ស្ទឹងត្រែងៈ យោងតាមលទ្ធផលពិសោធន៍ហ្វូស៊ីលអង្ករខ្មៅដែលត្រូវបានរកឃើញនៅក្រោមដីនៃតំបន់ប្រាសាទព្រះគោដែលស្ថិតនៅស្រុកថាឡាបរិវ៉ាត់ កាលពីចុងឆ្នាំមុនបានបង្ហាញថា ប្រជាជនកម្ពុជាចេះធ្វើកសិកម្មដំណាំស្រូវ និងផលិតអង្ករតាំងពីយុគសម័យថ្មរំលីង។
កាលពីអំឡុងខែកក្កដា ឆ្នាំ ២០១៩ លោក ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជាបាននាំយកសំណាកហ្វូស៊ីលអង្ករខ្មៅចេញពីតំបន់ប្រាសាទព្រះគោទៅកាន់មន្ទីរពិសោធន៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដើម្បីធ្វើពិសោធន៍ស្វែងរកការពិតនៃអាយុកាល ហ្វូស៊ីលគ្រាប់អង្ករខ្មៅនោះ។ ដោយមានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសពីលោកស្រី Rachel Wood អ្នកជំនាញផ្នែកបុរាណវិទ្យា និងនរវិទ្យានៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ដ្រដី និងកាបូននៃមហាវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្ដ្រដី ការពិសោធគ្រាប់អង្ករខ្មៅបានរកឃើញភ័ស្ដុតាងដ៏គួរឲ្យជឿជាក់អំពីភាពប៉ិនប្រសប់នៅក្នុងវិស័យស្រូវអង្កររបស់បុព្វបុរសខ្មែរនាសម័យបុព្វកាល។
លោក ចាន់ធួន បញ្ជាក់ថា៖ «យើងបានធ្វើកាលបរិច្ឆេទទៅលើសំណាកគ្រាប់អង្ករ ១ គ្រាប់ ដែលបានសម្អាតរួចរាល់ជាមួយ Scalpel និងប្រភេទអាស៊ីត បាស អាស៊ីត។ យើងបានរក្សាវាទុកមួយរយៈ បន្ទាប់មកយកវាទៅវាស់ជាមួយម៉ាស៊ីន AMS»។
លោកបន្ថែមថា៖ «លទ្ធផលពិសោធន៍បានបង្ហាញថា ហ្វូស៊ីលអង្ករខ្មៅនេះមានកាលបរិច្ឆេទ [អាយុកាល] ប្រមាណជា ៩០០-១០០០ មុនឆ្នាំបច្ចុប្បន្នត្រូវគ្នានឹងឆ្នាំ ៩១៥ ±២៤ នៃគ្រិស្ដសករាជអាចនិយាយថា ៩៥% ជាចម្លើយភវនីយភាព។ ដូច្នេះលទ្ធផលនេះបញ្ជាក់ថា ជាលទ្ធផលពិសោធន៍វិទ្យាសាស្ដ្រទៅលើការផលិត ឬការធ្វើកសិកម្មស្រូវអង្ករដំបូងមួយនៅកម្ពុជាយើង»។
ក្រៅពីភ័ស្តុតាងនៃរបកគំហើញថ្មីដែលបានបង្ហាញតាមរយៈការពិសោធវិទ្យាសាស្ដ្រនេះលោក ចាន់ធួន ក៏បានបង្ហាញអំពីភ័ស្ដុតាងមួយចំនួនផ្សេងទៀតដែលលោកបានសិក្សាស្រាវជ្រាវ និងរកឃើញនៅឯស្ថានីយបន្ទាយគូក្នុងតំបន់ខ្ពង់រាបដីក្រហមខាងកើតទន្លេមេគង្គដែលគ្រាប់ស្រូវត្រូវបានយកមកលាយជាមួយដីឥដ្ឋដុតធ្វើជាក្អមឆ្នាំងសម្រាប់ការប្រើប្រាស់របស់ខ្លួនហើយដែលកាលបរិច្ឆេទទៅលើស្ថានីយនោះត្រូវបានរកឃើញថា មានអាយុកាល ២ ០០០ ឆ្នាំមុនគ្រិស្ដសករាជជាភ័ស្ដុតាងដែលបង្ហាញថា បុព្វបុរសខ្មែរចេះផលិតស្រូវ អង្ករ តាំងពីពេលនោះមក។
លោកបញ្ជាក់ទៀតថា៖ «ការសិត (អង្កាម) ស្រូវ និងភ័ស្ដុតាងលើចម្លាក់ប្រាសាទបានបង្ហាញថា ស្រុកខ្មែរយើងមានការផលិតស្រូវ អង្ករច្រើននៅក្នុងសម័យអង្គរក្នុងសិលាចារឹកក៏បាននិយាយពីអំណោយស្រូវអង្ករផងដែរ។ ការសិក្សាស្រាវជ្រាវថ្មីរបស់ខ្ញុំនៅអតីតទីក្រុងសម្ភុបុរៈក្នុងតំបន់ប្រាសាទព្រះគោ ស្រុកធារ៉ាបរិព័ទ្ធ [ថាឡាបរិវ៉ាត់] ខេត្តស្ទឹងត្រែងក្នុងចុងឆ្នាំ ២០១៩នេះបានឃើញហ្វូស៊ីលអង្ករនៅក្នុងគ្រឹះប្រាសាទដូចបានអធិប្បាយខាងលើ»។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់លោក ចាន់ធួន ស្រូវ អង្ករជាធញ្ញជាតិចម្បងរបស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍តាំងពីយុគសម័យថ្មរំលីង។ ពូជស្រូវជាច្រើនប្រភេទមានប្រភពចេញពីអាស៊ីដូចជាពូជស្រូវ ឥណ្ឌីកា និងជប៉ុនីកា (Indica and Japonica) ដែលជាពូជតែមួយមានកំណើតតាំងពីប្រមាណជា ៨ ២០០ ទៅ ១៣ ៥០០ ឆ្នាំមកហើយនៅក្នុងតំបន់ជ្រលងទន្លេគជ់របស់ចិន (Pearl River valley region of China)។
គួរបញ្ជាក់ផងដែរថា សំណាកហ្វូស៊ីលអង្ករខ្មៅដែលត្រូវបាននាំយកទៅពិសោធនៅឯមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលីនោះមានប្រភពចេញមកពីទួលអង្គខ្មៅ ឬប្រាសាទព្រះគោដែលស្ថិតនៅក្នុងភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនៅក្រោយសាលាស្រុកចាស់ប្រមាណ ៣០០ ម៉ែត្រ។ ភាពអច្ឆរិយនៃអង្ករនេះគឺមិនពុកផុយ និងរលួយពេលត្រូវទឹក និងកប់នៅក្នុងដីរាប់រយឆ្នាំ។ អ្នកស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានចាត់ទុកគ្រាប់សំណាកអង្ករខ្មៅនេះជាសម្បត្តិវប្បធម៌បន្សល់ទុកពីដូនតាតាំងពីសម័យកសាងប្រាសាទព្រះគោ៕