តាកែវៈ កម្មករ កម្មការិនី ជាង​ ១ ០០០ ​នាក់ ​បាន​ទទួល​សំណង​អត្ថប្រយោជន៍​ការងារ​ដោយ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហុងសេនថេកស្តាយ ស្ថិត​នៅ​ភូមិ​ព្រហូត ក្រុង​ដូនកែវ ខេត្តតាកែវ បាន​សម្រេច​លក់​សម្ភារ​រោងចក្រ​ឡាយឡុង​ទៅ​ឱ្យ​ក្រុមហ៊ុន T.K បន្ទាប់ពី​ថៅកែ​បិទទ្វារ​រត់ចោល​មិន​ព្រម​បើកប្រាក់​ថ្លៃឈ្នួល​ឱ្យ​។

កម្មករ​កម្មការិនី​បាន​ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​តាំងពី​ថ្ងៃទី​ ៩ កញ្ញា​ មក ដោយសារ​តែ​គ្មាន​អ្នក​ទទួលខុសត្រូវ​ពី​ថៅកែ​រោងចក្រ ហើយ​ក៏​ឈានដល់​នាំគ្នា​បិទផ្លូវ នៅ​មុខ​រោងចក្រ​កាលពី​ថ្ងៃទី​ ២៥ កញ្ញា ​ផងដែរ​។ តាមរយៈ​ការតវ៉ា​នេះ ក្រសួង​ការងារ​ក៏​បាន​ចុះទៅ​អន្តរាគមន៍ ដោយ​ផ្ដល់​ជម្រើស​ចំនួន​ ២ ដល់​កម្មករ​ គឺ​ការប្ដឹង​តាមផ្លូវ​តុលាការ ឬ​ជម្រើស​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ដាក់​ពាក្យ​ស្នើសុំ​លក់​ឡាយឡុង​សម្ភារ​ក្នុង​រោងចក្រ​។

លោក មឹង វីរិយ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​ខេត្ត​តាកែវ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា តាម​ជម្រើស​នេះ កម្មករ​ទាំងអស់​ព្រមទាំង​សហជីព​នៅក្នុង​រោងចក្រ​ក៏បាន​សម្រេច​​រួម​គ្នា ដោយ​ការប្រកាស​លក់​ឡាយឡុង ដើម្បី​យក​ថវិកា​ទៅ​បែងចែក​ដល់​កម្មករ​។

លោក​ថ្លែង​ថា​៖ «​យើង​ជា​មន្ត្រី​គឺ​ចូលរួម​ឃ្លាំមើល​ការដេញថ្លៃ​ថា​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​ស្របច្បាប់​ឬ​អត់​? ជាពិសេស គឺ​ការពារ​អត្ថប្រយោជន៍​កម្មករ​ឱ្យ​បាន​ស្មើគ្នា បើ​មិន​ត្រឹមត្រូវ​ទេ គឺ​នឹង​នៅ​មាន​កម្មករ​បន្ត​ការតវ៉ា​។ តែ​ឃើញ​ថា ការដោះស្រាយ​បញ្ហា​នេះ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ត្រឹមត្រូវ​»​។

កម្មករ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ទៅតាម​លក្ខខណ្ឌ​ការងារ​របស់​គេ​រៀងខ្លួន​ចន្លោះ​ពី​ជាង ១០០ ​ទៅ​ ២០០ ​ដុល្លារ​។

លោក សៀ សន ប្រធាន​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា​ដែល​ចូលខ្លួន​ក្នុង​ការសម្របសម្រួល​វិវាទ​នេះ​បាន​ឱ្យ​ដឹងថា កម្មករ​ទាំងអស់​គឺ​ពួកគាត់​បាន​ទទួល​អស់​ហើយ ដោយ​គ្មាន​ការជំទាស់​នោះ​ទេ​៕