​ភ្នំ​ពេញ:​ រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​កែ​សម្រួល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ខេត្ត​ និង​បង្កើត​ស្រុក​/​ខណ្ឌ​ និង​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កណ្ដាល​ កំ​ពង់​ធំ​ ពោធិ៍សាត់​ ស្ទឹង​ត្រែង​និង​ភ្នំពេញ​ ​ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល ​និង​ដាក់​ទីតាំង​បម្រើ​សេវា​សា​ធារ​ណៈ​​ឲ្យ​កៀក​នឹង​ប្រជា​ពល​រដ្ឋ​ ប៉ុន្ដែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​វា​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះ​ខ្ជាយ​។

​លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​សេច​ក្ដី​សម្រេច​របស់​រាជ​រដ្ឋា​ភិ​បាល​ គឺ​ជា​ការ​ប្ដេ​ជ្ញា​ចិ​ត្ត​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ផ្នែក​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​សេវា​សាធា​រ​ណៈ​ឲ្យ​ទៅ​កៀក​នឹង​ប្រ​ជា​ពល​រដ្ឋ។​

​លោក​ ​ស៊ី​ផាន​ ថ្លែង​ថា​៖​ «​ដោយ​សារ​មើល​ឃើញ​ការ​លំបាក​ក្នុង​ការ​ទទួល​សេវា​សាធារ​ណៈ​របស់​ប្រជា​ពល​រដ្ឋ​ ទើប​រដ្ឋា​ភិ​បាល​ត្រូវ​សម្រេច​បែប​នេះ»​។​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​អះអាង​ថា​ ចំពោះ​មតិ​រិះ​គន់​ទាំង​ឡាយ ​គឺ​សិទ្ធិ​របស់​ពល​រដ្ឋ​ ប៉ុន្ដែ​ពួក​គេ​នៅ​មិន​ទាន់​យល់​ច្បាស់​ការ​ងារ​រដ្ឋ​បាល ​និង​មិន​ដឹង​ច្បាស់​ពី​ការ​លំ​បាក​របស់​ប្រ​ជា​ពល​រដ្ឋ​។​

​លោក​ថ្លែង​ថា​៖​ «​ការ​ទិតៀន​ហ្នឹង​ គ្រាន់​តែ​ជា​ការបញ្ចេញ​មតិ​របស់​គេ​ទេ​ វា​គ្មាន​ប្រយោ​ជន៍​អ្វី​សម្រាប់​ជាតិ​ទេ។​ គេ​ថា​បង្កើត​ហ្នឹង​​អស់​លុយ​រដ្ឋ​ ចុះ​រដ្ឋ​ហ្នឹង​ក្រែង​​អ្នក​បម្រើ​រាស្ត្រ​ហ្អី​ បើ​រដ្ឋ​រក​ការងារ​ឲ្យ​រាស្ត្រ​ធ្វើ​ តើ​មាន​អ្វី​ខុស?​ អ៊ី​ចឹង​គេ​ថា​ ក៏​ចេះ​តែ​ថា​ទៅ»​។​

យ៉ាង​ហោច​ណាស់​មាន​អនុក្រឹត្យ​ចំនួន​ ៥ ​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី ​៨​ ​ខែ​មករា​នេះ​ ដោយ​លោក​ ​ហ៊ុន​ សែន​ ​​នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

យោង​តាម​អនុ​ក្រឹត្យ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា​រាជ​រដ្ឋា​ភិបាល​បាន​បង្កើត​ថ្មី​នូវ​ក្រុង​កោះ​រ៉ុង​នៃ​ខេត្ត​ព្រះ​សីហនុ​ ដោយ​កាត់​យក​សង្កាត់​ចំនួន ​២​ ពី​ក្រុង​ព្រះ​សីហ​នុ​នៃ​ខេត្ត​ព្រះ​សីហនុ​ គឺ​សង្កាត់​កោះរ៉ុង​ និង​សង្កាត់​កោះរ៉ុង​សន្លឹម​ មក​ធ្វើ​ការ​​បង្កើត​ក្រុង​កោះ​រ៉ុង នៃ​ខេត្ត​ព្រះ​សីហនុ​វិញ​ ដែល​ទី​តាំង​សាលា​ក្រុង​កោះរ៉ុង​ ត្រូវ​ស្ថិត​នៅ​ក្នុង​សង្កាត់​កោះរ៉ុង​សន្លឹម​ និង​មាន​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ ​និង​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​ក្រុង​កោះរ៉ុង​ ទៅ​តាម​អនុ​លោម​ច្បាប់​ផង​ដែរ។​

