ភ្នំពេញៈ មន្ត្រីក្រសួងអប់រំបានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទនេះក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មុនការគ្រោងទុក ១ ថ្ងៃ សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្ដាល ប៉ុន្តែនៅខេត្តផ្សេងៗនឹងប្រកាសនៅថ្ងៃស្អែក ហើយក៏ត្រូវប្រកាសតាម Facebook របស់ក្រសួងអប់រំផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងមិនទាន់អាចបង្ហាញតួលេខលម្អិតនៃលទ្ធផលប្រឡងពេលនេះ [ថ្ងៃអាទិត្យ] បានទេ។ លោកបញ្ជាក់ថា៖ «ក្រសួងនឹងប្រកាសជូននាពេលក្រោយ»។
លោក រស់ សុវាចា បានបញ្ជាក់ថា៖ «ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រេចបាន ១០០ ភាគរយ ដោយសារល្បឿន ការងាររបស់ក្រុមការងារពាក់ព័ន្ធមានភាពលឿនជាងការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព»។
លោក រស់ សុវាចា បន្តថាគ្រប់ភាគីពាក់ព័ន្ធមានកិច្ចសហការវិជ្ជមាននៅគ្រប់ដំណាក់កាលប្រឡងដោយមានការបន្តគោរពគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និងលទ្ធផលអាចទទួលយកបានក៏ដូចជាការចូលរួមគោរពបទប្បញ្ញត្តិ។
បើតាមអ្នកនាំពាក្យរូបនេះ បន្ទាប់ពីប្រកាសលទ្ធផលបាក់ឌុបជារៀងរាល់ឆ្នាំក៏ដូចឆ្នាំនេះក្រសួងអប់រំត្រូវរៀបចំជ្រើសរើស និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ រីឯការប្រកាសលទ្ធផលអាហារូបករណ៍ត្រូវធ្វើឡើង ៣ ថ្ងៃក្រោយការប្រកាសលទ្ធផលការប្រឡងបាក់ឌុប។
លោកបន្តថាចំនួននិស្សិតអាហារូបករណ៍ក្នុងឆ្នាំ ២០១៩ នេះមាន ៨ ៩៩៥ នាក់ ដែលត្រូវជ្រើសរើសចេញពីបេក្ខជនដែលបានដាក់ពាក្យស្នើសុំចំនួន ៥១ ៦៩៤ នាក់។
លោក រស់ សុវាចា បញ្ជាក់ថានិស្សិតអាហារូបករណ៍ទាំងនោះត្រូវបែងចែកលើគោលការណ៍សិស្សពូកែទូទៅ, សិស្សនារី, សិស្សក្រីក្រ, សិស្សមកពីតំបន់ដាច់ស្រយាល សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកមិនឮថាមានភាពមិនប្រក្រតីកើតឡើងទេ ក្រៅពីករណីថ្លោះធ្លោយវិញ្ញាសារូបវិទ្យា។
លោកថា៖ «មកទល់ពេលនេះក៏មិនទាន់ដឹងថា តើការប្រកាសលទ្ធផលដើមសប្តាហ៍ក្រោយ តើវានឹងមានបញ្ហាការបូកពិន្ទុត្រូវពិន្ទុ ដូចលើកមុនដែរ ឬយ៉ាងណា។ យើងមិនទាន់ដឹងទេ ឬប្រតិកម្មពីសិស្សអ៊ីចឹងណា»។
យ៉ាងណាក្ដីលោកសង្ឃឹមថា «អ្វីៗគ្រប់យ៉ាងនឹងប្រព្រឹត្តទៅដោយរលូនទៅចុះ» ព្រោះឃើញរដ្ឋមន្ត្រីអប់រំបានខិតខំប្រឹងប្រែងដើម្បីឱ្យការប្រឡងនេះមានភាពល្អ៕