បន្ទាយមានជ័យៈ យ៉ាងហោចណាស់ស្ដ្រីចំនួន ៥ នាក់បានស្លាប់ភ្លាមៗ និង ៤ នាក់ទៀតរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបន្ទាប់ពីរងគ្រោះថ្នាក់ ដោយសារដងសន្ទូចនៃការដ្ឋានសាងសង់ផ្ទះល្វែង សម្រាប់លក់មួយកន្លែងបានបាក់សង្កត់ពីលើពេលកំពុងអង្គុយលេងនៅទីតាំងផ្ទះរបស់ខ្លួនក្បែរការដ្ឋានសំណង់នោះស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
នេះបើតាមលោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញ។
លោក អាត់ ខែម បានថ្លែងថា ជនរងគ្រោះស្លាប់ និងរបួសទាំង ៩ នាក់គឺសុទ្ធតែជាស្ដ្រីទាំងអស់ និងជាពលរដ្ឋរស់នៅក្បែរការដ្ឋានសាងសង់ផ្ទះល្វែងសម្រាប់លក់នោះ។ លោកថា ពេលដែលពលរដ្ឋទាំង ៩ នាក់កំពុងអង្គុយលេងនៅក្នុងទីតាំងផ្ទះរបស់ខ្លួនដងសន្ទូចសម្រាប់ស្ទូចសម្ភារសំណង់បានបាក់រលំមកសង្កត់ពីលើប្រជាពលរដ្ឋតែម្ដង។ ករណីនេះកើតឡើងក្នុងអំឡុងប្រហែលម៉ោងជិត ៣ រសៀលថ្ងៃម្សិលមិញ។
លោកថ្លែងថា៖ «យើងបានជួយសង្គ្រោះ ហើយអ្នករបួសចំនួន ៤ នាក់ យើងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុង។ ចំណែកអ្នកស្លាប់ទាំង ៥ នាក់មានខ្លះយើងបញ្ជូនទៅគេហដ្ឋាន និងខ្លះទៀតយើងបានបញ្ជូនទៅកាន់ទីវត្ដអារាមនៅក្បែរលំនៅឋានរបស់ពួកគាត់»។
លោកបានបញ្ជាក់ថា៖ «ជនរងគ្រោះទាំង ៩ នាក់នេះសុទ្ធតែជាពលរដ្ឋធម្មតា រស់នៅកន្លែងកើតហេតុ មិនមែនជាកម្មករសំណង់ទេ។ គ្រោះថ្នាក់នេះកើតឡើងព្រោះតែដងសន្ទូចរបស់ការដ្ឋានសំណង់ដែលកំពុងសាងសង់ផ្ទះល្វែងលក់នោះវាបាក់រលំឆ្លងរបងរបស់ការដ្ឋានសំណង់ ហើយចុងសន្ទូច និងថ្មយោងសន្ទូចនោះបានបាក់សង្កត់មកលើផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅខាងក្រៅក្រុមហ៊ុន»។
ស្ដ្រីជាជនរងគ្រោះស្លាប់ទាំង ៥ នាក់នោះរួមមាន ១- ឈ្មោះ ឈាន ហុង អាយុ ៤៤ ឆ្នាំ។ ២- ឈ្មោះ ឌឹម សុខណាក់ អាយុ ២៩ ឆ្នាំ។ ៣- ឈ្មោះ លឿប ឡាក់ អាយុ ៥៥ ឆ្នាំ។ ៤- ឈ្មោះ សេង មុយគា (មិនទាន់ដឹងអាយុ) និង ៥ ឈ្មោះ ចូវ លី អាយុ ៤៩ ឆ្នាំ ជនរងគ្រោះទាំងនេះរស់នៅភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ចំពោះចំណាត់ការលើម្ចាស់ការដ្ឋានសំណង់ ដែលដងសន្ទូចការដ្ឋានសំណង់បានបាក់រលំសង្កត់ពលរដ្ឋស្លាប់ និងរបួសនេះមិនអាចសុំការបកស្រាយបន្ថែមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទេកាលពីម្សិលមិញដោយលោកប្រាប់ថា កំពុងជាប់រវល់។
លោក ស៊ុំ ចន្ទគា មន្ដ្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដបន្ទាយមានជ័យទាមទាររាជរដ្ឋាភិបាលត្រូវតែចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងចំពោះម្ចាស់ការដ្ឋានសំណង់ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសបែបនេះ។
លោកថ្លែងថា៖ «ករណីនេះត្រូវតែមានការទទួលខុសត្រូវ។ នេះជាបទល្មើសសកម្ម ជាករណីមនុស្សឃាតដោយអចេតនាកើតឡើងពីការធ្វេសប្រហែស ខ្ជីខ្ជា មិនយកចិត្ដទុកដាក់បណ្ដាលឱ្យបាក់ដងសន្ទូចសង្កត់មកលើពលរដ្ឋកំពុងតែនៅក្នុងផ្ទះសុខៗស្លាប់ និងរបួស»។
លោក ស៊ុំ ចន្ទគា បន្ថែមថា ម្ចាស់ក្រុមហ៊ុនសំណង់នេះ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ មិនមែនគ្រាន់តែយកលុយមកឱ្យជនរងគ្រោះ និងមនុស្សដែលស្លាប់ទៅហើយបញ្ចប់រឿងនោះទេ ព្រោះករណីនេះមានបទល្មើសគ្រប់គ្រាន់៕
វីដេអូ៖