
លោកស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី។ រូបថត ដកពី SOM Aun Page
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ បានចេញសេចក្តីសម្រេច តែងតាំងសមាសភាពថ្មី នៃថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានប្រធាននិងសមាជិក ដែលជាមន្ត្រីជាន់ខ្ពស់សរុបចំនួន ២៣ រូប។
សមាសភាពថ្មី នៃថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សអាណត្តិចំនួន ២៣រូបនោះមាន លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តធ្វើជាប្រធាន។ លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអនុប្រធានប្រចាំការ លោក កើត រិទ្ធ និង លោក នេត ភក្ត្រា និង មន្ដ្រី ៤ រូប ផ្សេងទៀតជាអនុប្រធាន និងមន្ត្រីផ្សេងទៀតជាសមាជិក។
លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី ២៨ ខែតុលា បានបដិសេធធ្វើអត្ថាធិប្បាយ ចំពោះការបន្ដតែងតាំងរូបលោក ជាប្រធានអង្គភាពនេះ។
ចំណែក លោក ទិត សុធា ដែលជាអនុប្រធានប្រចាំការនៃអង្គភាពនេះបានថ្លែងថា៖«សេចក្ដីសម្រេចនៃការតែងតាំងមានប៉ុនណាប៉ុណ្ណឹងទៅ នេះជាការងារដែលយើងធ្វើជាយូរមកហើយ។ មិនមែនជារឿងអីថ្មីទេ គ្រាន់តែការបន្ដអាណត្ដិថ្មី»។
លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាអនុប្រធាន អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនេះដែរ ក៏បដិសេធធ្វើការអធិប្បាយដែរដោយឲ្យទាក់ទងទៅ លោក ទិត សុធា។
លោក ភួង សុវណ្ណ អនុប្រធានសមាគមមន្ដ្រីរាជការឯករាជ្យកម្ពុជា (CICA) បានថ្លែងថា ការតែងតាំងមន្ដ្រីជាបន្ដបន្ទាប់ ពិសេសមន្ដ្រីដែលមានតួនាទីស្មើ រដ្ឋលេខាធិការ ឬអគ្គនាយកជាបន្ដបន្ទាប់នេះ គឺគ្រាន់តែជាការបំពេញចិត្ដដល់សមាជិក សមាជិកា ប្រតិបត្ដិ នៅក្នុងជួរគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
លោកបន្ដថា៖ «មិនមែនក្នុងន័យថា បម្រើឲ្យស្ថាប័ន ដើម្បីឲ្យមានប្រសិទ្ធភាព គុណភាព សេវាសាធារណៈល្អនោះទេ ហើយឱកាសនៃការតែងតាំងនេះ គឺនៅលើនយោបាយសុទ្ធសាធ មិនមែនទៅលើបច្ចេកទេសទេ»។
លោក ភួង សុវណ្ណ បានសម្ដែងការមិនគាំទ្រ ចំពោះការបន្ដតែងតាំងមន្ដ្រីជាបន្ដបន្ទាប់ នៅក្នុងស្ថាប័នក្រសួងមួយចំនួន ដោយមិនទទួលបានប្រសិទ្ធភាពការងារត្រឡប់មកវិញនោះ។
លោកថា៖ «យើងមើលសេវាសាធារណៈនៅកម្ពុជា តាមស្ថាប័នមួយៗ បើខ្វះប្រធាន-អនុប្រធានទាំងនោះ យើងធ្វើការមិនកើត ឬយ៉ាងម៉េច! យើងមើលនៅក្នុងស្ថាប័នមួយៗ គឺមានប្រធាន-អនុប្រធានច្រើនរួចទៅហើយ ប៉ុន្ដែមិនដែលឃើញប្រសិទ្ធភាពការងារនោះបានប្រសើរឡើងទេ»។
លោកបានសម្ដែងការគាំទ្រចំពោះស្ថាប័ន ក្រសួងដែលមានការធ្វើកំណែទម្រង់ ហើយទទួលបានប្រសិទ្ធភាព ដូចជាក្រសួងអប់រំ យុវជន និងកីឡាជាដើម។
លោកបន្ដថា៖«យើងគាំទ្រចំពោះកំណែទម្រង់ដូចក្រសួងអប់រំ យុវជន និងកីឡា យើងសរសើរចំពោះកំណែទម្រង់របស់គាត់ ព្រោះកម្មវិធីយុទ្ធសាស្ដ្រកំណែទម្រង់ស៊ីជម្រៅផ្នែកវិស័យអប់រំរបស់គាត់ យើងឃើញថា ធ្វើបាន។ អ៊ីចឹងហើយ ចំពោះការតែងតាំងមន្ដ្រីធំៗមួយចំនួន ដែលត្រូវចំណាយថវិកាជាតិ ហើយមិនឃើញមានអ្វីប្រសើរយើងមិនគាំទ្រទេ»។
គួរបញ្ជាក់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩។ អង្គភាពនេះ គេតែងតែឃើញបញ្ចេញប្រតិកម្ម ចំពោះរាល់ខ្លឹមសារ នៃបណ្ដាញព័ត៌មានជាតិ និងអន្ដរជាតិ ជាពិសេសអតីតគណបក្សប្រឆាំងដែលធ្វើការផ្សព្វផ្សាយដែលរិះគន់មកលើរដ្ឋាភិបាល៕