ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាករោងចក្រចំនួន ៣ ជាបណ្តោះអាសន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ១ ខែឧសភានេះ។
លិខិតរបស់អភិបាលខេត្ត លោក គួច ចំរើន បានប្រាប់ទៅលោកនាយករោងចក្រ TGH Cambodia រោងចក្រ Nature Flooring និងរោងចក្រ ជាំង សាង (ខេមបូឌា) ស្ព័ត & ស្តេសិនណឺរី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឲ្យធ្វើការផ្អាកដំណើរការសិន ដើម្បីទុកឱកាសឲ្យមន្ត្រីជំនាញសុខាភិបាលយកវត្ថុសំណាកកូវីដ ១៩ ពីកម្មករនិយោជិត។
បើតាមលោក គួច ចំរើន ការចេញលិខិតនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីកម្មករនៅផ្នែកបច្ចេកទេសក្នុងរោងចក្រ ហើយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ ១៩។
លោកថ្លែងថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បន្ថែមទៀតដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រ TGH Cambodia រោងចក្រ Nature Flooring និងរោងចក្រ ជាំង សាង (ខេមបូឌា) ស្ព័ត & ស្តេសិនណឺរី រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងតទៅ» ។
បើតាមលោក គួច ចំរើន ក្នុងរយៈពេល ២ ថ្ងៃនេះ តម្រូវឲ្យលោកនាយករោងចក្រសហការជាមួយក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ ១៩ ដើម្បីផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ ១៩ តាមការកំណត់។
លិខិតបញ្ជាក់ថា៖ «ចំពោះបុគ្គលិក កម្មករ និងយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញចូលរោងចក្រ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករួចរាល់ ត្រូវសម្រាកនៅផ្ទះរង់ចាំរហូតដល់ការធ្វើវិភាគលើសំណាករបស់កម្មករនៅក្នុងរោងចក្រ ដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្តការងារជាថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងករណីម្ចាស់រោងចក្រទាំងអស់មិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