
ក្រដាសប្រាក់បោះពុម្ពថ្មី ១៥០០០ រៀល។ រូបថត ហ្វេសប៊ុក ហ៊ុន សែន
ភ្នំពេញៈ រដ្ឋាភិបាលបានចេញអនុក្រឹត្យនៅថ្ងៃទី ៧ ខែតុលានេះ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ និងចរាចរក្រដាសប្រាក់ ១ ម៉ឺន ៥ ពាន់រៀល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រដាសប្រាក់ ១ ម៉ឺន ៥ ពាន់រៀលដែលមានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅផ្ទៃខាងមុខ និងបន្ថែមរូបវិមានឈ្នះៗនៅផ្ទៃខាងខ្នង គឺដើម្បីអបអរខួបនៃការឡើងគ្រងរាជ្យរយៈពេល ១៥ ឆ្នាំរបស់ព្រះមហាក្សត្រ។
លោក ហ៊ុន សែន បានលើកឡើងនៅថ្ងៃម្សិលមិញថា ការប្រកាសឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ១ ម៉ឺន ៥ ពាន់រៀលនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនៃការឡើងគ្រងរាជ្យអស់រយៈពេល ១៥ ឆ្នាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវធ្វើពិធីបុណ្យអបអរនៅថ្ងៃទី ២៩ ខែតុលាខាងមុខនេះ។
លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខនិស្សិតនិទ្ទេស A ចំនួន ៤៤៣ នាក់ ថា៖ «ការឡើងគ្រងរាជ្យរបស់អង្គព្រះមហាក្សត្រនៃយើងនឹងត្រូវផ្សព្វផ្សាយទូលំទូលាយនៅក្របខ័ណ្ឌទូទាំងប្រទេសតាមរយៈនៅថ្ងៃបុណ្យទី ២៩ តុលាផង និងតាមរយៈក្រដាសប្រាក់ ១ ម៉ឺន ៥ ពាន់នេះផង និងក៏ដូចជាប្រាក់កាក់នេះផង»។
នៅថ្ងៃទី ៧ តុលានេះ ធនាគារជាតិនៃកម្ពុជាក៏បានចេញប្រកាសស្ដីពីលក្ខណសម្គាល់នៃប្រភេទក្រដាសប្រាក់ ១ ម៉ឺន ៥ ពាន់រៀលនេះដែរ។ នៅផ្ទៃខាងមុខនៃក្រដាសប្រាក់ គឺផ្ទៃកណ្ដាលបានរំលេចឡើងនូវរូបព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះមហាក្សត្រ និងរូបចម្លាក់នាគក្បាល ៧ នៅប្រាសាទអង្គរវត្ត ហើយផ្ទៃខាងឆ្វេងគឺមានព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការ។
រីឯផ្ទៃខាងខ្នងនៃក្រដាសប្រាក់វិញគឺផ្ទៃកណ្ដាលបានរំលេចព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ រួមជាមួយព្រះបិតា និងព្រះវររាជមាតានៅក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី និងផ្ទៃខាងស្ដាំមានរូបវិមានឈ្នះៗ ដំរីក្បាល ៣ មានស្លាប គ្រុឌ ហង្ស ហើយផ្ទៃខាងឆ្វេងមានចារឹកអក្សរ «អបអរសាទរខួប ១៥ ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ»។
លោក ណឹម សុវត្ថិ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៤ តុលា ថា វិមានឈ្នះៗនេះគឺតំណាងឱ្យសន្ដិភាពរបស់ជាតិ បន្ទាប់ពីរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ដ្របង្រួបបង្រួមជាតិទាំងមូលឱ្យរួចផុតពីភ្លើងសង្គ្រាម។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា វិមានឈ្នះៗគឺតំណាងឱ្យសច្ចភាពដែលកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញតាមរយៈការអនុវត្តគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល។
លោក មាស នី អ្នកវិភាគនយោបាយមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕
វីដេអូ៖