ភ្នំពេញៈ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យគ្រួសារពលរដ្ឋក្រីក្រពិតប្រាកដ បន្តទៅដាក់ពាក្យនៅអាជ្ញាធរឃុំ ដើម្បីវាយតម្លៃទទួលបានសាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលវិបត្ដិជំងឺកូវីដ ១៩ នេះ ដោយរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៣០០ លានដុល្លារ សម្រាប់អនុវត្ដលើការឧបត្ថម្ភនេះក្នុងរយៈពេល ១ ឆ្នាំ។
នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩ ដែលរៀបចំដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទីស្ដីការក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃម្សិលមិញ។
លោក វិស្សុត ថ្លែងថាចំណាយទៅលើផលប៉ះពាល់នៃជំងឺកូវីដ ១៩ សរុបរដ្ឋាភិបាលបានត្រៀមថវិកាក្នុងការចំណាយទាំងផ្នែកជំងឺ និងដោះស្រាយផលប៉ះពាល់សង្គម បញ្ហាសង្គមរួមទាំងជួយដោះស្រាយផលប៉ះពាល់ដល់វិស័យឯកជនសរុបចំនួន ១ ១៦៤ លានដុល្លារ។
លោកថ្លែងថាក្នុងនោះថវិកាចំនួន ៥៦៤ លានដុល្លារ ជាការចំណាយតាមរយៈយន្តការជាការជួយអន្តរាគមន៍។ ថវិកា ៦០០ លានដុល្លារ គឺជាចំណាយទៅលើផ្នែកសង្គ្រោះវិស័យពាណិជ្ជកម្ម (Business) តាមរយៈការផ្ដល់ឥណទាន ឬការធានាឥណទានទៅដល់វិស័យឯកជន។ ចំនួនថវិកានេះ មិនទាន់បូកបញ្ចូលអស់ទៅលើការកាត់បន្ថយ ការបន្ធូបន្ថយពន្ធផ្សេងៗនៅឡើយទេ។
លោកបញ្ជាក់ថា៖ «ចំនួនគ្រួសារក្រីក្រនេះមានចំនួនកើនឡើងពី ១ ខែទៅ ១ ខែ។ ក្នុងចំនួនទឹកប្រាក់ជំនួយសង្គម ៣០០ លានដុល្លារ រហូតមកដល់ថ្ងៃនេះ យើងចំណាយអស់ ១២៧ លានដុល្លារហើយ»។
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងនៅក្នុងសន្និសីទនេះដែរថា ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលប្រកាសផ្ដល់សាច់ប្រាក់ឧបត្ថម្ភកាលពីថ្ងៃទី ២៤ ខែមិថុនា រដ្ឋាភិបាលបានបើកសាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋបាន ៩០ ភាគរយ ហើយស្មើនឹង ៥០ ម៉ឺនគ្រួសារក្នុងចំណោមពលរដ្ឋជាង ៥៦ ម៉ឺនគ្រួសារ។
លោកបានថ្លែងថា៖ «ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងជុំទី ១ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភឱ្យបានមុនថ្ងៃទី ២៤ ខែកក្កដា នេះ។ ដោយឡែកពលរដ្ឋជាគ្រួសារក្រីក្រដែលបានបើកសាច់ប្រាក់ឧបត្ថម្ភរួចហើយ សូមអញ្ជើញទៅបើកសាច់ប្រាក់ជុំទី ២ ចាប់ពីថ្ងៃទី ២៥ ខែកក្កដា រហូតទៅដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំនេះ។ នេះជាការជួយក្នុងខែទី ២ របស់រាជរដ្ឋាភិបាលទៅដល់គ្រួសារក្រីក្រ»។
លោក សំហេង បុរស បញ្ជាក់ថា៖ «ការផ្ដល់សាច់ប្រាក់ឧបត្ថម្ភ នេះមិនទាន់បញ្ចប់នៅក្នុងជុំទី ១ នេះទេ។ ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ សូមទៅដាក់ពាក្យនៅអាជ្ញាធរឃុំ ដើម្បីធ្វើការវាយតម្លៃទទួលពាក្យបន្តទៀត។ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងកំពុងតែពិនិត្យបន្តទៀតអាចមានប្រមាណប្រហាក់ប្រហែល ៣-៤ ម៉ឺនគ្រួសារទៀតដែលអាចចូលមកកម្មវិធីផ្ដល់សាច់ប្រាក់នេះនៅជុំទី ២ នេះជាយន្តការបន្តយើងទទួលពាក្យបន្ថែមជាបន្តបន្ទាប់»។
លោក វង្សី វិស្សុត បន្ថែមថាមកដល់ពេលនេះសភាពការណ៍នៅកម្ពុជា បើប្រៀបធៀបជាមួយប្រទេសមួយចំនួនគឺនៅគ្រប់គ្រងបានល្អនៅឡើយ។ រដ្ឋាភិបាលគ្រប់គ្រងបានល្អទាំងផ្នែកជំងឺ ផ្នែកសេដ្ឋកិច្ច និងសង្គម។
លោក វង្សី វិស្សុត បញ្ជាក់ថា៖ «កត្ដា ៣ ដែលធ្វើឱ្យយើងមានថ្ងៃនេះគឺស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានកត្ដាទី ១ គឺជាកត្ដាដឹកនាំ គឺជាសមត្ថភាពដឹកនាំរបស់នាយករដ្ឋមន្ដ្រីរបស់យើង គឺសម្ដេចតេជោជាអគ្គបញ្ជាការទី ១ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ។ កត្ដាទី ២ គឺកត្តាគោលនយោបាយ និងវិធានការផ្សេងៗដែលយើងបានគិតគូរយ៉ាងហ្មត់ចត់ បត់បែនទៅតាមបរិការណ៍វិវឌ្ឍឥតឈប់ឈរ និងកត្ដាទី ៣ គឺកត្ដាចូលរួមរបស់ប្រជាជន ដោយបានចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល៕