ភ្នំពេញៈ លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង និង​ការ​វិវត្ត​ជា​វិជ្ជមាន​ទាក់ទង​នឹង​ការងារ​ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​ជំនួប​ជាមួយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ម្សិលមិញ ដើម្បី​បន្ត​តាម​ដាន នូវ​អ្វីដែល​បាន​ពិភាក្សា​គ្នា​កាល​ពី​ជំនួប​លើក​មុន ក្នុង​ខែ​ វិច្ឆិកា ឆ្នាំ ២០១៨។ នេះ​បើ តាម​លោក ជិន ម៉ាលីន រដ្ឋ​លេខា​ធិការ​ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។

លោក អង្គ វង្សវឌ្ឍានា បាន​ថ្លែង​នៅក្នុង​ជំនួប​នោះថា ក្រោ​យ​​ពី​បាន​ជួប​លោក​ស្រី​ រ៉ូណា ស្មុីត អ្នក​រាយ​ការណ៍​ពិសេស​​របស់​អង្គការ​សហ​ប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា កាលពីខែ វិចិ្ឆកា ឆ្នាំ​ ២០១៨ មក មាន​ការ​ងារ​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ ហើយ​ការងារ​មួយ​ចំនួន​មិន​ទាន់បា​ន​ចេញ​ជា​លទ្ធផល​នៅ​ឡើយ។

លោកថ្លែង​ថា​៖​ «ករណី​ខ្លះ​ទៀតក៏បា​ន​លទ្ធផល​ខ្លះៗ ​ដែល​យើង​អាច​ជម្រាប​ជូន​ជំទាវ​ផងដែរ»។

​លោក ​ជិន​ ម៉ា​លីន​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ជំនួប​នោះ​ថា លោក ​អង្គ វង្សវឌ្ឍានា បាន​រៀប​រាប់​អំពី​វឌ្ឍនភាព​ការងារ ​ក្រោយ​ការ​ជួបគ្នា​កាល​ពី​លើកទី៦ ហើយ​មក​ដ​ល់​​ពេលនេះ​ ការ​អនុវត្ត​ការងារ​បាន​ប៉ុនណា​ហើយ និង​អ្វី​ដែល​ត្រូវ​ធ្វើ​ទៅ​មុខ​ទៀត។

លោកថា អនុ​សាសន៍​ដែល​លោក​ស្រី​ រ៉ូណា ស្មុីត​ ផ្តល់ឱ្យ​កាលពី​ការ​ជួប​គ្នា​កាលពី​លើក​ទី៦ មាន ​៣ ចំណុច ទី១- ការងារ​ជំនួយ​ផ្នែក​ច្បាប់​ រួម​មាន​ការ​ផ្តល់​មេធាវី​ការពារក្តី​ដល់ជន​ក្រីក្រ ទី២- តម្លា​ភាព​ និង​គុណភាព​សេវា​ដែល​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​តាម​តុលាការ​នីមួយៗ និង​ទី៣​- ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ភាព​ចង្អៀត​ណែន ​នៅ​ក្នុង​ពន្ធនាគារ។

ក្រសួង​យុត្តិធម៌ និង​គណៈមេធារី​ បាន​សហការ​គ្នា​ ក្នុង​ការ​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​ជន​ក្រីក្រ​នៅ​តាម​សាលាដំបូង​ នៅ​តាម​រាជធានី-ខេត្ត បង្កើត​ការិយា​ល័យ​នៅ​គ្រប់​រាជធានី-ខេត្ត​ និង​មាន​មេធាវី​យ៉ាង​ហោច​ណាស់​ក៏ ៥ នាក់​ដែរ។ មក​ដល់​ពេល​នេះ ​យើង​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​បាន​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ជិន​ ម៉ាលីន។

