​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ​ និង​វិវាទ​ការងារ​បុគ្គល​ក្នុង​វិស័យ​ការងារ​»​។

លោក​ ប៉ាវ ស៊ីណា ​ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​នេះដែរ​ពី​ម្សិលមិញ​បាន​ថ្លែង​៖ «​អ្វីដែល​សំខាន់​ក្នុង​នាម​យើង​ជា​ភាគី​កម្មករ យើង​មើលឃើញ​ថា ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ពិតជា​មាន​ផលប្រយោជន៍​ខ្លាំង​មែនទែន​ទៅ​ដល់​បងប្អូន​កម្មករ​ដោយ​បាន​ជួយ​ពួកគាត់​លើ​ការប្រឹក្សា​ផ្នែក​ច្បាប់​ និង​ដំណើរការ​នៃ​ការដោះស្រាយ​វិវាទ​។ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​យើង​ចង់ឃើញ​ស្ថាប័ន​នេះ​អនុវត្ដ​ការងារ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​នេះ​តាមរយៈ​សេចក្ដី​បង្គាប់​របស់ខ្លួន​»​។

លោក​ ស៊ីណា បាន​បញ្ជាក់ថា​៖ «​គឺ​យើង​ចង់​ឲ្យ​សេចក្ដី​បង្គាប់​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ធ្វើ​នោះ​មាន​ប្រសិទ្ធភាព​ដល់​គូភាគី​យក​ទៅ​អនុវត្ដ​តែម្ដង​មិនមែន​យក​សេចក្ដី​បង្គាប់​នេះ​ទុក​គ្រាន់តែ​ជា​ក្រដាស​មួយ​ ឬ​គ្រាន់តែ​បង្ហាញ​អំពី​ដំណើរការ​នៃ​ការឈ្នះ​ និង​ចាញ់​ក្នុង​វិវាទ​ការងារ​ណាមួយ​នោះទេ​»៕