ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តផ្តល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដល់ខេត្តទាំង ៧ ជាប់ព្រំដែនថៃបន្ថែមទៀត ដើម្បីដោះស្រាយទុកលំបាក និងការហូបចុករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ខណៈខេត្តជាប់ព្រំដែននីមួយៗ បន្តដឹកពលករដែលមានសុខភាពល្អទៅធ្វើចត្តាឡីស័កនៅស្រុកកំណើត។
យោងតាមតារាងផ្តល់សម្ភារ និងឃីតរបស់លោក ហ៊ុន សែន ចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ ខែមីនា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគដែលមានកន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារុង និងក្រមាសរុប ៥៦ ១០០ ឃីត ទឹកបរិសុទ្ធ ៦៨ ០០០ កេស និងមីកញ្ចប់ ២៩ ២០០ កេស បានផ្តល់ជូនដល់ខេត្តជាប់ព្រំដែនទាំងអស់។
លិខិតដដែលបានបញ្ជាក់ថា សម្ភារប្រើប្រាស់គ្រឿងឧបភោគបរិភោគទាំងនោះក៏ត្រូវបានខេត្តមួយចំនួនបានប្រើប្រាស់អស់ និងស្នើសុំបន្ថែម ដើម្បីយកមកបំពេញតម្រូវការរបស់ពលករខ្មែរ ដែលបានវិលត្រឡប់មកកម្ពុជា ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់កាសែតក្នុងស្រុកថា ការផ្តល់ថវិកា ឃីត និងគ្រឿងឧបភោគ បរិភោគទាំងនេះ ដើម្បីដោះស្រាយតម្រូវការរបស់ពលករត្រឡប់ពីថៃ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមព្រំដែនក៏ដូចជារង់ចាំដឹកជញ្ជូនទៅតាមខេត្តរៀងៗខ្លួន។
កាលពីពេលថ្មីៗនេះ ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃមានចំនួនកាន់តែច្រើននោះ លោក ហ៊ុន សែន បានចាត់ចែងកងទ័ពឱ្យដឹកពលករដែលពិនិត្យថា សុខភាពល្អប្រសើរមិនប្រឈមការកើតកូវីដ១៩នោះទៅធ្វើចត្តាឡីស័កនៅតាមខេត្តជាស្រុកកំណើតរបស់ពួកគេ ការធ្វើបែបនេះ ដើម្បីសម្រាលស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនថៃ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គិតត្រឹមថ្ងៃទី ៧ មីនា ឆ្នាំ ២០២១ ពលករខ្មែរដែលកំពុងបន្តធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះគឺមានជាង ៥ ៦០០ នាក់ ខណៈពលករជាង ១ ម៉ឺននាក់ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កក្នុងអំឡុងផ្ទុះកូវីដ ១៩ នេះ។
លោកបញ្ជាក់ថា៖ «កន្លងមកសម្តេចតេជោលោកបានយកចិត្តទុកដាក់ណាស់ ពាក់ព័ន្ធនឹងការឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែន ហើយខេត្តខ្ញុំនេះ គឺច្រើនជាងគេ កន្លងមកខ្ញុំទទួលបានថវិកានេះ គឺជិត ៦ ពាន់លានរៀលហើយ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើង»។
ក្រៅពីថវិកាលោកអភិបាលខេត្តបន្ទាយមានជ័យអះអាងថា ខេត្តរបស់លោក ក៏ទទួលបានមីប្រមាណ ២ ម៉ឺនកេស និងទឹកសុទ្ធ ត្រីខ ជាង ២ ម៉ឺនកេស សម្រាប់ផ្តល់ជូនពលរដ្ឋដែលធ្វើចត្តាឡីស័ក។ តាមបទបញ្ជារបស់ខេត្តគិតត្រឹមថ្ងៃទី ៨ មីនានេះ ខេត្តបន្ទាយមានជ័យ ពលរដ្ឋ ទៅដល់គោលដៅនៃស្រុកកំណើតរបស់ខ្លួន ដើម្បីបន្តធ្វើចត្តាឡីស័កប្រមាណ ១ ០០០ នាក់។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញដែរថា ការផ្តល់កញ្ចប់ថវិកា និងសម្ភារនេះគឺជាចំណែកមួយជួយដល់ពលករ ដែលមានខ្វះខាត ខណៈដែលពលករត្រឡប់ពីប្រទេសថៃ មានចំនួនរាប់ពាន់នាក់ ដែលត្រូវការថវិកា និងគ្រឿងឧបភោគបរិភោគជាចាំបាច់។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីមានបទបញ្ជាថ្មីចំនួនអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្តូររហូត ព្រោះយើងបានដឹកជញ្ជូនអ្នកធ្វើចត្តាឡីស័កទៅបណ្តើរៗ ហើយខាងខេត្តជាប់ព្រំដែនផ្សេងក៏បានដឹកពលកររបស់ខេត្តយើងមកជាបន្តបន្ទាប់ដែរ»។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការ Central បានឱ្យដឹងថា លោកក៏ចង់ឱ្យការរៀបចំទាំងអស់នេះស្ថិតក្នុងគោលនយោបាយជាតិ ដែលត្រូវមានការតាមដាន ពិនិត្យរៀបចំគ្រឿងឧបភោគបរិភោគ និងកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវចៀសវាងមានភាពមិនប្រក្រតី ឬនាំឱ្យការអនុវត្តនេះធ្វើឡើងដើម្បីតែល្អមើលបានតែមួយរយៈក៏បាត់ទៅវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញកន្លងមកនេះ តាមមណ្ឌលចត្តាឡីស័កតាមបណ្តាខេត្តជាយដែន បើប្រៀបធៀបនឹងភ្នំពេញ គឺមានលក្ខណៈខុសគ្នា។ ដោយសារតែមណ្ឌលតាមបណ្តាខេត្តជាប់ព្រំដែនគឺធ្វើឡើងនៅតាមសាលា ហើយការហូបចុកហ្នឹងគឺពិបាក ដែលធ្វើឱ្យពលរដ្ឋមួយចំនួនពិបាកក្នុងការទទួលយក»។
ទោះយ៉ាងណាក៏ដោយលោកអភិបាលខេត្តបន្ទាយមានជ័យបានអះអាងថា ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគពីរាជរដ្ឋាភិបាលក្នុងការជួយដល់ពលករដែលបានត្រឡប់មកពីប្រទេសថៃហើយជាប់ធ្វើចត្តាឡីស័កពុំមានការខ្វះខាតនោះទេ៕