ភ្នំពេញៈ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​រកឃើញ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារី ប្រព្រឹត្ត​ដោយ​សាច់ញាតិ​មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ខណៈ​ជនរងគ្រោះ​នៅតែ​ជួប​ឧបសគ្គ​ក្នុង​ការទទួល​បាន​យុត្តិធម៌​ដោយ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ធូររលុង ប៉ុន្ដែ​មន្ត្រី​រដ្ឋាភិបាល​ថា អាជ្ញាធរ​មិនបាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំងនេះ​ទេ​។

របាយការណ៍​ដែល​អង្គការ​លីកាដូ​ចេញ​ក្នុងអំឡុង​ខែធ្នូ​នេះ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ធ្នូ មាន​ចំណង​ជើង​ថា ​“​ទម្លាយ​ភាពស្ងៀមស្ងាត់​៖ ការរំលោភ​សេពសន្ថវៈ​ដោយ​សាច់ញាតិ និង​ឧបសគ្គ​ក្នុង​ការទទួល​បាន​យុត្តិធម៌​»​។

របាយការណ៍​កម្រាស់​ ២៥ ​ទំព័រ​បង្ហាញ​ថា ក្នុងករណី​រំលោភ​សេពសន្ថវៈ ឬ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទាំងអស់​ដែល​អង្គការ​លីកាដូ​បាន​ធ្វើ​អន្តរាគមន៍​ចាប់ពី​ខែមករា ឆ្នាំ​ ២០១៧ ដល់​ខែធ្នូ ឆ្នាំ​ ២០១៩ រកឃើញ​ចំនួន​ ១៣៧ ​ករណី ​គឺ​ជនសង្ស័យ​ជា​សាច់ញាតិ​របស់​ជនរងគ្រោះ ដូចជា ឪពុក ពូ ឬ​ជីតា​បង្កើត​ ៤៦ ​ភាគរយ និង​អំពើហិង្សា​ផ្លូវភេទ​ប្រព្រឹត្ត​ដោយ​ឪពុកចុង ឬ​សាច់ញាតិ​ឪពុកចុង និង​សាច់ថ្លៃ​មាន​ ៥៤ ​ភាគរយ​។

របាយការណ៍​បន្តថា ចាប់​តាំងពី​ខែ​មិថុនា ដល់​ខែ​សីហា ឆ្នាំ​ ២០២០ អង្គការ​លីកាដូ​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព ឬ​លទ្ធផល​របស់​ករណី​នីមួយៗ​ទាំង​ ១៣៧ ​ឡើងវិញ ដោយ​ទទួល​បាន​ព័ត៌មាន​ថ្មី​បំផុត​នៃ​ករណី​ចំនួន​ ១៣​។ ក្នុងនោះ​មាន​ករណី​មួយចំនួន​លើសពី​ពាក់កណ្ដាល​បន្តិច​ប៉ុណ្ណោះ ឬ​ស្មើ​នឹង​ ៥៣ ​ភាគរយ ​បាន​ឈានដល់​ការជំនុំជម្រះ​ក្ដី ដោយ​ជនល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពេញលេញ​តាមច្បាប់​ពាក់ព័ន្ធ​។

បើតាម​អង្គការ​លីកាដូ​ចំនួន​ករណី​តិចជាង​ ១ ​ភាគ​ ៥ ឬ​ស្មើនឹង​ ១៩ ​ភាគរយ​ គឺ​ជនល្មើស​ត្រូវបាន​ផ្ដន្ទាទោស​ក្នុង​កម្រិត​ស្រាល​ដោយ​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី និង​ការកាត់ទោស​កំបាំងមុខ និង​មិន​ត្រូវបាន​ចាប់ខ្លួន​។ ក្រៅពីនេះ​ករណីខ្លះ​រកឃើញ មាន​ការដោះស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពន្យារពេល​កាត់ក្តី ហើយ​ជនរងគ្រោះ​មានសង្ឃឹម​តិចតួច​ទទួល​បាន​យុត្តិធម៌​។

របាយការណ៍​បង្ហាញថា​៖ «​ឧបសគ្គ​ក្នុង​ការទទួល​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនេះ​ដោយសារ​មាន​កត្តា​ជាច្រើន​ដូចជា អំពើពុករលួយ កង្វះ​ការការពារ​ជនរងគ្រោះ សម្ពាធ​ពី​សមាជិកគ្រួសារ និង​ប៉ូលិស​មិនឱ្យ​រាយការណ៍​ទៅខាង​ក្រៅ ដើម្បី​ការពារ​កិត្តិយស​»​។

លីកាដូ​បញ្ជាក់ថា​៖ «​អាជ្ញាធរ​មួយចំនួន​ជួយ​ជ្រោមជ្រែង​ឱ្យ​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​។ ការធ្វើដំណើរ​វែងឆ្ងាយ និង​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ដំណើរការ​រឿងក្តី​នៅ​តុលាការ​។ ករណី​ខ្លះទៀត ជនរងគ្រោះ​សម្រេច​ដក​បណ្ដឹង​វិញ ដោយសារ​ជនល្មើស​ជា​អ្នករកស៊ី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​»​។

