ក្រោយ​ពីទទួល​បាន​កា​សហការ​ពី​ប្រជា​ពល​រដ្ឋ​រយៈ​ពេល​ជាង ១០ ថ្ងៃ​កន្លង​មក​នេះ​ រដ្ឋ​បាល​ខេត្ដ​សៀម​រាបបាន​រុះ​រើ​សំណង់​នានា​ដែល​សង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណីផ្លូវ​ អូរ​ ប្រឡាយ និង​ដី​ចំណី​ស្ទឹងបាន​ជិត​ ១០០%​ ហើយ ក្នុង​ចំណោម​សំណង់​ប៉ះ​ពាល់​សរុប​ជាង២​ពាន់​កន្លែង​នៃ​គម្រោង​ការស្ថាបនា​ផ្លូវ​ទាំង​ ៣៨​ ក្នុង​ក្រុង​នេះ ​ដោយ​មិនមាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ឡើយ។ ​

លោក​ លី សំរិទ្ធ ​អភិ​បាល​រង​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅថ្ងៃនេះ​ថា ​បន្ទាប់​ពី​រដ្ឋ​បាល​ខេត្ដ​កំណត់​រយៈ​ពេល​ ១០​ ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃទី​ ២៣​ កញ្ញា ដល់ថ្ងៃទី​ ២ តុលា ប្រជា​ពល​រដ្ឋ​ដែល​មាន​សំណង់​ សង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ​ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​ក្នុង​ក្រុង​សៀម​រាប​បាន​សហការ​ជា​មួយ​ក្រុម​ការងារ​របស់​រដ្ឋ​បាល​ខេត្ដ ​រុះ​រើ​សំណង់​ចេញ​បាន​ជិត​ ១០០ ​ភាគ​រយ​ហើយ​។ ​រីឯសំណង់​ដែល​នៅសល់​ ដោយ​សារប្រជា​ពល​រដ្ឋ​មិន​អាច​រក​ជាង​មក​រុះរើ​ទាន់​ពេល ​ព្រោះ​ថា​ ចំនួន​ជាង​ក្នុង​ខេត្ដ​មាន​មិន​គ្រប់​គ្រាន់។

លោក​បាន​ថ្លែង​ថា​៖ «នៅ​សល់​សំណង់​តិច​តួច​ទៀត​ទេ ​ដោយសារ​តែ​ប្រជា​ពលរដ្ឋយើង​រក​ជាង​មក​រុះ​រើ​មិន​បាន​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មាន​ភាព​យឺត​យ៉ាវ​។ ប៉ុន្ដែ​ពលរដ្ឋ​បាន​និយាយ​ជាមួយ​ជាង​រួច​រាល់​ហើយដើម្បី​រុះ​រើ គ្រាន់​តែ​ថា​ ជាង​មិន​ទាន់​រុះរើ​មក​ដល់​សំណង់​ពួក​គាត់»។

បើ​តាម​មន្ត្រី​នាំពាក្យ​រូបនេះ ​គឺ​ប្រជា​ពល​រដ្ឋ​ដែល​មាន​សំណង់​ប៉ះពាល់​បាន​សហ​ការ​ចូល​រួម​ ១០០​ ភាគ​រយ ​ជា​មួយ​ក្រុម​ការ​ងារ​ក្នុង​ការ​រុះ​រើ​សំណង់​របស់​ពួកគាត់។ លោក​ថា​ សម្រាប់​សំណង់​ដែល​ប៉ះពាល់​ ប្រភេទ​សំណង់​​របង​ផ្ទះ ​ឬ​សំយាប​ផ្ទះ​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រុះ​រើ និង​ចំណាយ​ពេល​តិច។ ប៉ុន្ដែ​ចំពោះ​សំណង់​ជា​ប្រភេទ​ អគារ ​ឬ​ផ្ទះ ​គឺមាន​ការ​លំបាក​ក្នុង​ការ​រុះ​រើ​ទើប​ត្រូវ​ការ​ពេល​យូរ ដើម្បី​សិក្សា​លើ​បច្ចេក​ទេស​ក្នុង​ការ​រុះ​រើ។

លោក​ លី សំរិទ្ធ បញ្ជាក់​ថា​៖ «​ដូច្នេះ​ប្រហែល ​១-២ ថ្ងៃ​ទៀត ​ទើប​យើង​សរុប​លទ្ធផល​ទាំងអស់​នៃ​ការ​រុះ​រើ​សំណង់​នេះ។ គ្រាន់​តែ​ថា​ តាម​លទ្ធផល​ការ​ប្រជុំ​សំណង់​ដែល​ប៉ះពាល់​នេះមាន​មិន​តិច​ជាង​ ២ ពាន់​កន្លែង​ទេ។ ប៉ុន្ដែ​សំណង់​ទាំងនោះ ​ភាគ​ច្រើន​ជា​សំយាប ​និង​របង​ផ្ទះ»។

លោក ​សួស ណា​រិន​ មន្ដ្រី​អង្កេត​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​សៀម​រាបដែល​បាន​អង្កេត​មើលការ​រុះ​រើ​សំណង់​ប៉ះ​ពាល់​ទាំង​នេះ​ឲ្យ​ដឹង​នៅថ្ងៃនេះ​ដែរ​ថា ​តាម​ការសង្កេត​ឃើញ​របស់​លោក ​គឺ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រុះ​រើ​សំណង់​ដោយ​ភាព​ស្ងប់​ស្ងាត់​មិន​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​ដែរ។

