ភ្នំពេញៈ នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ស្ត្រី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើន​សមភាព​យេនឌ័រ​នៅ​ក្នុង​សង្គម​ទាំង​មូល​ បើ​ទោះបី​ជា​ក្រុម​សកម្មជន​សិទ្ធិ​ស្ត្រី​នៅ​ថ្ងៃ​នេះ​បាន​លើក​ឡើង​អំពី​មន្ទិលសង្ស័យ​នៃ​សមិទ្ធផល​នេះ​ក្តី​។

ក្រុមប្រឹក្សា​នេះ​គូសបញ្ជាក់​នៅក្នុង​របាយការណ៍​ថា ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្ត្រី​មាន​ភាព​ប្រសើរ​ច្រើន​ក្នុង​អំឡុង ២ ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​បាន​លើក​ឡើង​ពី​ឧទាហរណ៍​មួយ​ចំនួន​ដូចជា​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ «​ស្ត្រី​ក្រីក្រ​ និង​ស្ត្រី​មេម៉ាយ​» និង​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ុលឌិង​ដែល​ត្រូវ​បាន​វាយកម្ទេច​ចោល​ដោយ​កាលពី​ឆ្នាំ​មុន​មាន​រាប់រយ​គ្រួសារ​បាន​ចាកចេញ​ពី​អគារ​នោះ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ប្រាក់​សំណង​ដើម្បី​យក​ទីតាំង​នោះ​ធ្វើការ​អភិវឌ្ឍ​។

ក្រុមប្រឹក្សា​នេះ​ក៏​បង្ហាញ​អំពី​ភាព​ល្អ​ប្រសើរ​នៅក្នុង​ការបង្កើន​ចំនួន​មន្ត្រី​រាជការ​ជា​ស្ត្រី​ផង​ដែរ​។

កាលពី​ឆ្នាំ​កន្លង​ទៅ ​ចំនួន​ស្ត្រី​ដែលជា​មន្ត្រីរាជការ​ស៊ីវិល​បាន​កើនឡើង​ពី​ ១ ​ភាគរយ​ទៅ​ ៤១ ​ភាគរយ​។ មន្ត្រីរាជការ​ស្ត្រី​ដែល​មាន​មុខ​តំណែង​ចាប់ពី​ថ្នាក់​ការិយាល័យ​តាម​ក្រុង ស្រុក ខណ្ឌ​មាន ២៤% ដែល​បាន​កើនឡើង​ ២ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។

លោកស្រី ធិតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សិទ្ធិ​ស្ត្រី NGO Silaka បាន​លើក​ឡើង​ថា ទោះបី​ជា​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ចំពោះ​បញ្ហា​យេនឌ័រ​ក៏ដោយ​ក៏​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បាន​នៅ​ទ្រឹង​នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​តានតឹង​។

អ្នកស្រី​ថ្លែង​ថា​៖ «​ដោយសារ​តែ​ស្ថានភាព​នយោបាយ វា​បាន​ឈប់​ទ្រឹង​។ យើង​សង្ឃឹម​ថា​នឹង​មាន​ការ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដល់​សមភាព​យេនឌ័រ​ បន្ទាប់ពី​ការ​បោះឆ្នោត​រួច​»​។

ជាមួយ​នឹង​ការ​តែងតាំង​បុរស​ស្ទើរតែ​ទាំងអស់​ដើម្បី​ជំនួស​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ពេល​ថ្មីៗ​នេះ​ជាក់ស្តែង​តំណាង​ជា​ស្ត្រី​នៅ​ថ្នាក់ជាតិ​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​។

លោកស្រី​ថ្លែង​ថា​៖ «​វា​ពិតជា​ខក​ចិត្ត​ណាស់​។ យើង​ពិតជា​កំពុង​ដើរ​ថយក្រោយ​»​។

របាយការណ៍​នោះ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ឆ្នាំ​ ២០១៧ ​ក្រសួង​ការពារ​ជាតិ​បាន​តែងតាំង​នាយ​ទាហាន​នារី ថ្នាក់​ឧត្តមសេនីយ៍​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ៨៦ ​រូប​ក្នុង​នោះ​ក៏​មាន​នាយ​ឧត្តមសេនីយ៍​ ១ ​រូប​នៅ​ក្នុង​ចំណោម​កងកម្លាំង​នគរបាល​ជាតិ​ដែល​ជ្រើសរើស​ថ្មី​ធ្វើឲ្យ​ជួរ​កងកម្លាំង​នគរបាល​ជា​ស្ត្រី​មាន​ ២៤ ​ភាគរយ​។

