ភ្នំពេញៈ រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​ស្ថិត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដែល​ជា​ស្លាកស្នាម​នៃ​ប្រវត្តិសាស្ត្រ​ដ៏សែនជូរចត់ ក្នុង​របប​ខ្មែរក្រហម​នាពេល​អតីតកាល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។

ការកសាង​រូបសំណាក «​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​» នេះ​គឺ​ដើម្បី​រំឭក​ឡើងវិញ​នូវ​សច្ចធម៌​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ចន្លោះ​ឆ្នាំ​ ១៩៧៥-១៩៧៩ ដែល​ត្រូវបាន​ព្រាត់ប្រាស់​ក្រុមគ្រួសារ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​រូបសំណាក​នេះ​បាន​ថ្លែងថា ក្រឡេកមើល​អតីតកាល ទោះបី​នាពេល​បច្ចុប្បន្ន ប្រជាជន​កម្ពុជា​បាននិង​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ក្រោម​ពន្លឺ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ក្តី​ក៏​ទាំងអស់​គ្នា នៅតែ​ចងចាំ​ជានិច្ច​នូវ​អតីតកាល​ដ៏សែន​ឈឺចាប់ និង​ខ្មៅ​ងងឹត​បំផុត​របស់​ប្រទេសជាតិ​ដែល​បណ្តាល​មកពី​ភ្លើងសង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​ដ៏សាហាវ​យង់ឃ្នង​បំផុត​។

លោក​ថា​៖ «​ដូច្នេះ​ហើយ យើង​ត្រូវតែ​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​ និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យបាន​យល់ដឹង​កុំឱ្យ​របប​ព្រៃផ្សៃ​នេះ វិលត្រឡប់​មកលើ​សង្គម​ជាតិ​យើង​ជា​លើក​ទី​ ២ ​ទៀត​ឱ្យសោះ​»​។

ពិធី​សម្ពោធ​រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​នេះ ធ្វើឡើង​ស្របពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ពុទ្ធសាសនិក ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ទូទាំង​ប្រទេស​បាននិង​កំពុង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​តាម​ទីវត្ត​អារាម​ទាំង​នៅ​ទីក្រុង និង​ជនបទ ដែល​ជា​ពិធីបុណ្យ​សាសនា​ដ៏សំខាន់ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការីជន និង​ញាតិសន្តាន​ដែល​ស្លាប់ទៅ​។

រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​នេះ ធ្វើឡើង​ពី​ស្ពាន់​មាន​ទម្ងន់​ប្រមាណ​ជិត​ ១ ​ពាន់​គីឡូក្រាម កម្ពស់​ជាង​ ៣ ​ម៉ែត្រ និង​ទទឹង ​១,៣ ​ម៉ែត្រ​។ ការធ្វើ​រូបសំណាក​នេះ​ចំណាយ​ថវិកា​ជាង ៤០ ០០០ ​ដុល្លារ​អាមេរិក​ ដោយ​រួម​ជាមួយ​នឹង​ការធ្វើ​កំណាយ និង​ធ្វើ​ផ្លូវ​ដើរ​ព័ទ្ធជុំវិញ​ដែល​បាន​ប្រើប្រាស់​រយៈពេល​ ៦ ​ខែ​ក្នុង​ការសាងសង់​។ រូបសំណាក​នេះ​មាន​ចារឹក​អក្សរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​មាន​ខ្លឹមសារ​ថា «​ចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ១៧.០៤.១៩៧៥-០៦.០១.១៩៧៩»​។ រូបសំណាក​នេះ​មាន​កម្ពស់​សរុប ៣,២២ ​ម៉ែត្រ​៕