លោក​ថ្លែង​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​ប្រជា​ពល​រដ្ឋ​កើត​ឡើង​ពីការ​រុះ​រើ​សំណង់​នេះ​ទេ។ យើង​ឃើញ​ថា​បន្ទាប់​ពីអាជ្ញាធរ​សមត្ថ​កិច្ច​ចុះ​វាស់​វែង​រួច ​ប្រជា​ពល​រដ្ឋ​ក៏យល់​ព្រម​វាយ​សំណង់​ចេញ​ដោយ​ខ្លួន​ឯង​។ ​យើង​ក៏មិន​ឃើញ​មាន​ការ​តវ៉ា ឬការ​ប្រឆាំង​ចំពោះ​ការរុះ​សំណង់​នេះ​ពីសំប្រជា​ពល​រដ្ឋ​ណាម្នាក់​ដែរ»។ ​

បើ​តាម​ការស៊ើប​សួរ​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​ទៅលើ​ពលរដ្ឋ ​ដែល​មាន​សំណង់​ត្រូវ​រុះ​រើ​ជាច្រើន​នាក់នោះ​ គឺ​ការ​រុះ​រើ​សំណង់​នេះ គឺ​រដ្ឋ​បាល​ខេត្ដ​មិន​មាន​សំណង​គោល​នយោ​បាយ​ណាមួយ​ដល់​ប្រជា​ពល​រដ្ឋ​ឡើយ​។

អភិបាល​ខេត្ត​សៀមរាប​លោក ​ទៀ សីហា ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធ​ផល​នៃ​ការ​កំណត់​នូវ​ផល​ប៉ះពា​ល់​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទាំង​ ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ​ជាមួយ​មន្រ្ដី​ពាក់ព័ន្ធ​ កាលពី​ថ្ងៃទី​ ១ ខែ​តុលា ​បាន​អរគុណ​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​មាន​ស្មារ​តី​ចូល​រួម​សហការ​ជា​មួយ​គណៈ​កម្មការ​អន្តរ​ក្រសួង ​និង​រដ្ឋ​បាល​ខេត្ត​ ក្នុង​ការ​រុះ​រើសំណង់​ប៉ះពាល់​បាន​ទាន់​ពេល​វេលា។

លោក​ថ្លែង​ថា​៖ «ទោះបី​ក្នុង​ដំណាក់​កាល​នេះ​ យើង​ខ្វះ​ខាត​ជាង​សំណង់​ក៏ដោយ​ ក៏បង​ប្អូន​បាន​ខិត​ខំ ​ដើមី្ប​ឲ្យ​កិច្ច​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀម​រាប​ឲ្យ​ក្លាយ​ជា​ទីក្រុង​ស្រស់​ស្អាត​ប្រកប​ដោយ​បរិស្ថាន​ល្អ​បរិសុទ្ធ ​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេស​ច​រណ៍​ជាតិ​ អន្តរ​ជាតិ ក្រោយ​ពេល​បញ្ចប់​កូវីដ​នេះ​ទៅ»។

កាល​ពី​ថ្ងៃទី​ ៤ ខែ​តុលា នេះ ​លោក​ ទៀ សីហា ​ក៏បាន​ដឹក​នាំ​ប្រតិភូទៅ​បំពេញ​ទស្សន​កិច្ច​នៃ​ការ​ស្ថាប​នា​ផ្លូវ​ ៣៤ ខ្សែ​ក្នុង​ខេត្ដ​ព្រះ​សីហនុ។ ​បច្ចុប្បន្ន​គម្រោង​នេះ​សាង​សង់​ស្ទើ​រួច​រាល់ ១០០​ ភាគ​រយ​ ដើម្បីជា​មូល​ដ្ឋាន​ក្នុង​ការអនុ​វត្ត​គម្រោង​ស្ថាប​នា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប។​

យោង​តាម​កិច្ច​ប្រជុំ​គណៈ​កម្មការ​អន្តរ​ក្រសួង​លើក​ទី​១ ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនាផ្លូវ​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​កាលពី​ថ្ងៃទី​ ២៥ កញ្ញា បាន​សម្រេចស្ថាបនា និង​កែលម្អ​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​នេះ​ឡើង​វិញ​ទាំងអស់​។ ផ្លូវ​ទាំងនេះ​ ត្រូវធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ដែលមាន​មេត្រី​ភាព​​ជាមួយ​វប្បធម៌ ​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ និង​ស្រប​តាម​ភូមិសាស្ត្រ​ទីក្រុង​។

លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ចំនួន ១៥០ លាន​ដុល្លារ​ សម្រាប់​ស្ថាបនាផ្លូវទាំង​នេះ​ឱ្យ​បាន​លឿន​ជា​ទីបំផុត​។ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ​ ផ្លូវ​ទាំង​ ៣៨​ ខ្សែនេះ​ នឹង​ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​ដោយ​លោក​ ហ៊ុន សែន​ នៅ​ថ្ងៃទី​ ១៦ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០ ខាង​មុខ​នេះ»៕