លោកបន្ថែម​ថា៖ «ហើយ​យន្ត​​ការ​ជំនួយ​ផ្នែកច្បាប់​មួយ ​គឺការ​បង្កើត​មណ្ឌល​សេវា​យុត្តិ​​ធ​ម៌​នៅតាម​ស្រុក។ មក​ដល់​ពេល​នេះ​មាន​មណ្ឌល​យុត្តិ​ធម៌​របស់​យើង​បាន ​៦៦ ​មណ្ឌល​​​ហើយ​ ហើយ​មាន​មន្ត្រី​ធ្វើការ​នៅទីនោះ​ជិត ៣០០ នាក់​។ អ៊ីចឹង​គាត់​ (រ៉ូណា ស្មុីត) បាន​វាយ​តម្លៃ​ខ្ពស់ ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង និង​ការ​វិវឌ្ឍជាវិជ្ជមាន​ទាក់​ទង​នឹង​ការ​ងារ​ជំនួយ​ផ្នែក​ច្បាប់។ ​គាត់​ក៏​អបអរ​សាទរ​ នូវការ​បង្កើត​យន្តការ​ថ្មី​មួយ​ទៀត​ គឺ​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​តេជោ បាន​បង្កើត​ឡើង​នៅ​ពេល​ថ្មីៗ​នេះ​គឺថា បាន​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ជា​ពិសេស​គឺ​ស្ត្រី​ហ្នឹង​ច្រើន»។

លោក ម៉ា​លីន បញ្ជាក់​ថា ក្នុ​ង​​ជំនួប​នោះ​ក៏មាន​ការ​បង្ហា​ញ​ព័ត៌​មាន​ផ្សេងៗនៅ​តាម​តុលា​ការ​ជាសា​ធារណៈ​ផង​ដែរហើ​យ​តម្លៃ​សេវា​នីមួយៗ​ត្រូវ​បាន​បិទ​ផ្សាយនៅ​តាម​តុលា​ការ និង​នៅក្នុង​កម្មវិធី​សវនាការ​ផងដែរ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​តុលាការ​នីមួយ​ៗ​​ផង​ដែរ។ លោក​ថា គុណ​ភាព​សេវា​ត្រូវបាន​ធ្វើការ​កែលម្អ​ច្រើន​តាមរយៈការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​តុលាការ​។ ការ​គ្រប់​​គ្រង​សំណុំ​រឿង​គឺ​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់ (​ឌីជីថល) លែង​ប្រើ​ដៃ​ហើយ។

លោកបញ្ជាក់​ថា​៖ «អ៊ីចឹង​គាត់ (​រ៉ូណា ស្មុីត) ​វាយ​តម្លៃ​ខ្ពស់ ពី​ការ​រីក​ចម្រើន​ទាក់​ទង​ដល់​ការធ្វើ​ទំនើប​កម្ម​គុណភាព​នៃសេវា ការ​ផ្សព្វ​ផ្សាយ​តម្លៃ​នៃសេវា​យុត្តិ​ធម៌​នេះ​តាម​តុលាការ»។

ចំពោះ​ភាព​ចង្អៀត​ណែ​ន​នៅ​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​ដោះ​ស្រាយ​បាន​មួយ​ចំនួន​ ហើយ​មួយ​ចំនួន​មិនទាន់​បាន​ដោះស្រាយ។ លោ​ក​ស្រី ស្មុីត សង្កេ​ត​​ឃើញ​ថា បញ្ហា​នេះ​ហាក់​ដូច​ជា​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​។ បញ្ហា​នេះ​ក្រសួង​ទទួល​ស្គាល់ ហើយ​វាត្រូវ​ការ​រយៈ​វែង​ទៅមុខ​ទៀត​ ដើម្បី​ដោះ​ស្រាយ​ ពីព្រោះ​ក្រុមការ​ងារ​មួយ​ត្រូវបាន​បង្កើត​ឡើង​ ដែល​ដឹក​នាំ​ដោយ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នេះ ​ដោយ​មាន​ការ​ចូលរួម​ដោយ​ក្រសួង​យុត្តិធម៌​ដែរ។ ក្រសួង​យុត្តិធម៌​ បាន​បង្ហាញ​ទិសដៅ​វែង​ឆ្ងាយ ​ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​ចង្អៀត​ណែននេះ។ នេះ​បើ​តាម​លោក ម៉ាលីន។

ជំនួប​រវាង​លោក​អង្គ វង្ស​វឌ្ឍានា និង​លោក​ស្រី រ៉ូណា ស្មុីត នៅ​ក្រសួង​យុត្តិ​ធម៌​កាល​ពីម្សិល​មិញ​។ ហេង ជីវ័ន

