ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមកាលពីចុងសប្ដាហ៍កន្លងមកនេះបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនរួមលើការងារខណ្ឌសីមាព្រំដែន ហើយភាគីទាំង ២ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាមក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសវៀតណាមកាលពីថ្ងៃទី ៤-៥ ខែតុលា។
សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា៖ «នៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊្វុកបានធ្វើជាប្រធានសន្និសីទស្ដីពីការពិនិត្យឡើងវិញលើការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម តាំងពីឆ្នាំ ២០០៦ និងចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែន»។
សេចក្តីថ្លែងការណ៍រួមនេះបានឲ្យដឹងទៀតថា ឯកសារចំនួន ២ នោះមានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ ទី២ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា ភាគីទាំង ២ បានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំង ២ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ ៨៤%) និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំង ២។ ភាគីទាំង ២ បានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។
សេចក្តីថ្លែងការណ៍រួមបានបន្ថែមថា៖ «ភាគីទាំង ២ បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពិនិត្យឲ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំង ២»។
លោក ហ៊ុន សែន បានថ្លែងនៅចំពោះសមភាគីវៀតណាម និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំង ២ ដែលមានវត្តមាននៅក្នុងពិធីចុះហត្ថលេខាសន្ធិសញ្ញាបំពេញបន្ថែមនៅទីក្រុងហាណូយកាលពីថ្ងៃទី៥ តុលា ថា៖ «ដំណោះស្រាយព្រំដែនរវាងប្រទេសជិតខាងទាំង ២ បានបោះជំហ៊ានទៅមុខដោយមោទនៈ និងប្រកបដោយភាតរភាពហើយបានចាត់ទុកសមិទ្ធផលនៃការបោះបង្គោលព្រំដែន និងការកំណត់ព្រំសីមារវាងប្រទេសទាំង ២ ក៏ជាការរួមចំណែកបញ្ចប់វិវាទ និងទំនាស់រវាងប្រជាជននៃប្រទេសទាំង ២ ផងដែរ»។
លោក ហ៊ុន សែន ថ្លែងថា៖ «ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមប្រកាសជាឱឡារិកថា ដំណោះស្រាយបន្តនៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិស្តីពីការទទួលស្គាល់ គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀតដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែននៃប្រទេសទាំង ២»។
លោក ហ៊ុន សែន បានថ្លែងបន្តទៀតថា៖ «ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំង ២ នឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងមិនអាចកើតមានឡើយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងកាលពីម្សិលមិញថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី និងការវិនិយោគរវាងប្រទេស ២។
លោក ភា ថ្លែងថា៖ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែល្អឡើងហើយដំណើរទស្សនកិច្ចនេះក៏បានជំរុញនូវកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ កាន់តែខ្ពស់ឡើង និងបង្ហាញពីការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវិស័យនយោបាយក៏ដូចជា កិច្ចការតំបន់ផ្សេងៗ យើងឃើញទទួលបាននូវផលវិជ្ជមានច្រើននៅក្នុងដំណើរទស្សនកិច្ចនេះ»។
ប៉ុន្តែអតីតគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ នេះដែរដោយបានអះអាងថាសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៨៥ គឺជាសន្ធិសញ្ញាខុសច្បាប់ និងជាការចុះហត្ថលេខាកាត់ទឹកដីខ្មែរទៅឲ្យប្រទេសវៀតណាមដោយស្របច្បាប់។
សេចក្ដីថ្លែងរបស់បក្សប្រឆាំងមួយនេះបានឲ្យដឹងថា៖ «គណបក្សសង្គ្រោះជាតិនឹងសើរើឡើងវិញនូវសន្ធិសញ្ញាព្រំដែនខុសច្បាប់ និងការបោះបង្គោលព្រំដែនកន្លងមកជាមួយប្រទេសវៀតណាម ដើម្បីធានាបូរណភាពទឹកដីកម្ពុជា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
ទោះយ៉ាងណាក៏ដោយលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជាបានថ្លែងថា គណបក្សប្រឆាំងមួយនេះតែងតែវាយប្រហារទៅលើស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដោយគ្មានហេតុផលត្រឹមត្រូវ។
លោកស្រីបានថ្លែងថា៖ «វាមិនមានអ្វីចម្លែកទេដោយសារតែគាត់មិនទទួលស្គាល់តាំងតែពីដើម ដោយសារតែពួកគាត់ជាពួកប្រឆាំងគាត់ប្រឆាំងគ្រប់តែរឿង មិនថារឿងតូច ឬរឿងធំ តែនេះគឺជារឿងសំខាន់និង ជារឿងប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋខ្មែរយើង។ យើងរដ្ឋាភិបាលគឺយើងធ្វើការច្បាស់លាស់ហើយហ្មត់ចត់ និងត្រឹមត្រូវ»។
លោកស្រី កុយ ពិសី បានឲ្យដឹងថាប្រទេសកម្ពុជា និងវៀតណាមមានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១ ២៧០ គីឡូម៉ែត្រ។
លោក គិន ភា បានឲ្យដឹងទៀតថា ការប្រកាសមិនទទួលស្គាល់ក្រុមប្រឆាំងមួយនោះគឺជារឿងធម្មតាហើយពុំមានប្រសិទ្ធភាពនោះទេ ដោយគណក្សប្រឆាំងមួយនេះបានប្រើប្រាស់បញ្ហាព្រំដែនធ្វើនយោបាយ រារាំងដល់ការបោះបង្គោលព្រំដែន។
លោក ភា បានថ្លែងថា៖ «គាត់តែងប្រឆាំងរហូតមិនអាចយល់ស្របបានទេ ហើយការទទួលស្គាល់ ឬមិនទទួលស្គាល់របស់គណបក្សប្រឆាំង វាគ្មានតម្លៃនោះទេ ដោយសារតែគណបក្សប្រឆាំងត្រូវបានរំលាយហើយ»។
យោងតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម បានឲ្យដឹងទៀតថា ភាគីទាំង ២ ក៏បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់ការសាងសង់សមាសធាតុមួយចំនួននៃមជ្ឈមណ្ឌលជាតិផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនៃប្រទេស កម្ពុជា៕