-​ត្រូវ​បាន​បង្កើត ​«​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ»​ នៃ​ខេត្ត​ស្ទឹងត្រែង​ ដោយ​កាត់​យក​ឃុំ​ចំនួន​ ៣ ​គឺ​ឃុំ​អូ​រស្វាយ​ ឃុំ​កោះ​ស្នែង​ និង​ឃុំ​ព្រះ​រំកិល​ពី​ស្រុក​ថា​ឡាប​រី​វ៉ា​ត់។​ ត្រូ​វ​បាន​កែ​សម្រួល​ព្រំ​ប្រទល់​រដ្ឋ​បាល​ឃុំ​អូរស្វាយ​ ដោយ​កាត់​យក​ផ្ទៃ​ដី​មួយ​ផ្នែក​ពី​សង្កាត់​សាម​គ្គី​ នៃ​ក្រុង​ស្ទឹង​ត្រែង​ ផ្ទៃ​ដី​មួយ​ផ្នែក​ពី​ឃុំ​ស្ដៅ ​នៃ​ស្រុក​សេ​សាន​ និង​កាត់​យក​ភូមិ​ចំនួន​ ១​ គឺ​ភូ​មិណាអូ​ង ពី​​ឃុំ​ស្រែ​សំបូរ​នៃ​ស្រុក​សៀម​ប៉ាង​ មក​ឲ្យ​ឃុំ​អូរ​ស្វាយ​ នៃ​ស្រុក​បុរី​ស្វាយ​សែន​ជ័យ។ ​ចំណែក​ទី​តាំង​សាលា​ស្រុក នឹង​ត្រូវ​សាង​សង់​នៅ​ឃុំ​អូរ​ស្វាយ​។​

-​ត្រូវ​បាន​បង្កើត ​«​ស្រុក​តាលោ​សែន​ជ័យ​»​ ដោយ​កាត់​យក​ឃុំ​ចំនួន​ ២​ គឺ​ឃុំ​តា​លោ​ នៃ​ស្រុក​បា​កាន​ និង​ឃុំ​ផ្ទះ​រុង​ នៃ​ស្រុក​ភ្នំ​ក្រវា​ញ ​នៃ​ខេត្ត​ពោធិ៍សាត់។ ​ត្រូវ​បាន​កាត់​ភូមិ​ចំនួន​ ២​ គឺ​ភូមិ​កោះ​​ស្វាយ ​និង​ភូមិ​កោះ​វត្ត​ ពី​ឃុំ​ខ្នារ​ទទឹង​នៃ​ស្រុក​បា​កាន​មក​ឲ្យ​ឃុំ​តា​លោ​ នៃ​ស្រុក​តា​លោ​សែន​ជ័យ។ ​ព្រំប្រទល់​រដ្ឋ​បា​ល​​ស្រុក​តា​លោ សែន​ជ័យ​ ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែន​ទី​ជា​ឧប​សម្ព័ន្ធ​នៃ​អនុ​ក្រឹត្យ​នេះ។ ​ចំណែក​ទីតាំង​សាលា​ស្រុក​តា​​លោ​សែន​ជ័យ​ ត្រូវ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្ទះ​រុង។​​

-​ត្រូវ​បង្កើត​ ​«​ស្រុក​តាំង​គោក​»​ នៃ​ខេត្ត​កំពង់​ធំ​ ដោយ​កាត់​យក​​ឃុំ​ចំនួន​ ៨​ ពី​ស្រុក​បារា​យ​ណ៍​រួម​មាន​ ឃុំ​ពង្រ​ ឃុំ​ច្រ​នាង ឃុំ​ជ្រលង​ ឃុំ​ទ្រៀល​ ឃុំ​សូ​យោង​ ឃុំ​ស្រឡៅ ​ឃុំ​ស្វាយ​ភ្លើង​ និង​ឃុំ​អណ្តូង​ពោធិ៍។​ ព្រំ​ប្រទល់​រដ្ឋ​បាល​ ស្រុក​តាំង​គោក ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែ​ន​ទី​ជា​ឧប​សម្ព័ន្ធ​នៃ​អនុ​ក្រឹ​ត្យ​​នេះ។​ ទីតាំង​សាលា​ស្រុក​តាំង​គោក​ នឹង​ត្រូវ​បាន​ជ្រើស​យក​ឃុំ​សូយោង ​ធ្វើ​ជា​ទី​តាំង​សាលា​ស្រុក​។​

