ភ្នំពេញៈ អតីត​ឧបនាយក​រដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែល​ត្រូវ​បង់​សំណង ១២ ម៉ឺន ៥ ពាន់​ដុល្លារ​ទៅ​លោក ហ៊ុន សែន​ ដោយសារ​ចាញ់​ក្ដី បាន​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​លោក​បាន​សម្ដែង​មនោ​សញ្ចេតនា​នឹក​ស្រុក​និង​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​ពេល​គេច​ខ្លួន​រយៈពេល ២ ឆ្នាំ។

លោក​បាន​ថ្លែង​បែបនេះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចុង​សប្ដាហ៍​មុន​ថា លោក​នឹក​ស្រុក ហើយ​ចង់​វិល​មក​វិញ​ឆាប់ៗ​នេះ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​អភ័យ​ទោស​ឲ្យ​លោក។

លោក​បាន​ថ្លែងថា៖ «គួរ​ឲ្យ​ស្រណោះ​ចាស់​ម្នាក់ ធ្វើ​ខុស​បន្តិច​បន្តួច​រត់​មក​នៅ​ប្រទេស​គេ ហើយ​ប្រទេស​គេ​នេះ​មិន​ដូច​ប្រទេស​យើង នឹក​បងប្អូន​ណាស់ នឹក​ប្រទេស​ជាតិ​ណាស់។ មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​បាន​ចូល​ទៅវិញ​ឬក៏​ចោល​ឆ្អឹង​នៅ​ស្រុក​គេ​ក៏​មិន​ដឹង ព្រោះ​ចេះ​តែ​មាន​ជំងឺ​មាន​អី​ផង»។

លោក​បាន​បន្តថា៖ «ខ្ញុំ​បាន​និយាយ​ច្រើនដង​ហើយ សុំ​ឲ្យ​សម្ដេច​នាយក​អនុគ្រោះ​និយាយ​ខុស​ត្រូវ​អី ខុស​អី​តិចតួច​ហ្នឹង​ទុក​ជា​មោឃៈ​ទៅ។ អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ស្រុក​វិញ​ទៅពីព្រោះ​ខ្ញុំ​បាន​បម្រើ​ជា​មួយ​សម្ដេច​ហ្នឹង ​៣​ អា​ណត្តិ​មក​ហើយ ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ​រឿង​ហ្នឹង»។

សំណេរ​របស់​លោ​ក ​លឺ ឡាយ​ស្រេង ដែល​មិន​បាន​បញ្ជា​ក់​ថា​ នៅ​ប្រទេស​ណា​មួយឲ្យច្បាស់ តែ​ទំនង​នៅ​ប្រទេស​ជិ​តខាង​កម្ពុជា​នោះ លោក​បានស្នើ​ថា ​លោក​ចង់​ត្រឡប់​មក​ស្រុក​វិញ​​មុន​ចូល​ឆ្នាំ​ខ្មែរ​ ព្រោះ​លោក​​នឹក​វត្ត​នឹក​វ៉ានិង​ខាន​បាន​ធ្វើ​ពិធី​​ឆេងម៉េង​​ ២ ​ឆ្នាំ​មកហើយ។ លោក​ថា ​នៅ​ស្រុក​គេ ​លោក​ជួល​ផ្ទះ​ ១ ខែ​ ២០០​ ដុល្លារ​ ដោយមិន​ទាន់​គិត​ថ្លៃ​ទឹក​ភ្លើង និង​ថា​ពិបាក​រស់នៅ។

លោក​បាន​បង្ហាញ​អារម្ម​ណ៍​ថា៖ «មិន​គួរ​ណា ​ធ្លាប់​អតីត​ឧបនា​យក​រដ្ឋ​មន្ត្រី​ប៉ុណ្ណឹង មក​ជួល​ផ្ទះ ​២០០ ​ដុល្លារ​បង​ប្អូន។ ២០០ ដុល្លារ​ (ស្មើ)​ ៦ ពាន់បាត ហើយ​ថា​ និយាយ​អ៊ីចឹង​ៗ​អត់​ខ្លាច​ ហ៊ុន សែន ​ចាប់​ទេ? ទេ​លោក​អើយ​លោក ម​នុស្ស​មិន​មែន​ចេះ​តែចាប់ៗឯណា? ខ្ញុំ​មនុស្ស​មាន​ពិស​ពីណា? ខ្ញុំ​មាន​ពិស​តែ​មាត់​ទេ។ មាត់​ជួន​ណា​ឃើញ​ម៉េច​និយាយ​អ៊ីចឹង​ ត្រង់​នឹង​មាត់ ស្លាប់​នឹង​មាត់ ស្លាប់​នឹង​សម្ដី។ អត់​មាន​ទៅ​ចង់​សម្លាប់​ពីណា អី​ពីណា​អត់ ចង់​បាន​តែ​ស្រុក​ហ្នឹង​បាន​ល្អ​ស្រុក​ជឿន​លឿន​ទៅ»។