លោក ​បន្តថា ទិសដៅ​វែងឆ្ងា​យ​​ទៅមុខ​ គឺការ​បង្កើត​ឧទ្ធរណ៍​តំបន់ ដើម្បី​ដោះស្រាយ​ការ​កក​​​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលា​ការ និង​អាច​កាត់​បន្ថយ​ភាព​កក​ស្ទះ​ណែន​នៅ​ពន្ធនាគារ​ដែរ។

លោក ជិន​ ម៉ា​លីន បញ្ជាក់ថា៖ «អ៊ីចឹង​យើង​បាន​ជម្រាបគាត់​ (​រ៉ូណា ស្មុីត) ។គាត់បាន​ជ្រាប​។ គាត់​បាន​វាយ តម្លៃខ្ពស់ពី​វឌ្ឍនភាពនៃការដាក់អនុវត្ត​នូវឧទ្ធរ​ណ៍តំបន់ដែលមក​ដល់​ពេល​នេះ​​គឺ​ឧទ្ធរណ៍​តំបន់ ២ គឺ​កំពុង​ស្ថិត​ក្នុង​ការសាងសង់ ទី១​ គឺនៅខេត្ត​ត្បូងឃ្មុំ ១ ​ទៀត ​គឺ​នៅ​ខេត្ត​បាត់​ដំបង ហើយ​ដំណើរ​​ការនៃ​ការសាង​សង់​អាច​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​នេះ។ អ៊ីចឹង​គាត់ ស្វាគមន៍​រីករាយ​​​នូវការ​វិវឌ្ឍនៃ​ដំណើរ​ការ​នៃការ​ដាក់​ឱ្យ​ដំណើរ​ការ​ឧទ្ធរណ៍​តំបន់​នេះ»។

នៅ​ក្រោយ​ជំនួប លោក​ស្រី រ៉ូណា ស្មុីត ក៏​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក អង្គ វង្សវឌ្ឍា​នា បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ងារ​ និង​បាន​ផ្តល់​ព័ត៌មា​ន​ជាច្រើន​ដល់​លោកស្រី​អំពីការ​ងារ​មួយចំនួន​ដែលបាន​ធ្វើចាប់​តាំង​ពី​ការជួបគ្នា​ចុងក្រោយ​កាលពី​ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៨ និង​បញ្ហា​ដែល​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​ឱកាស​ផ្សេងៗ​ជា​ច្រើន​ទៀត។

លោក​ស្រី បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ថា ចំណាប់​អារម្មណ៍​របស់​លោក​ស្រី គឺ​ដើម្បី​ធានា​ថា ប្រទេស​ កម្ពុជា​ ឆ្លើយ​តប និង​ឆ្លុះ​បញ្ចាំង​នូវ​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​របស់​ខ្លួន ដែល​ទាក់​ទង​នឹង​ការ​​ទទួល​យក​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក​ស្រី​បញ្ជាក់​ថា៖ «ដូច្នេះពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ ប្រទេស ​កម្ពុជា​ មាន​កាតព្វ​កិច្ច​ដើម្បី​ធានា​ថា ខ្លួន​គោរព ការពារ​ និង​បំពេញ​នូវ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​នេះ»។

លោក​ស្រី​ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក Special Rapporteur Cambodia ថា ការ​ជួប​ប្រជុំ​ជាមួយ​លោក អង្គ វង្សវឌ្ឍានា គឺជា​ការ​តាម​ដាន​បន្ត​ពីកិច្ច​ពិភាក្សា​លើក​មុន របស់​លោក​ស្រីកាលពី​ខែ វិច្ឆិកា ឆ្នាំ​ ២០១៨។ ក្រសួ​ង​​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ដល់​លោ​ក​ស្រី​អំពី​អំពីវឌ្ឍន​ភាព​ដែល​ក្រសួង​សម្រេច​បាន។