​-​ត្រូវ​បាន​បង្កើត​ខណ្ឌ​បឹង​កេង​កង​ នៃ​រាជ​ធានី​ភ្នំ​ពេញ ​ដោយ​កាត់​យក​សង្កាត់​ចំនួន​ ៧​ ពី​ខណ្ឌ​ចំការ​មន​ គឺ​សង្កាត់​បឹង​កេង​កង​ទី ១ ​សង្កាត់​បឹង​កេង​កង​ទី ២ សង្កាត់​បឹងកេងកង​ទី ៣ សង្កាត់​អូឡាំពិក សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី ២។ ត្រូវ​បាន​ផ្ទេរ​ទីតាំង​សាលា​ខណ្ឌ​ចំការ​មន​ដែល​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី ៣ ទៅ​ឲ្យ​សាលា​ខណ្ឌ​បឹងកេងកង​វិញ។ ចំណែក​ទីតាំង​សាលា​ខណ្ឌ​ចំការ​មន ត្រូវ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​វិញ។

ត្រូវបាន​បង្កើត​ខណ្ឌ​កំបូល​នៃ​រាជធានី​ភ្នំពេញ ដោយ​កាត់​យក​សង្កាត់​ចំនួន ០៦ ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​កាត់​យក​សង្កាត់​ចំនួន ០១ ពី​ខណ្ឌដង្កោ គឺ​សង្កាត់​ប្រទះ​ឡាង។ ដូច្នេះ ខណ្ឌ​កំបូល មាន​ចំនួន ០៧ សង្កាត់ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱ​ឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើង​ឆេះ​រទេះ សង្កាត់​បឹង​ធំ និង​សង្កាត់​ប្រទះ​ឡាង។

ចំណែក​ទីតាំង​សាលាខណ្ឌ នឹងត្រូវ​បានប្រកាស​ដោ​យ​ក្រសួង​មហាផ្ទៃ។ ជាមួយ​គ្នា​នេះ​ដែរ អនុក្រឹត្យ​ខ្លះ​បាន​សម្រេច​កែ​សម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ដោយ​កាត់​យក​ឃុំ​ចំនួន ៤ ពី​ស្រុក​ស្អាង គឺ​ឃុំ​ស្វាយ​រលំ ឃុំ​កោះ​អន្លង់​ចិន ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាល​ស្ទឹង មក​ឲ្យ​ក្រុង​តាខ្មៅ​ដែរ។ អនុក្រឹត្យ​នោះ​ឲ្យ​ដឹង​ទៀត​ថា ត្រូវ​ប្តូរ​ឃុំ​ទាំង ៤ ចំណុះ​ឲ្យ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទៅ​ជា​សង្កាត់ មាន​ដូច​ខាង​ក្រោម៖ ទី១-ឃុំ​ស្វាយ​រលំ ទៅ​ជា​សង្កាត់​ស្វាយ​រលំ, ទី ២-ឃុំ​កោះ​អន្លង់ចិន ទៅជា​សង្កាត់​កោះ​អន្ល​ង់ចិន, ទី៣-ឃុំ​សិត្បូ ទៅ​ជា​សង្កាត់​សិត្បូ, និង​ទី ៤-ឃុំ​រកា​ខ្ពស់ ទៅ​ជា​សង្កាត់​រកា​ខ្ពស់។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មិន​ចាំបាច់​ទៅ​បំបែក​ឬ​បង្កើត​ស្រុក​ទេ ដោយ​គ្រាន់​តែ​ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​របស់​មន្ត្រី និង​ជំរុញ​មន្ត្រី​ធ្វើការ​ឲ្យ​សកម្ម​ជាមួយ​ពលរដ្ឋ​ជា​ការ​ស្រេច។

លោក ជ័យ ថ្លែងថា៖ «បើ​យើង​ចង់​ឲ្យ​ការគ្រប់គ្រង​មាន​ប្រសិទ្ធភាព គឺ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ​ហើយ​បែង​ចែក​ថវិកា​តាម​តម្រូវការ​រដ្ឋបាល​ស្រុក (នីមួយៗ)៕