លោកស្រី រស់ សុភាព ប្រធាន​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​ថ្លែង​ថា អត្ថប្រយោជន៍​ដែល​បាន​រៀបរាប់​ដោយ​ក្រុមប្រឹក្សា​នេះ​គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ពី​ព្រោះ​មាន​តែ​នៅ​កម្រិត​ទាប​ប៉ុណ្ណោះ​។

លោកស្រី​ថ្លែង​ថា​៖ «​ស្ត្រី​មិន​មាន​ការងារ​នៅ​កម្រិត​ធ្វើការ​សម្រេច​ចិត្ត​ទេ​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត ស្ត្រី​គឺ​មាន​នៅ​កម្រិត​ក្រោម​បង្គាប់​ប៉ុណ្ណោះ​»​។ ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ​ត្រូវ​ធ្វើ​កំណែទម្រង់​ជាពិសេស​នោះ​លោកស្រី​បាន​ថ្លែង​ថា នៅក្នុង​វិស័យ​នយោបាយ​ទាំង​មូល​ក៏ត្រូវ​ធ្វើ​កំណែ​ទម្រង់​ដូចគ្នា​ដែរ​។

របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ស្ថាប័ន និង​ក្រសួង​នីមួយៗ​ត្រូវ​តែ​រៀបចំ​ផែនការ​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​រួម​បញ្ចូល​សកម្មភាព​របស់​ពួកគេ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​យេនឌ័រ​។ ប៉ុន្តែ​លោកស្រី​ សុភាព ថ្លែង​ថា​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។

លោកស្រី​បន្ត​ថា​៖ «​គោលនយោបាយ​នេះ​ហាក់​ដូចជា​គ្រប់គ្រាន់​តែ [​នៅលើ​ក្រដាស​] ប៉ុន្តែ​ការ​អនុវត្ត​គឺ​នៅ​ឆ្ងាយ​... មូលហេតុ​គឺ​មិន​មាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​»​។

លោកស្រី​ ធីតា ​បាន​យល់​ស្រប​ដោយ​បាន​គូសបញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​នឹង​ផ្តល់​ធនធាន​បន្ថែម​ទៀត​ដើម្បី​បង្កើន​សមភាព​យេនឌ័រ ជា​ការ​សន្យា​មួយ​ដែល​លោកស្រី​បញ្ជាក់​ថា នៅ​មិន​ទាន់​បាន​បំពេញ​នៅ​ឡើយ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​នៅ​តែ​រង់ចាំ​»​។

ជាពិសេស​របាយការណ៍​នេះ​កត់សម្គាល់​ថា​ជា​ឧទាហរណ៍​ក្រសួង​មហាផ្ទៃ បាន​បង្កើត​ការ​បណ្ដុះបណ្ដាល​ការ​យល់​ដឹង​អំពី​យេនឌ័រ​នៅ​ក្នុង​ផែនការ​សកម្មភាព​ឆ្នាំ ២០១៨-២០២១​ របស់​គេ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ទាំង​លោកស្រី ធីតា និង​លោកស្រី​ សុភាព បាន​លើក​ឡើង​ថា​​ចាំបាច់​ត្រូវ​មាន​កំណែទម្រង់​ស៊ីជម្រៅ​នៅ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់​ដែល​វា​តម្រូវ​ឲ្យ​មាន​​ធនធាន​មនុស្ស​ជា​យេនឌ័រ និង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​។

បើ​យោង​តាម​លោកស្រី​ សុភាព ​ចំណុច​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជ្រើសរើស​ស្ត្រី ជាពិសេស​សម្រាប់​ការ​ធ្វើ​ផែនការ​ក៏​ដូចជា​ការ​បែងចែក​ថវិកា និង​មុខ​តំណែង​ជាដើម​៕ NS

រាយការណ៍​បន្ថែមៈ​ គង់ មេត្តា