លោក​ស្រី​សរសេរ​ថា​៖ «យើ​ង​​បាន​ពិភា​ក្សា​ផង​ដែរ អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ឃុំខ្លួន​បណ្តោះ អាសន្ន គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៃ​ប្រទេស​ កម្ពុជា និង​គោល​ដៅ​ទី១៦ ស្តីពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌»។

លោក​ស្រី រ៉ូណា ស្មុីត មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ចាប់​ពីថ្ងៃ​ទី ២៩ ខែ ​មេសា ដល់ ថ្ងៃទី ៩ ខែ​ ឧសភា ឆ្នាំ ២០១៩។

លោក​ សន​ ជ័យ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ​(ANSA​)​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​លោក​បាន​ឮពីការរអ៊ូ​រទាំពី​អ្នក​ប្រើ​ប្រាស់​សេវា ផ្នែក​ច្បាប់​ ហើ​យ​​កន្លង​មកនេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ក៏បាន​រក​ឃើ​ញ​ថា​ ការផ្តល់​សេវា​របស់​តុលាការ​ មាន​បញ្ហា​ដែរ ដូចជា​ការ​ទារ​លុយ​លើស​តម្លៃ​សេវា។

លោ​ក​ សន​ ជ័យ ​បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា ​យើង​មានការ​សោក​ស្តាយ នៅ​ពេល​ដែល​ឮសូរ​ព័ត៌មាន​ទាំង​អស់​ហ្នឹង។ អ៊ីចឹង​តុលាការ​នេះ​តំណា​ង​​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​មួយ​របស់​ប្រទេស។ ការ​អនុវត្ត​ការងារ កុំថា​ឡើយ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​វិនិច្ឆ័យ​រឿង​ក្តី សូម្បី​តែ ការផ្តល់​សេវា​សាធារ​ណៈ​លើ​ឯកសារ ​គេហៅ​ថា ជាប្រភេទ​សេវា​តុលា​ការ គួរ​តែ​ដើរ​តួនាទី​គំរូគេ​ ព្រោះ​យើង​ឃើញ​ពាក្យយុត្តិ​​ធម៌ ពាក្យ​មិន​លម្អៀង​ ស្មើភាព​គ្នាអីហ្នឹង​នៅ​តុលាការ​ហ្នឹង​ច្រើន​ណាស់។ អ៊ី​ចឹង​ទៅ​សុំឱ្យ​តុលាការ​ដើរ​តួជាគំរូ​ជាង​ក្រសួ​ង​ផ្សេង​ ទើប​យើង​អាច​ឆ្ពោះ​ទៅ​រក​សង្គម​មួយ​ដែល​ភ្លឺស្វាង»។

ចំណែក លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ អង្គ​​ការ​សិទិ្ធ​មនុស្ស​លីកាដូ ក៏​បាន​ថ្លែង​កាល​ពីម្សិល​មិញ​ដែរ​​ថា ការ​ឃុំខ្លួន​ជន​សង្ស័យ​ ជន​ជាប់ចោទ ក៏ដូច​ជា​ទណ្ឌិត​នៅ​ក្នុង​ពន្ធនា​គារ​បច្ចុប្បន្ន​នេះ​ គឺ​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ដែល​ចង្អៀត​ណែន​ខ្លាំង ដែល​អាច​ប៉ះពា​ល់​ដល់​សុខ​ភាព​របស់​អ្នក​​ជាប់​ឃុំ ធ្វើ​ឲ្យ​ពួកគេ​ងាយ​រង​នូវការ​ឆ្លង​ឬ​ឈឺ​ថ្កាត់​ផ្សេងៗ។

លោក អំ សំអាត បញ្ជាក់​ថា​៖ «ជា​ពិសេស​គេហៅ​ថា ជំងឺ​ស្ត្រេស (Stressed) ជំ​ងឺថប់​អារម្មណ៍ ហើយ​វា​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​បេះ​ដូង ហើយ​មួយ​ទៀត ប៉ះ​ពាល់​ទៅ​ដល់​មន្រ្តី​ពន្ធនា​គារ​ដែល​យើង​មាន​តិច​ហើយ​វាក៏​ប៉ះ​ពាល់​ទៅ​ដល់​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ក៏ ច្រើន​ទៅ​ទៀត»៕