លោក​ អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ថ្លែង​ពី​ម្សិលមិញ​ថា គ្រោះថ្នាក់​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ក្នុង​រង្វង់​គ្រួសារ​គឺ​កើត​មាន​ឡើង​ច្រើន​។ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​មិនទាន់​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ធ្វើឱ្យ​ប្រាកដថា ជនល្មើស​ត្រូវបាន​យកមក​ផ្ដន្ទាទោស​។ សិទ្ធិ​របស់​ស្ត្រី និង​ក្មេងស្រី​ត្រូវ​បាន​មើលរំលង ដែល​នេះ​បង្ហាញថា អំពើ​រំលោភសេពសន្ថវៈ​គឺជា​អ្វីដែល​អាច​អត់ឱន​ឱ្យបាន​។

តាម​ការកត់សម្គាល់​របស់​លោក​គឺ​ហានិភ័យ​នៃ​ការរំលោភសេពសន្ថវៈ​ក្នុង​រង្វង់​គ្រួសារ​ទំនងជា​កើនឡើង​ច្រើន​កាលពី​ឆ្នាំមុន ខណៈ​ដែល​សាលារៀន​បាន​បិទ​។ កត្តា​អ្នក​គ្មានការងារ​ធ្វើ គឺ​កើនឡើង​ជាមួយ​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​នាំ​ឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ចំណាយពេល​នៅផ្ទះ​ច្រើន និង​ស្ថិត​នៅក្បែរ​ជនល្មើស​។

លោក​ អំ សំអាត បាន​បញ្ជាក់ថា​៖ «​ចំពោះ​កត្តា​គួបផ្សំ​មួយ​ចំនួន​ទៀត​ដែល​នាំឱ្យ​មាន​ការកើនឡើង​នៃ​ករណី​ចាប់រំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារី​ក៏​បណ្ដាល​មកពី​ការធ្លាក់ចុះ​សីលធម៌​សង្គម ការប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង ការខ្វះចន្លោះ​នៃ​ការត្រួតពិនិត្យ​វីដេអូ​អាសអាភាស​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​បញ្ហា​ក្រីក្រ​ជាដើម​»​។

ជុំវិញ​របាយការណ៍​របស់​លីកាដូ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ទទួលបន្ទុក​ការប្រឆាំង​ការជួញដូរ​មនុស្ស​កាលពី​ម្សិលមិញ​ក៏​បាន​យល់ស្រប​ដែរ​ថា ពិតជា​មាន​អំពើ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារី​ដែល​ប្រព្រឹត្ត​ដោយ​សាច់ញាតិ​របស់ខ្លួន​ច្រើន​មែន​។ ប៉ុន្ដែ​ចំពោះ​តួលេខ​កើនឡើង ឬ​មិន​កើន​នោះ លោកស្រី​បាន​បញ្ជាក់ថា ក្រុម​ការងារ​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​រៀបចំ​ចងក្រង​ធ្វើជា​សំណុំ​របាយការណ៍​ឱ្យ​បាន​ច្បាស់លាស់​សិន​។

លោកស្រី​រដ្ឋលេខាធិការ​បន្ថែម​ថា ការកើតឡើង​នៃ​អំពើ​សេពសន្ថវៈ​នេះ ដោយសារ​ការផ្សព្វផ្សាយ​រូបភាព និង​វីដេអូ​អាសអាភាស​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ឬ​អនឡាញ​ច្រើន​។ ទោះជា​យ៉ាងណា​លោកស្រី​បាន​អះអាងថា អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ទាំងនេះ​ទេ​។

ក្នុង​នាម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ដែល​ធ្វើការ​ផែ្នក​ប្រឆាំង​ការរំលោភ​សេពសន្ថវៈ លោកស្រី​ ជូ ប៊ុនអេង បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​បាន​បង្កើត​ទាំង​គោលនយោបាយ និង​ច្បាប់​ជាច្រើន ហើយ​ពេលនេះ​រដ្ឋាភិបាល​កំពុង​បង្កើត​ច្បាប់​មួយទៀត​ស្ដីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អនឡាញ​។ រីឯ​អាជ្ញាធរ​កំពុង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ គឺ​យើង​មិនអាច​អូសបន្លាយ​ការងារ​នេះ​ឱ្យ​រំលង​ផុត​ទៅកាន់​តែ​វែង​ថែមទៀត​ទេ​។ បើសិន​ជា​យើង​បានដឹង គឺ​យើង​តែង​មាន​វិធានការ​ករណី​ហ្នឹង​ភ្លាមៗ​តែម្តង​»៕

វីដេអូ៖