កំពតៈ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ២ ​កន្លែង​ក្នុងស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្ត​កំពត​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី សោភណភាព​ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​ផ្សេងទៀត​។ នេះ​បើតាម​អនុក្រឹត្យ​ចំនួន​ ២ ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២២ មករា ឆ្នាំ​ ២០២១​។

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទាំង​ ២ មាន តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ទទុង-ភ្នំតូច ដែល​មាន​ផ្ទៃដី​ជាង​ ៨៣ ​ម៉ឺន​ហិកតា​ស្ថិត​នៅក្នុង​ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះគុហារហ្លួង​ដែល​មាន​ទំហំ​ ២៥ ​ហិកតា​ស្ថិត​នៅ​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

គោលបំណង​នៃ​ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទាំង ២ ​នេះ​រួមមាន​ដើម្បី​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់ ដាក់​កម្រិត​ដល់​ការប្រើប្រាស់​ធនធាន​ជីវចម្រុះ ធនធាន​ធម្មជាតិ ធនធាន​វប្បធម៌​។ តំបន់​ទាំង​ ២ ​នេះ​ក៏​បង្កើតឡើង​ដើម្បី​ផ្ដល់​សេវាកម្ម​ធម្មជាតិ និង​វប្បធម៌​សម្រាប់​ការប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន និង​សាធារណជន​ក្នុង​ការចូលរួម​គ្រប់គ្រង ការពារ និង​អភិរក្ស​ជីវចម្រុះ ធនធាន​ធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។

អនុក្រឹត្យ​ដដែល​បន្តថា ការបង្កើត​តំបន់​បេតិកភណ្ឌ​ទាំងនេះ​ក៏​ដើម្បី «​ការពារ​សោភណភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ​សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ពុំ​បង្ក​ការគំរាម​កំហែង​ដល់​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​ក្នុង​មូលដ្ឋាន​»​។

ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទាំង​ ២ ​នេះ​ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកំពត និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​ដល់​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកប​ដោយ​និរន្តរភាព ស្របតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទាំង​ ២ ​នេះ គឺជា​តំបន់​ការពារ​ដែល​បាន​បង្កើតឡើង​ដំបូង​គេ​នៅ​ឆ្នាំ​ ២០២១ ​នេះ​។

ប៉ុន្តែ​កាលពី​ចុងឆ្នាំ​ ២០២០ ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន ៩ កន្លែង​នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។

លោក ភក្ត្រា ថ្លែង​ដូច្នេះ​ថា​៖ «​បើ​យើង​សរុប​ទាំង​ ២ ​ថ្មី​នេះ​តំបន់​ការពារ​ធម្មជាតិ​របស់​យើង​សរុប​ទាំងអស់​មាន​ចំនួន ៧០ ​កន្លែង​ដែល​មាន​ផ្ទៃដី​សរុប​ជាង​ ៧ ​លាន​ហិកតា​»៕