លោក លឺ ឡាយ​ស្រេង បាន​ជាប់​បណ្ដឹង​ចំនួន​​ ៣ នៅឆ្នាំ​ ២០១៧ ក្រោយ​ពេល​លោក​សន្ទនា​ឯកជន​ជាមួយ លោក​ស្រី គី ​លំអង ដែល​បន្ទាប់មកបាន​បែក​ធ្លាយ​សារ​សន្ទនានោះប្រមាថ​អង្គ​ព្រះមហា​ក្សត្រ។

លោក​ក៏​ត្រូវ​បាន​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​មេធាវី​តំណាងករណីដែលថាលោក​នាយក​រដ្ឋ​មន្ត្រី​បាន​សូក​ប៉ាន់​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ទទួល​យក​កៅអី​ទំនេរ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ។

ទន្ទឹមនឹងនោះ លោក​ក៏​ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ផងដែរ ដោយ​សារ​ការ​លើក​ឡើង​ថា អ្នក​ដែល​ទទួល​តំណែង​តំណាង​រាស្រ្ត​ពី​គណប​ក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ផ្ដល់​ប្រាក់​ ២ ម៉ឺន​ដុល្លារ​ម្នាក់​ទៅ​មេដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។

កាលពីដើមឆ្នាំ​មុន លោក​ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទា​ទោស​ឲ្យ​សងជំងឺចិត្ត​ ៥០០​ លាន​រៀលឬ ១២ ម៉ឺន​ ៥ ពាន់​ដុល្លារ លើ​បណ្ដឹង​របស់​លោក​ ហ៊ុន សែន។

ក្នុង​ឃ្លីប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ លឺ ឡាយ​ស្រេង បានអះអាង​ថា ​លោក​ឈប់​និយាយ​រឿង​នយោបាយ​ទៀត​ហើយ ព្រោះ​លោក​និយាយ​ចង់​ឲ្យ​ខ្មែរ​​ល្អ​ទាំង​អស់​គ្នា។ ប៉ុន្តែ​ឥឡូវ​មក​ដល់​ពេល​នេះ​ម្ខាងៗ​គឺ​និយាយ​គ្នា​ស្ដាប់​លែង​បាន​ហើយ។

លោក លឺ ឡាយ​ស្រេង មិន​អាចសុំ​បញ្ជាក់បន្ថែម​បា​នទេ​កាល​ពី​ម្សិ​លមិញ។ប៉ុន្តែ លោក​បាន​ថ្លែង​នៅ​ចុង​បញ្ចប់​នៃវីដេអូ​ឃ្លីប​ថា៖ «ទី​បញ្ចប់​ម្ដង​ទៀត​ សម្ដេច​អើយ ធ្លាប់​ធ្វើការជាមួយ​គ្នា​ដែរ គួរ​ណាស់​អនុគ្រោះ​ឲ្យ​ខ្ញុំ​ទៅ​ស្រុក​វិញ​ទៅ បាន​ទៅ​រួប​រួម​ជាមួយ​ប្រទេស​ជាតិ ជា​មួយ​បង​ប្អូន​ទាំងអស់»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​បាន​ថ្លែង​ថា សារ​របស់​លោក​ លឺ ឡាយ​ស្រេង ​មិន​បាន​បដិសេធ​លើ​ការ​សម្រេច​របស់​តុលាការ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​សុំ​ការ​អធ្យាស្រ័យ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហើយ​អនុញ្ញាត​ឲ្យ​លោក​បង់​ប្រាក់​បន្តិចបន្តួច​ដើម្បី​ជា​និមិត្ត​សញ្ញា​នៃ​សំណង ​ជាជាង​ការ​បង់​ប្រាក់​ទាំង​ ៥០០​ លាន​រៀល។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រឹម​តែ​បន្ថែម​ការ​អំពាវនាវ​សម្រាប់​គាត់​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​គាត់​បង្ហាញ​ក្តី​អាណិត​ដល់​សហការី​ដែល​មាន​វ័យ​ចំណាស់​ម្នាក់​នេះ ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ ហើយ​ជា​មនុស្ស​ដែល​ប្រាថ្នា​ចង់​រស់​នៅ​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​លើ​ទឹក​ដី​ជា​ទី​ស្រ​ឡាញ់​របស់​លោក»។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា លោក លឺ ឡាយ​ស្រេង ​អាច​ត្រឡប់​មក​ស្រុក​ខ្មែរ​គ្រប់​ពេលដែល​គាត់ចង់ ដើម្បី​ចូលរួម​នីតិវិធី​តុលាការ​លើ​សំណុំ​រឿង​ដែល​នៅ​ដំណើរ​ការ​នៅ​តុលាការ។ ប្រសិន​បើ​មាន​សំណុំ​រឿងណា​ដែល​ចូល​ស្ថាពរ​ហើយ លោក​អាច​ស្នើ​សុំ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​តាម​រយៈ​សំណើ​ទៅ​នាយក​រដ្ឋមន្ត្រី៕